ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea
ភ្នំពេញៈ សម្លេងច្រវ៉ាច្រាវៗ កាត់ទឹករលកនៅចំណុចចាប់ផ្តើមនៃដងទន្លេរសាប កីឡាករទូក “ង” រាប់ពាន់នាក់បង្ហាញបានបន្លឺសម្លេងហ៊ោរកញ្ចៀវ ពីជ័យជម្នះរបស់ពួកគេចេញពីការប្រណាំងទូកឈ្នះ ក្នុងន័យមិត្តភាព ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ ក្រោមជំនោរត្រជាក់នារដូវរំហើយ។
ព្រះរាជពិធីដ៏ធំប្រចាំឆ្នាំនេះ ជាការជួបជុំកីឡាករ កីឡាការិនីរាប់ពាន់នាក់ ជាវេលាដែលពួកគេបង្ហាញពីមោទនភាព “ទូកង” ប្រពៃណីរបស់ពួកគេ ក្នុងទិវាដ៏មានអត្ថន័យ ដែលជាការរំលឹកដល់អតីតកាលដ៏រ៉ុងរឿង។
សម្លេងហ៊ោរកញ្ចៀវកងរំពង ពីអ្នកអង្គុយទស្សនា កំពុងបន្លឺចេញពីដងច្រាំងទន្លេរដ៏ត្រកាល អមជាមួយនឹងហ្វូងសត្វព្រាបរាប់ម៉ឺនក្បាល កំពុងហិកហើរអបអរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប ដែលមានទូកអុំ និងទូកចែវជិត៤០០គ្រឿងបានរំលេចខ្លួន និងបង្អួតសោភ័ណភាពគ្នាពេញផ្ទៃទន្លេរ ជាពិធីធំជាងគេប្រចាំឆ្នាំនៅរាជធានីភ្នំពេញ។
រាជធានីនេះ បានប្រតិស្ថានជាង៥០០ឆ្នាំមកហើយ នៅចំណុចនៃប្រជុំទន្លេរចតុមុខ ជាទីដែលមនុស្សម្នាក់មកពីជុំវិញប្រទេស បានមកជួបជុំគ្នាដើរកំសាន្ត មកអុំទូកពេលថ្ងៃ ទស្សនាតូរតន្រ្តីនាពេលរាត្រី និងដើរទិញទំនិញតាមស្តង់ របស់ក្រុមហ៊ុនជាតិ អន្តរជាតិរាប់ពាន់ ដែលដាក់បង្ហាញផលិតផលរបស់ពួកគេ នៅតាមទីកន្លែងប្រជុំតន្រ្តីនានា។
ម្លប់សន្តិភាព និងស្នាមញញឹម
ប្រជាជាតិដែលរងភាពខ្ទេចខ្ទាំ អស់រយៈពេលជាង៥០០ឆ្នាំមកនេះ បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ឡើងវិញហើយ។ ស្នាមញញឹមដ៏ស្រទន់ជាមួយកែវភ្នែក បានលេចឡើងនៅផ្ទៃមុខខេមរៈជន ដែលបានស្លោកស្រពោន កាលពីច្រើនទសវត្សរ៍កន្លងមកនេះ។
ទោះរយៈពេលប្រមាណ៥ឆ្នាំនេះ ប្រជាជាតិនេះបានរងផលប៉ះពាល់ផ្លូវចិត្ត ដោយសារវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺដ៏មហន្តរាយ និងសង្រ្គាមក្តី ក៏ឆន្ទៈស្នេហាជាតិ ឆន្ទៈឆ្ពោះទៅកាន់អនាគតដ៏ត្រកាលមួយ ពួកគេនៅតែឆ្ពោះទៅមុខឥតរុញរា ជាមួយមគ្គុទេសក៏ឆ្នើមមហាបុរសខ្លាំងកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចទាំងទ្វេរ រួមទាំងថ្នាក់ដឹកនាំដទៃទៀត កំពុងនាំខេមរៈជន ឆ្ពោះទៅកាន់វិបុលភាពជាងមុន ដោយនាំប្រទេស ឆ្ពោះទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការមកដល់សករាជមាស
