ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលបច្ចេកវិទ្យារបស់ពិភពលោកកំពុងរីកចម្រើនទៅមុខយ៉ាងលឿនឥតឈប់ឈរ សំណង់អគារអច្ឆរិយៈជាច្រើនបានផុសត្រដែតឡើងពាសពេញផ្ទៃមេឃនៅតាមទីក្រុងធំៗទូទាំងសកលលោក។
គិតមកទល់ពេលបច្ចុប្បន្ន បណ្តាប្រទេសនានា ជាពិសេសប្រទេសនៅតំបន់អារ៉ាប់បាននិងកំពុងប្រណាំងប្រជែងគ្នាក្នុងការសាងសង់អគារខ្ពស់ៗកប់ពពក ដើម្បីដណ្តើមតំណែងជាប្រទេសដែលមានអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
ខាងក្រោមនេះជាគម្រោងអគារកប់ពពកចំនួន៣ ដែលនឹងលេចត្រដែតរូបរាងឡើងទៅលើផ្ទៃអាកាសនាទសវត្សរ៍ឆ្នាំ២០៣០ខាងមុខ។
ទី១: អគារ Burj Mubarak Al Kabir
នៅពេលសាងសង់រួចរាល់នៅឆ្នាំ២០៣៥ អគារ Burj Mubarak Al Kabir មិនត្រឹមតែនឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសគុយវ៉ែតប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏នឹងក្លាយជាអគារខ្ពស់ជាងគេទូទាំងពិភពលោកទាំងមូលផងដែរ។
អគារនេះនឹងមានកម្ពស់សរុបចំនួន១.០០១ម៉ែត្រ ហើយអគារនេះនឹងមានកម្ពស់ខ្ពស់ជាងអគារ Burj Khalifa ចំនួន១៧១ម៉ែត្រ។ បច្ចុប្បន្នអគារ Burj Khalifa ជាអគារខ្ពស់ជាងគេរបស់ពិភពលោកដែលមានកម្ពស់សរុបចំនួន៨៣០ម៉ែត្រ ស្ថិតនៅទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួម។
ទី២: អគារ Lakhta Centre II
នៅពេលការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ២០៣០ខាងមុខ អគារ Lakhta Center II ដែលមានទីតាំងនៅក្នុងទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅតំបន់អឺរ៉ុប។
នាពេលបច្ចុប្បន្ន អគារ Lakhta Centre ទី១ របស់រុស្សុីជាអគារខ្ពស់ជាងគេនៅទ្វីបអឺរ៉ុបរួចជាស្រេចទៅហើយ ដែលអគារនេះមានកម្ពស់ចំនួន៤៦២ម៉ែត្រ។
គម្រោងអគារ Lakhta Centre ទី២ ឬ“Lakhta Center II”នឹងមានកម្ពស់សរុបចំនួន៧០៣ម៉ែត្រ ដែលជាប្រភេទអគារការិយាល័យ។
ទី៣: អគារ Nexus Tower
គម្រោងអគារកប់ពពក “Nexus Tower” នឹងមានកម្ពស់ចំនួន៥៩៥ម៉ែត្រ។អគារនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន។
យោងតាមក្រុមស្ថាបត្យកររបស់គម្រោងបានបញ្ជាក់ឱ្យដឹងថា គម្រោងអគារNexus Tower មានប៉មសំខាន់ៗចំនួន៣ ហើយការរចនាបែបនេះមានបំណងអនុញ្ញាតឱ្យមានពន្លឺធម្មជាតិ និងខ្យល់ចេញ-ចូលកាន់តែច្រើន៕ប្រភព: The US Sun៕