ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយសង្គមពុំគ្រាន់តែជាវេទិកាសម្រាប់ការកម្សាន្ត ទំនាក់ទំនង និងបង្កើតបណ្តាញនោះទេ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏អាចជាវេទិកាដ៏មានឥទ្ធិពលមួយនៅក្នុងសហគមន៍របស់មនុស្សរស់នៅសព្វថ្ងៃផងដែរ។
នៅមុនពេលចាប់ផ្តើមយុទ្ធសាស្រ្តទីផ្សារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកសម្រាប់ការធ្វើអាជីវកម្មអេឡិចត្រូនិច អ្នកច្បាស់ជាត្រូវស្វែងយល់ពីទិដ្ឋភាពទូទៅនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាមុនសិន។
ដោយសារតែការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែទូលំទូលាយនាពេលបច្ចុប្បន្ន អ្នកគួរតែធ្វើយុទ្ធសាស្ត្រទីផ្សារ ដោយផ្តោតលើវេទិកាសង្គមទាំងឡាយណា ដែលប្រើប្រាស់ដោយអតិថិជនគោលដៅ។ ដើម្បីធ្វើដូច្នេះបាន អ្នកក៏ត្រូវស្វែងយល់ថា តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេ។
-->
ខាងក្រោមនេះវេទិកាសង្គមកំពូលទាំង៥ ដែលមានប្រជាប្រិយភាព និងមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបំផុតគិតត្រឹមខែតុលា ឆ្នាំ២០២៤។
ទី១: វេទិកាសង្គម Facebook

យោងតាមស្ថិតិចុងក្រោយបានបង្ហាញថា Facebook បន្តគ្រប់គ្រងតំណែងជាស្តេចនៃបណ្តាញសង្គម ដោយមានអ្នកប្រើប្រាស់ប្រមាណ៣,០៧ពាន់លាននាក់នៅទូទាំងពិភពលោក។ ការណ៍នោះមានន័យថា មនុស្សប្រហែល៣នាក់ក្នុងចំណោមមនុស្ស៥នាក់នៃក្រុមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសរុបប្រមាណ៥,១៧ពាន់លាននាក់នៅទូទាំងពិភពលោកជាអ្នកប្រើប្រាស់សកម្មរបស់បណ្តាញសង្គម Facebook។
មូលហេតុដែលនាំឱ្យ Facebook មានភាពលេចធ្លោលំដាប់ទី១ ដោយសារតែសមត្ថភាពរបស់បណ្តាញសង្គមនេះក្នុងការបញ្ជូនសេវាទៅដល់ដៃរបស់អ្នកប្រើប្រាស់រាប់ពាន់លាននាក់គ្រប់ប្រជាសាស្រ្តផ្សេងៗ រួមជាមួយនឹងឧបករណ៍ផ្សាយពាណិជ្ជកម្មដ៏រឹងមាំ និងការវិភាគ ព្រមទាំងការច្របាច់បញ្ចូលគ្នាយ៉ាងរលូនរវាងវេទិកា Facebook ជាមួយបណ្តាញសង្គមពេញនិយមផ្សេងទៀតរួមទាំង Instagram និង WhatsApp។
ទី២: វេទិកា YouTube

YouTube នៅតែជាវេទិកាផលិតមាតិកាវីដេអូដ៏មានឥទ្ធិពល ដែលមានអ្នកប្រើប្រាស់ចំនួន២,៥៣លាននាក់។ YouTube មិនត្រឹមតែជាវេទិកាសម្រាប់មើលវីដេអូប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏ជាវេទិកាដ៏សំខាន់សម្រាប់ការស្វែងរកផលិតផលថ្មីៗផងដែរ។
មូលហេតុដែលនាំឱ្យ YouTube មានភាពលេចធ្លោលំដាប់ទី២ ដោយសារតែទស្សនិកជនអាចចូលមើលវីដេអូដែលមានរយៈពេលវែងនៅលើ YouTube និងការជះឥទ្ធិពលខ្លាំងលើការសម្រេចចិត្តទិញតាមរយៈការផ្សាយពាណិជ្ជកម្មតាមវីដេអូ និងការវាយតម្លៃផលិតផល និង វិសាលភាពចម្រុះនៃមាតិកាដែលអាចបំពេញតាមតម្រូវការ ឬចំណាប់អារម្មណ៍របស់មនុស្សគ្រប់រូប។
ទី៣: វេទិកា Instagram

ចំណាត់ថ្នាក់ទី៣នៅក្នុងបញ្ជីនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូលទាំង៥បានទៅលើបណ្តាញសង្គម Instagram។ គេអាចប្រើប្រាស់កម្មវិធីនេះដើម្បីចែករំលែករូបថត រឿង និងវីដេអូដ៏ទាក់ទាញទៅកាន់អ្នកប្រើប្រាស់ចំនួន២ពាន់លាននាក់នៅលើពិភពលោក។
អ្នកប្រើប្រាស់ Instagram ចំនួនជាង៦០% មានអាយុចន្លោះពី១៨ឆ្នាំទៅ៣៤ឆ្នាំ។Instagram ជាវេទិកាដ៏សំខាន់សម្រាប់ក្រុមអ្នកមានឥទ្ធិពល(Influencer) និងក្រុមហ៊ុនម៉ាកយីហោល្បីៗ ដែលចង់បង្ហាញផលិតផលរបស់ពួកគេទៅកាន់ទស្សនិកជនវ័យក្មេងដ៏ច្រើនសម្បូរបែប។
ទី៤: វេទិកា WhatsApp

WhatsApp ដែលមានអ្នកប្រើប្រាស់ចំនួន២ពាន់លាននាក់ ជាកម្មវិធីផ្ញើសារឈានមុខគេនៅទូទាំងពិភពលោក ហើយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមពេញនិយមជាងគេបំផុតទី៤ ក្នុងឆ្នាំ២០២៤។
វេទិកានេះមានប្រជាប្រិយភាពជាពិសេសសម្រាប់ការទំនាក់ទំនងផ្ទាល់ខ្លួន ហើយត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយសម្រាប់គោលបំណងអាជីវកម្មតាមរយៈ WhatsApp Business ។ អ្នកប្រើប្រាស់ WhatsApp ក្នុងមួយនាក់បើកកម្មវិធីនេះជាមធ្យមចំនួន៩៣០ដងក្នុងមួយខែ។
ទី៥: វេទិកា Tiktok

ក្រោយពីបើកដំណើរការក្នុងឆ្នាំ២០១៧ TikTok បានក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយលំដាប់ពិភពលោក។ ការបង្ហោះខ្លឹមសារវីដេអូខ្លីៗនៅលើ Tiktok បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ចំនួន១,៦៩ពាន់លាននាក់ទូទាំងពិភពលោក ជាពិសេសប្រជាជនវ័យក្មេង។
TikTok ក៏ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកប្រើប្រាស់ចំណាយពេលច្រើនបំផុតផងដែរ។អ្នកនិយមលេង Tiktok ឬហៅថា“TikToker” ចំណាយពេលជាមធ្យមចំនួន៣៤ម៉ោង និង១៥នាទីលើកម្មវិធីនេះជារៀងរាល់ខែ៕ប្រភព: Shopify៕