ដោយស៊ីវ ម៉េង
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលបានប្រកាស បញ្ចេញមូលនិធិ៥លានដុល្លារអាមេរិក ដើម្បីលើកទឹកចិត្តសហគ្រិនថ្មីៗ តាមរយៈមូលនិធិសហគ្រិនភាព ដែលត្រូវការមូលនិធិ ដើម្បីពង្រីកសកម្មភាពរបស់ពួកគេ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបាននិងកំពុងមានប្រសាសន៍ក្នុងវេទិការដ្ឋ និងវិស័យឯកជននាព្រឹកថ្ងៃទី២៩ មិនានេះថា រដ្ឋាភិបាលនឹងបញ្ចេញថវិកា៥លានដុល្លារក្នុងមូលនិធិសហគ្រិនភាព ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើជំនួញថ្មីៗ ក៏ដូចជាក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ប៉ុន្តែសម្តេចព្រមានថា ម្ចាស់សហគ្រាសធុនតូចនិងមធ្យមទាំងនោះ បើមិនចុះបញ្ជីរទេ ពួកគេនឹងមិនទទួលបានមូលនិធិ និងមិនទទួលបានការលើកទឹកចិត្តនោះទេ។
-->
សម្តេចបន្តថា “ការលើកទឹកចិត្តដល់អ្នកចាប់ផ្តើមជំនួញថ្មី ឬសហគ្រិនថ្មីៗ ដើម្បីធ្វើឲ្យពួកគេមានឳកាសរីកចម្រើន និងអាចចាប់ផ្តើមអាជីវកម្មរបស់ពួកគេ”។
អ្នកវិភាគសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃមូលក្រុមហ៊ុនEmerging Market Consultingលោកង៉ែត ជូធ្លាប់បានមានប្រសាសន៍ថា លោកពេញចិត្តនឹងចូលរួមសហការជាមួយរដ្ឋា ភិបាល ដើម្បីផ្តល់ការបណ្តុះបណ្តាលសហគ្រិនវ័យក្មេងដោយឥតគិតថ្លៃ។
លោកបន្តថា ការមានមលនិធិសំរាប់សហគ្រិនថ្មីៗ មានសារៈសំខាន់ណាស់ ដើម្បីឲ្យពួកគេអាចចាប់ផ្តើមអាជីវកម្មរបស់ពួកគេឲ្យបានជោគជ័យ។
លោកបន្តថា “មូលនិធិនេះគួរតែជាកន្លែងភ្ញាស់សហគ្រិន ដែលចង់ចាប់ផ្តើមអាជីវកម្មថ្មីៗ ដោយត្រូវផ្តល់ការបណ្តុះបណ្តាលដល់ពួកគេ ដើម្បីឲ្យពួកគេអាចចាប់ផ្តើមអាជីវកម្មឲ្យទទួលបានជោគជ័យ”។លោកបន្តថា “ជាមួយគ្នានេះ រដ្ឋាភិបាលគួរតែមានអ្នកជំនា ញចូលរួមសិក្សាស្រាវជ្រាវពីអាជីវកម្មថ្មីៗ ដើម្បីឲ្យអាជីវកម្មពួកគេបានទទួលជោគជ័យ ព្រោះការធ្វើអាជីវកម្មភាពច្រើននៅកម្ពុជា ភាគច្រើនជាការធ្វើអាជីវកម្មតាមគ្នា”៕