សករាជមាស កំពុងក្រាលគ្របពេញផ្ទៃប្រទេស មនុញ្ញផលនៃការរីកចម្រើនសេដ្ឋកិច្ច សង្គម កម្ពុជារយៈពេល២៦ឆ្នាំ ចាប់តាំងពីកម្ពុជា ទទួលបាននូវសុខសន្តិភាព ពេញលេញលើផ្ទៃប្រទេសនេះ មេដឹកនាំប្រទេសនេះ បានបន្តជំហ៊ានយ៉ាងស្វាហាប់ ដោយបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្ត គោលនយោបាយ តាមរយៈចក្ខុវិស័យដ៏ច្បាស់លាស់ បានធ្វើឲ្យប្រទេសនេះ ក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយ ដែលប្រសិទ្ឋនាមដោយធនាគារអភិវឌ្ឍន៍អាស៊ីកាលពីឆ្នាំ២០១៦ (Cambodia New Tiger in Asia) និងបានក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥។
ការឡើងឋានៈរបស់ប្រទេសនេះ មានន័យថាអំណាចនៃការទិញរបស់ប្រជាជាតិនេះ កើនឡើងខ្ពស់ ជាហេតុធ្វើឲ្យក្រុមហ៊ុនជាតិ ពិសេសក្រុមហ៊ុនអន្តរជាតិធំៗ សម្រេចចិត្តិបោះទុនវិនិយោគយ៉ាងសម្បើម នៅរាជធានីរបស់ប្រទេសនេះ។
ជាក់ស្តែងមុខមាត់កម្ពុជា បានផ្លាស់ប្តូរទាំងស្រុង ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
អាគារខ្ពស់ៗកប់ពពក បានលេចឡើងរាជធានី ដែលធ្លាប់ជាទីក្រុងខ្មោចនាអតីតកាល មានចំនួនជាង១៧០០អាគារ។ ចំនួននេះ មិនទាន់រាប់បញ្ចូលអាគារខ្ពស់ នៅទីក្រុងព្រះសីហនុ ទីក្រុងប៉ោយប៉ែត ទីក្រុងបាវិត និងបណ្តាទីប្រជុំជន ជាប់ព្រំដែនមូយចំនួនទៀតនៅឡើយទេ។
ការរីកចម្រើនផ្សារភ្ជាប់សច្ចៈភាព
ភ្ជាប់ជាមួយនឹងព្រះរាជពិធីនេះ ប្រជាជនមកពីទូទាំងប្រទេស ដែលមានសច្ចៈភាព ពួកគេនឹងមើលឃើញទិដ្ឋភាពជាក់ស្តែងនៃការរីកចម្រើន របស់ប្រទេសធ្លាប់កំសត់មួយនេះ។
អតីតកាលជាស្រមោល បច្ចុប្បន្នជាសច្ចៈភាព អនាគតជាវិបុលភាពកំពុងកើតមាន ជាមួយជំហ៊ានដ៏ច្បាស់លាស់របស់មេដឹកនាំកម្ពុជា គឺសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងសម្តេចតេជោហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា ដែលលោកនៅតែបន្តឃ្លាំមើល ការដឹកនាំរបស់កូនប្រុសច្បងរបស់សម្តេច ពីការឆ្ពោះទៅមុខជាមួយនឹងសញ្ញាច្បាស់លាស់ ដោយ ធ្វើយ៉ាងណាជម្រុញការរីកចម្រើន សេដ្ឋកិច្ច សង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈថ្មី និងនាំប្រទេសនេះចេញពីឋានៈ ជាប្រទេសក្រីក្រនៅឆ្នាំ២០២៩ខាងមុខ។
