ដោយ: គង់ លាងហួរ
អន្តរជាតិ: អាផាតមុិនថ្មីចំនួន១៩.០០០យូនីតត្រូវបានចាក់ចូលទៅក្នុងទីផ្សាររបស់ទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤។តួលេខនេះជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំ។
ថ្វីបើការផ្គត់ផ្គង់មានការកើនឡើងយ៉ាងណាក្តី ប៉ុន្តែ ចំនួននេះនៅតែមិនគ្រប់គ្រាន់ ហើយក៏មិនអាចជួយឱ្យតម្លៃអាផាតមុិននៅក្នុងទីក្រុងហាណូយស្ថិតនៅថេរបានដែរ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ការកើនឡើងនៃការផ្គត់ផ្គង់អាផាតមុិននៅឆ្នាំនេះ បានបញ្ចប់បញ្ហានៃការខ្វះខាតលំនៅដ្ឋាននៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
ប៉ុន្តែ អ្នកទិញបានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយសារតម្លៃអាផាតមុិនថ្មីជាមធ្យមបានហក់ឡើង២៦ភាគរយធៀបនឹងឆ្នាំមុនដល់ចំនួន៦៤លានដុង (ប្រហែល២.៥៣០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េនៅក្នុងត្រីមាសទី៣។
ក្រុមអ្នកវិភាគអះអាងថា មូលហេតុ ដែលនាំឱ្យតម្លៃអាផាតមុិនបន្តកើនឡើងយ៉ាងគំហុកបែបនេះបណ្តាលមកពី អាផាតមុិនថ្មីភាគច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងគម្រោង ដែលសាងសង់ឡើងដោយក្រុមអ្នកអភិវឌ្ឍន៍មួយក្តាប់តូច រួមទាំងកង្វះការប្រកួតប្រជែងក្នុងទីផ្សារ ការកើនឡើងនៃតម្លៃសំណង់ និងការទិញទុកសម្រាប់លក់ចំណេញបន្ត។
លោក Pham Duc Toan នាយកប្រតិបត្តិនៃទីភ្នាក់ងារអចលនទ្រព្យ EZ Property លើកឡើងថា“អាផាតមុិនថ្មីភាគច្រើនត្រូវបានសាងសង់ឡើងនៅក្នុងគម្រោងដែលមានស្រាប់នៅតំបន់ភាគខាងលិច និងភាគខាងកើតនៃរដ្ឋធានីហាណូយ ហើយតម្លៃអាផាតមុិនជាមធ្យមនៅទីនោះមានតម្លៃខ្ពស់រួចទៅហើយ”។
លោកបន្ថែមថា “កង្វះនៃការប្រកួតប្រជែងគ្នានៅក្នុងទីផ្សារបានបណ្តាលឱ្យអ្នកអភិវឌ្ឍន៍ផ្សេងៗមិនទាញទម្លាក់តម្លៃអាផាតមុិនរបស់ពួកគេ”។
ជាមួយគ្នានេះ លោកស្រី Nguyen Hoai An នាយកជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Hanoi បានអះអាងថា “ការលក់អាផាតមុិនថ្មីមានសភាពកាក់កបល្អ បើទោះបីជាអាផាតមុិនត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់កប់ពពកយ៉ាងណាក្តី។ហេតុនេះ ពុំមានហេតុផលអ្វី ដែលអ្នកអភិវឌ្ឍន៍ត្រូវសម្រេចចិត្តបញ្ចុះតម្លៃអាផាតមុិនរបស់ពួកគេទេ”។
លោកស្រីបានបន្ថែមថា កំណើននៃតម្រូវការអាផាតមុិនមិនត្រឹមតែបានប្រភពពីតម្រូវការលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រភពពីក្រុមអ្នកវិនិយោគ ដែលស្វែងរកទិញអចលនទ្រព្យដើម្បីគោលដៅវិនិយោគផងដែរ ខណៈការវិនិយោគលើទ្រព្យសកម្មផ្សេងទៀតមិនសូវទទួលបានផលល្អក្នុងឆ្នាំ២០២៤នេះ៕ប្រភព: Vnexpress៕