អ្នកជំនាញអន្តរជាតិបង្ហើបផែនទីចង្អុលបង្ហាញផ្លូវ សម្រាប់ស្តារឡើងវិញនូវវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិនៃក្រុមហ៊ុន ASEAN Realtor បានលើកឡើងថា វិស័យអចលនទ្រព្យជាកត្តាជំរុញដ៏មានឥទ្ធិពល ស្របពេលដែលកម្ពុជាកំពុងព្យាយាមជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។

ដោយមានបទពិសោធន៍ជិត៣ទស្សវត្សរ៍ក្នុងវិស័យអចលនទ្រព្យ និងការអភិវឌ្ឍន៍អាជីវកម្មជាយុទ្ធសាស្រ្ត លោកបណ្ឌិត Alexander Evengroen បានអះអាងថា កម្ពុជាត្រូវការស្តារជាបន្ទាន់ និងត្រូវលើកកំពស់វិស័យអចលនទ្រព្យក្នុងស្រុកឱ្យស្ទុះងើបឡើងវិញដល់កម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។

អ្នកជំនាញអន្តរជាតិរូបនេះបានមានប្រសាសន៍ឱ្យដឹងបន្តថា មាគ៌ាឆ្ពោះទៅរកការស្តារឡើងវិញនូវឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា តម្រូវឱ្យមានការធ្វើផែនការយុទ្ធសាស្រ្ត ការសហការពីរដ្ឋាភិបាល និងទំនុកចិត្ត ហើយតាមរយៈការដាក់ចេញនូវវិធីសាស្រ្តជាដំណាក់កាលៗ យើងអាចធ្វើការរួមគ្នាដើម្បីស្ដារកំណើន និងជំរុញការវិនិយោគបន្ថែមទៀត។

ស្របពេលជាមួយគ្នានេះ ការពង្រឹងទំនុកចិត្តរបស់បណ្តាវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ជាតម្រូវការបន្ទាន់បំផុតមួយសម្រាប់វិស័យអចលនវត្ថុនៅកម្ពុជា។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយលើកទឹកចិត្ត ដូចជាការបន្ធូរបន្ថយពន្ធ និងការសម្រួលដល់ដំណើរការអនុម័តគម្រោងវិនិយោគ សំដៅធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះអ្នកវិនិយោគបរទេស។

លោកបណ្ឌិត Alexander Evengroen អះអាងទៀតថា ការគាំទ្រគោលនយោបាយទាំងនេះជារឿងចាំបាច់ដែលគួរធ្វើ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង ហើយការបង្កើតក្របខណ្ឌច្បាប់ឱ្យមានភាពច្បាស់លាស់ ដែលអនុញ្ញាតឱ្យជនបរទេសអាចគ្រប់គ្រងកម្មសិទ្ធិអចលនទ្រព្យ និងសិទ្ធិវិនិយោគបរទេស នឹងផ្តល់ការធានានូវទំនុកចិត្តដល់បណ្តាវិនិយោគិនក្នុងស្រុក និងបរទេស។

ម្យ៉ាងទៀត ការលើកកម្ពស់វិជ្ជាជីវៈ និងសមត្ថភាពរបស់ភ្នាក់ងារអចលនទ្រព្យក៏មានសារៈសំខាន់ផងដែរ។ ជាពិសេស ភ្នាក់ងារអចលនទ្រព្យត្រូវចេះចាប់យកបច្ចេកវិទ្យាឌីជីថលនានា ដូចជាការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ដើម្បីបង្កើតឱកាសកាន់តែច្រើនឱ្យឈានទៅដល់ដៃរបស់អតិថិជន។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាក៏ត្រូវផ្តល់អាទិភាពដល់គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ដើម្បីធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានភាពរីកចម្រើនយ៉ាងពិតប្រាកដ ដោយមានការគាំទ្រមកពីរដ្ឋាភិបាល។

នៅពេលដែលគម្រោងលំនៅដ្ឋានសង្គមមានការកើនឡើង ប្រជាជនកម្ពុជាកាន់តែច្រើននឹងមានលទ្ធភាពទិញផ្ទះ ព្រមទាំងបង្កើតតម្រូវការអចលនទ្រព្យប្រកបដោយនិរន្តរភាព ជំរុញសមធម៌សង្គម និងស្ថិរភាពសេដ្ឋកិច្ច។

ចំណែកឯ ការប្រើប្រាស់ពេលវេលាក៏ជាកត្តាដ៏សំខាន់នៅក្នុងដំណើរនៃការស្តារទីផ្សារអចលនទ្រព្យឡើងវិញផងដែរ។ តួយ៉ាង ការដាក់ចេញគំនិតផ្តួចផ្តើមបែបយុទ្ធសាស្ត្រជាដំណាក់កាលៗនឹងបង្កើតភាពធន់ និងរក្សាបាននូវសន្ទុះនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិតបានលើកឡើងនូវដំណាក់កាលចំនួន៣នៃការបែងចែកពេលវេលា ដើម្បីស្តារវិស័យអចលនទ្រព្យនៅកម្ពុជាឡើងវិញ។