ការឈានមកដល់សករាជថ្មី “ឆ្នាំមាសនៃកម្ពុជា” បានរងសភាពស្លោកស្រពោនបន្តិច ក្នុងរយៈពេល៥ឆ្នាំមកនេះ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា នឹងរំពឹងសម្រេចបានកំនើន ប្រមាណ៥,៦ភាគរយនៅឆ្នាំនេះ និងរំពឹងសម្រេចបានកំណើន៦,៣ភាគរយនៅឆ្នាំ២០២៥ខាងមុខ បានបង្ហាញពីសញ្ញានៃភាពធន់ កើតចេញពីការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ឋសាស្រ្ត និងចក្ខុវិស័យដ៏ច្បាស់លាស់ មុតស្រួច ពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិ បាល ដែលជាសេនាធិកាដ៏ឆ្នើមៗរបស់សម្តេចធិបតី។
រាជធានីនៃសេចក្តីអំណរ
រាជធានីនេះ ចាប់តាំងពីប្រតិស្ថានមក មិនដែលជួបនូវគ្រោះមហន្តរាយ ធម្មជាតិណាមួយធ្ងន់ធ្ងរឡើយ ផ្ទុយទៅវិញរាជធានីនេះ នៅតែស្រស់បំព្រងនាគ្រប់សម័យកាល លើកលែងតែសម័យកម្ពុជា ប្រជាធិបតេយ្យ ដែលជាអតីតកាលដ៏ឈឺចាប់ ក្នុងប្រវត្តិសាស្រ្តនៃឆ្នាំសូន្យរបស់កម្ពុជា។
ប៉ុន្តែរាត្រីថ្ងៃទី១៤ ដល់១៦ វិច្ឆិកានេះ ក៏ដូចជាបណ្តាឆ្នាំកន្លងមក ទីក្រុងនេះបានរំលេចភាពឆើតឆាយបំផុត ក្នុងពិភពលោក ជាមួយនឹងពន្លឺកាំជ្រួច សម្លេងនៃការច្រៀង ការសើចហ៊ោសប្បាយ ការរាំយ៉ាងរសរវើកជាមួយតូរតន្រ្តី។
ប្រទីបរបស់បណ្តាក្រសួងនានា បាននិងកំពុងត្រៀមរំលេច និងអូសខ្លួនគើមៗលើផ្ទៃទន្លេរសាប បង្អួតសម្រស់ និងបង្ហាញពីចក្ខុវិស័យ និងគោលនយោបាយរបស់ក្រសួងនិមួយៗ ជូនសាធារណៈជនជាតិ អន្តរជាតិបានទស្សនា។
ខែរះពេញបូរមីលើផ្ទៃទន្លេរសាប នារហូវទឹកសម្រក ជាទន្លេរដ៏កម្រមួយលើពិភពលោក ដែលមានទឹកហូរហើយ វិលត្រលប់មកវិញ។
រាជធានីនេះ ប្រទេសនេះ ពិសេសក្រសួងទេសចរណ៍គួររៀបចំផែនការលំអិត ដើម្បីផ្សព្វផ្សាយព្រះរាជពិធីបុណ្យនេះ ឲ្យបានទូលំទូលាយ ទៅកាន់ពិភពលោក ដើម្បីនាំភ្ញៀវទេសចរណ៍ អន្តរជាតិមកចូលរួមរីករាយ ព្រមទាំងបណ្តែតប្រទីបជាមួយប្រជាជាតិខ្មែរ ឲ្យបានរាប់លាននាក់ក្នុងមួយឆ្នាំៗ។
អរគុណសន្តិភាព សូមឲ្យស្នាមញញឹមនៃខេមរៈជន មាននៅលើផ្ទៃមុខដ៏ស្រទន់ និងកែវភ្នែកគ្មានមន្ទិលនេះ ជារៀងរហូត៕