បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យថៃភាគច្រើនរំពឹងទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញលើសពីឆ្នាំមុន

0

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុន Property DNA បានអះអាងថា ទោះបីជាមានសញ្ញាអវិជ្ជមាននៅក្នុងទីផ្សារអចលនទ្រព្យថៃយ៉ាងណាក្តី បណ្តាអ្នកអភិវឌ្ឍន៍ភាគច្រើនរំពឹងថា ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ពួកគេនឹងកើនឡើងលើសពីឆ្នាំមុន។

លោក Surachet Kongcheep នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Property DNA បានលើកឡើងថា ក្រុមហ៊ុន Sansiri រកបានប្រាក់ចំណូលខ្ពស់បំផុតក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះតាមរយៈការលក់ផ្ទះប្រណីត និងខុនដូដែលមានតម្លៃសរុបចំនួន២៨,៨៧ពាន់លានបាត។

លោកបានបន្តថា ក្រុមហ៊ុន AP Thailand បានរាយការណ៍ពីប្រាក់ចំណូលខ្ពស់ជាងគេទី២ ចំនួន២៦,៦៧ពាន់លានបាត តាមពីក្រោយដោយប្រាក់ចំណូលនៃក្រុមហ៊ុន Supalai ចំនួន២២,៧៩ពាន់លានបាត ក្រុមហ៊ុនSC Asset ចំនួន១៤,៤៥ពាន់លានបាត និងក្រុមហ៊ុន Frasers Property Thailand ចំនួន១៣,៥៣ពាន់លានបាត។

ក្រុមហ៊ុន Supalai បានរាយការណ៍ពីប្រាក់ចំណេញចំនួន៤,២០ពាន់លានបាតក្នុងរយៈពេល៩ខែដំបូង ខណៈក្រុមហ៊ុន Sansiri បានរាយការណ៍ពីប្រាក់ចំណេញចំនួន៤ពាន់លានបាត ហើយក្រុមហ៊ុន AP Thailand បានរាយការណ៍ពីប្រាក់ចំណេញចំនួន៣,៧២ពាន់លានបាតរៀងគ្នា។

ទោះបីជាប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលទាំង៣ បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះយ៉ាងណាក្តី ប៉ុន្តែលោក Surachet Kongcheep បានកត់សម្គាល់ថាប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍ផ្សេងទៀតមានទំហំលើសពី១ពាន់លានបាត។

លោក Surachet ព្យាករណ៍ថា ទំនុកចិត្តនៅក្នុងទីផ្សារអចលនទ្រព្យថៃនឹងមិនមានការប្រែប្រួលនៅក្នុងត្រីមាសទី៤នោះទេ ដោយលោកបញ្ជាក់ថា “អតិថិជនកំពុងទន្ទឹងរង់ចាំការផ្តល់កម្ចីទិញផ្ទះពីធនាគារ ជាជាងការបញ្ចុះអត្រាការប្រាក់”។

បច្ចុប្បន្ន ស្ថាប័នហិរញ្ញវត្ថុនានានៅប្រទេសថៃមានជំហរយ៉ាងតឹងរ៉ឹងក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះ។ លោកបានពន្យល់ថា ទន្ទឹមនឹងនោះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានព្យាយាមរក្សា ឬកាត់បន្ថយតម្លៃអចលនទ្រព្យ ក៏ដូចជាការដាក់ចេញនូវវិធានការដើម្បីទាក់ទាញអតិថិជន។

យ៉ាងណាមិញ លោក​បាន​បន្ថែមថា ទោះ​បី​ជា​ទីផ្សារ​អចលន​ទ្រព្យ​មិន​បង្ហាញសញ្ញាល្អប្រសើរឡើងវិញ​នៅ​ក្នុង​ឆ្នាំ​នេះ​យ៉ាងណាក្តី ប៉ុន្តែ​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​របស់​អ្នកអភិវឌ្ឍន៍​នឹង​មាន​កម្រិត​ខ្ពស់​ជាង​ឆ្នាំ​មុន៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here