ហេតុអ្វីអគារចម្លែកខ្ពស់កប់ពពក TK Elevator Testturm ក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានទុកចោលគ្មានអ្នករស់នៅ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារខ្ពស់កប់ពពកមួយ ស្ថិតនៅភាគខាងកើតនៃតំបន់ជួរភ្នំ “Black Forest”ក្នុងប្រទេសអាល្លឺម៉ង់ មានរចនាសម្ព័ន្ធដ៏ប្លែកគួរឱ្យទាក់ទាញ ប៉ុន្តែពុំមាននរណាម្នាក់ រស់នៅក្នុងអគារស្កឹមស្កៃនេះទេ។

អគារកប់ពពកនេះ ត្រូវបានប្រសិទ្ធនាមឈ្មោះថា “TK Elevator Testturm” ដែលមានកម្ពស់ចំនួន៨០៧ហ្វីត (ប្រមាណ២៤៦ម៉ែត្រ) ហើយអគារនេះ ស្ថិតក្នុងចំណោមអគារខ្ពស់ៗបំផុ​តរបស់ប្រទេសអាល្លឺម៉ង់។

ទោះជាយ៉ាងណាក្តី អគារកប់ពពកខ្ពស់នេះមិនមានមនុ​ស្សរស់នៅនោះទេ ហើយការិយាល័យ ឬខុនដូប្រណីតនៅក្នុងអគារទាំងមូល ត្រូវបានទុកឱ្យនៅទំនេរចោល។ នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន CNN។

អគារនេះជាកម្មសិទ្ធិ របស់ក្រុមហ៊ុនផលិតជណ្តើរយន្តអាល្លឺម៉ង់ TK Elevator ដែលបានផ្គត់ផ្គង់ជណ្តើរយន្ត សម្រាប់អគារខ្ពស់ៗកប់ពពកជាច្រើន រួមទាំងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក One World Trade Center របស់ទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។

អគារ“TK Elevator Testturm”មានទីតាំងស្ថិតនៅទីក្រុង Rottweil ក្នុងរដ្ឋ Baden-Württemberg នៅភាគនិរតីនៃប្រទេសអាល្លឺម៉ង់។ ទីក្រុង Rottweil មានភាពល្បីល្បាញ ដោយសារទីក្រុងនេះ ជាមជ្ឈមណ្ឌលមជ្ឈិមសម័យ និងមានពិធីបុណ្យបែបប្រពៃណីរបស់ខ្លួនឈ្មោះ “Fasnet”។

ទីក្រុង Rottweil មានភូមិសាស្ត្រ ស្ថិតនៅចន្លោះរវាងតំបន់ជួរភ្នំ Black Forest និងតំបន់ជួរភ្នំ Swabian Alps ដែលមានចំនួនប្រជាជនរស់នៅជាង២៥.០០០នាក់ គិតត្រឹមឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមការដកស្រង់ចេញ ពីគេហទំព័រវេបសាយ Wikipedia។

អគារកប់ពពក“TK Elevator Testturm”ពុំមានមនុស្សរស់នៅឡើយ ខណៈដែលអគារនេះ ត្រូវបានសាងសង់ឡើងត្រឹមតែដើម្បីធ្វើជាមូលដ្ឋានតេស្តសាកល្បង ជណ្តើរយន្តដែលផលិតដោយក្រុមហ៊ុន TK Elevator តែប៉ុណ្ណោះ។

លោក Tomio Pihkala អ្នកជំនាញផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនផលិតជណ្តើរយន្ត Kone របស់ហ្វាំងឡង់បានអះអាងក្នុងបទសម្ភាសន៍មួយថា “អគារTK Elevator Testturm ត្រូវបានសាងសង់ឡើង ដើម្បីធ្វើការផ្ទៀងផ្ទាត់មុខងារ សុវត្ថិភាពមួយចំនួនរបស់ជណ្ដើរយន្ត ព្រោះការតេស្តមុខងារខ្លះ អាចធ្វើឡើងបានតែនៅក្នុងបរិយាកាសជាក់ស្តែងប៉ុណ្ណោះ”៕ប្រភព:CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here