ឥណ្ឌូនេស៊ីគ្រោងឲ្យអ្នកធុរកិច្ចអន្តរជាតិវិនិយោគលើថាមពលកកើតឡើងវិញចំនួន៧៥ជីហ្គាវ៉ាត់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ី គ្រោងផ្តល់ឱកាសដល់បណ្តាអ្នកវិនិយោគអន្តរជាតិ ក្នុងការកសាងរោងចក្រថាមពលកកើតឡើងវិញ ដែលមានសមត្ថភាព ផលិតចំនួន៧៥ជីហ្គាវ៉ាត់ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

ផែនការនេះ ជាការប្តេជ្ញាចិត្តរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី ដែលបានចូលកាន់តំណែងកាលពីខែមុន។ នេះបើយោងតាមការឱ្យដឹងពីលោក Hashim Djojohadikusumo បេសកជនឥណ្ឌូនេស៊ីប្រចាំសន្និសីទអង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុឆ្នាំ២០២៤។

ឥណ្ឌូនេស៊ី ដែលជាប្រទេសបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតមួយរបស់ពិភពលោក បានប្តេជ្ញាសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០ តាមរយៈវិធីសាស្ត្រផ្សេងៗ រួមទាំងការបិទដំណើរការរោងចក្រ ថាមពលដើរដោយធ្យូងថ្ម និងដាក់ជំនួសមកវិញដោយរោងចក្រថាមពលកកើតឡើងវិញ។

លោក Hashim បានអះអាងថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេស៊ី នឹងផលិតថាមពលថ្មីចំនួន១០០ជីហ្គាវ៉ាត់ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដែលក្នុងនោះថាមពលថ្មីចំនួន៧៥% ឬស្មើនឹង៧៥ជីហ្គាវ៉ាត់នឹងក្លាយជាថាមពលកកើតឡើងវិញ។

លោក Hashim បានបន្ថែមថា គម្រោងផលិតថាមពលអាចកកើតឡើងវិញ នឹងដាក់រួមបញ្ចូលទាំងប្រភព ថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី កំដៅក្នុងផែនដី និងនុយក្លេអ៊ែរ។

យ៉ាងណាមិញ មន្ដ្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីរូបនេះ មិនបានពន្យល់បកស្រាយអំពី ផែនការផលិតថាមពលថ្មីចំនួន២៥ភាគរយផ្សេងទៀត នៃផែនការសរុបចំនួន១០០ជីហ្គាវ៉ាត់នោះទេ៕ប្រភព: Reuters៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here