-ដំណាក់កាលទី១: រយៈពេល៦ខែបន្ទាប់។

ការកែតម្រូវគោលនយោបាយ និងការលើកទឹកចិត្ត៖ រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នឧស្សាហកម្មនានាគួរតែសហការគ្នាក្នុងការរៀបចំគោលនយោបាយដើម្បីគាំទ្រការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ និងសម្រួលដល់ដំណើរការអនុម័តគម្រោង។

-ដំណាក់កាលទី២: រយៈពេលចាប់ពី៦ខែទៅ១៨ខែបន្ទាប់។

ការវិនិយោគលើលំនៅដ្ឋានតម្លៃសមរម្យ៖រដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឱ្យចាប់ផ្តើមសាងសង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដោយមានការឧបត្ថម្ភធនមួយផ្នែកពីរដ្ឋាភិបាល។

លើសពីនេះ កម្ពុជាត្រូវតែបង្កើតយុទ្ធនាការផ្សព្វផ្សាយអំពីសក្តានុពលនៃទីផ្សារអចលនទ្រព្យរបស់ខ្លួនទៅកាន់បណ្តាវិនិយោគិនបរទេស ដោយត្រូវសង្កត់ធ្ងន់លើស្ថិរភាព កំណើននៃសក្តានុពល និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល។

-ដំណាក់កាលទី៣: រយៈពេលវែង។

ការបង្កើតភាពជាដៃគូសាធារណៈ និងឯកជន (PPPs) ក្នុងរយៈពេលវែងអាចជួយផ្តល់មូលនិធិដល់គម្រោងអចលនទ្រព្យខ្នាតធំ រួមទាំងការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទីក្រុងឆ្លាតវៃ ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើនតម្រូវការអចលនទ្រព្យ។

ម៉្យាងវិញទៀត ការខិតខំស្តារឡើងវិញនូវឧស្សាហកម្មអចលនទ្រព្យ នឹងទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងស្អិតរមួតរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា បណ្តាអ្នកវិនិយោគឯកជន ក្រុមអ្នកជំនាញអចលនទ្រព្យ និងឧស្សាហកម្មសំណង់។

លោកបណ្ឌិត Alexander Evengroen បានផ្តល់ជាមតិយោបល់ថា “កិច្ចសហការគ្នានេះអាចធ្វើឡើងតាមរយៈការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកអចលនវត្ថុ ដោយប្រមូលផ្តុំក្រុមអ្នកជំនាញអចលនទ្រព្យ តំណាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្នុងវិស័យឯកជន”។

លោកបណ្ឌិតបានបន្ថែមថា កម្ពុជាអាចបង្កើតវេទិកាមួយដើម្បីពិភាក្សាអំពីបញ្ហាប្រឈម កំណត់ដំណោះស្រាយ និងធ្វើការណែនាំផ្សព្វផ្សាយអំពីគោលនយោបាយផ្សេងៗ។

ជាពិសេស បណ្តាអ្នកអភិវឌ្ឍន៍ក៏គួរតែផ្តោតការវិនិយោគលើគម្រោងអចលនទ្រព្យបៃតង ដូចជាការរៀបចំបច្ចេកទេសសាងសង់ប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ថាមពល។ ការអនុវត្តន៍បែបនេះនឹងមិនត្រឹមតែដើរស្របតាមនិន្នាការរបស់ពិភពលោកប៉ុណ្ណោះទេ។ ប៉ុន្តែ ការណ៍នេះថែមទាំងជួយធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅឆ្ពោះទៅមុខ និងទទួលខុសត្រូវចំពោះបរិស្ថានផងដែរ។

ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាមានសក្តានុពល និងជាសសរស្តម្ភដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ វិស័យនេះបានទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគអន្តរជាតិ និងបម្រើដល់តម្រូវការរបស់ប្រជាជនកម្ពុជា។

លោកបណ្ឌិត Alexander Evengroen បន្ថែមថា ស្ថានភាពនៃទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាអាចវិលត្រលប់ទៅកាន់សភាពមុនពេលផ្ទុះវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយភាពធន់ និងមានភាពស្វាហាប់ជាងមុន តាមរយៈការដាក់ចេញនូវគោលនយោបាយដែលមានគោលដៅច្បាស់លាស់ និងការយកចិត្តទុកដាក់ចំពោះទំនុកចិត្តរបស់បណ្តាវិនិយោគិនក្នុងស្រុក និងបរទេស ៕ប្រភព: LinkedIn៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here