ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL បានឱ្យដឹងថា តម្លៃផ្ទះនៅតំបន់ Greater Kuala Lumpur ក្នុងប្រទេសម៉ាឡេសុី ត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់ដំណាច់ចុងឆ្នាំ២០២៤នេះ។
ដោយឡែក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ អត្រាផលចំណេញត្រឡប់មកវិញពីការជួលអាផាតមុិនសរុបជាមធ្យមក្នុងប្រទេសម៉ាឡេស៊ីស្ថិតក្នុងរង្វង់៥,២៤ភាគរយ។
ចំណែក តម្លៃអាផាតមុិននៅចំកណ្តាលទីក្រុងគូឡាឡាំពួរ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ម៉ាឡេសុីមានតម្លៃខុសៗគ្នាអាស្រ័យលើទំហំយូនីត។
តួយ៉ាង អាផាតមុិនដែលមានបន្ទប់គេងចំនួន១នៅចំកណ្តាលទីក្រុងគូឡាឡាំពួរមានតម្លៃលក់ជាមធ្យមចំនួន២៥២.៨៣៩ដុល្លារក្នុងមួយយូនីត ខណៈតម្លៃជួលមានទំហំទឹកប្រាក់ចំនួន៧២៩ដុល្លារក្នុងមួយខែ។នេះបើយោងតាមវេបសាយអចលនទ្រព្យ Global Property Guide។
ជាមួយគ្នានេះ អាផាតមុិនដែលមានបន្ទប់គេងចំនួន២នៅចំកណ្តាលទីក្រុងគូឡាឡាំពួរមានតម្លៃលក់ជាមធ្យមចំនួន៣១៧.១២០ដុល្លារក្នុងមួយយូនីត ខណៈតម្លៃជួលមានទំហំទឹកប្រាក់ចំនួន៩៨៦ដុល្លារក្នុងមួយខែ។
ចំណែក អាផាតមុិនដែលមានបន្ទប់គេងចំនួន៣ មានតម្លៃលក់ជាមធ្យមចំនួន៤០២.៨២៩ដុល្លារក្នុងមួយយូនីត ខណៈតម្លៃជួលមានទំហំទឹកប្រាក់ចំនួន១.២៨៦ដុល្លារក្នុងមួយខែ។
រីឯ អាផាតមុិនដែលមានបន្ទប់គេងចំនួន៤ មានតម្លៃលក់ជាមធ្យមចំនួន៧៤៦.០៩០ដុល្លារក្នុងមួយយូនីត ខណៈតម្លៃជួលមានទំហំទឹកប្រាក់ចំនួន២.៥៧១ដុល្លារក្នុងមួយខែ៕ប្រភព: Global Property Guide៕