ខេត្តកំពង់ស្ពឺស្វាគមន៍ក្រុមហ៊ុនលំដាប់យក្សរបស់ចិនដែលគ្រោះទុនជាង១៣០០លានដុល្លារបង្កើតតំបន់សេដ្ឋកិច្ចពិសេស

0

ដោយ: គង់ លាងហួរ

កំពង់ស្ពឺ: ក្រុមហ៊ុនចិន ARK គ្រោងទម្លាក់ទុនប្រមាណជាង១,៣ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតសួនឧស្សាហកម្ម លើផ្ទៃដី១.០០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះ។

នេះបើយោងតាមព័ត៌មាន ដែលបានលើកឡើងក្នុងជំនួបរវាងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាមួយលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤។

-->

នាឱកាសនោះ លោកស្រី ចាង វេនហ្សា បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលមានសក្ដានុពលខ្លាំង ស្របតាមចក្ខុវិស័យរបស់លោកស្រី ដែលចង់ដាក់ទុនរកស៊ី ពិសេសជាខេត្តគោលដៅសម្រាប់ក្រុមហ៊ុន ដាក់ស្នាក់ការកណ្តាល សម្រា​ប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍និងអន្តរជាតិ។

លោកស្រីបានបញ្ជាក់ថា សួនឧស្សាហកម្មដែលក្រុមហ៊ុនគ្រោងនឹងបើកនេះ ផ្តោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេ​ច​ ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើឱ្យតម្រូវការជាក់ស្តែង របស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន នៅឯប្រទេ​សចិន។

ក្នុងគម្រោងនេះ នឹងមានសួនឧស្សាហកម្មសរុបចំនួន១៤ ដែលនឹងត្រូវស្ថាបនាលើផ្ទៃដី ទំហំប្រមាណ១.០០០ហិកតា ក្រោមទុនវិនិយោគ ប្រមាណ១.៣ពាន់លានដុល្លាអាមេរិក ដោយរំពឹងថា នឹងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមា​ណ៣.០០០នាក់។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅសម្រាប់វិនិយោគរបស់ក្រុមហ៊ុន ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយលោករំពឹងថា វត្តមានសួនឧស្សាហកម្មថ្មីមួយនេះ នឹងជួយបង្កើតឱកាសការងារ ដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងបណ្តាខេត្តផ្សេងទៀត។

បើតាមនាយិកាក្រុមហ៊ុន សួនឧស្សាហកម្មថ្មីនេះ នឹងដំណើ​ការ ដោយការប្រើប្រាស់បច្ចេកវិទ្យា AI និង Technology ឧស្សាហកម្មចុងក្រោយបំផុត (360° Service System) ដែលអាចសន្និដ្ឋានបានថា ជាសួនឧស្សាហកម្ម ដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយ ឱ្យមានវត្តមាននៅកម្ពុជា។

ជាងនេះទៀត ក្រោយពេលសួនឧស្សាហកម្មមានវត្តមាន នៅខេត្តកំពង់ស្ពឺ ក្រុមហ៊ុនសន្យាថា នឹងជួយខេត្តក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ ដើម្បីឱ្យខេត្តមានសោភ័ណ្ឌភាព ដូចខេត្ត Shenzhen ឬក៏ Zhongguancun របស់ចិន នាពេលអនាគតផងដែរ។

ជាមួយនឹងការវិនិយោគនេះ ក្រុមហ៊ុន ARK Electronics Group មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែ​កដល់ការអភិវឌ្ឍ រយៈពេលវែងរបស់ខេត្តកំពង់ស្ពឺ ដោយដាក់ទីតាំងវាជាតួអង្គដ៏សំខាន់ នៅក្នុងអនាគតឧស្សាហកម្មរបស់កម្ពុជា៕