ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យ របស់ប្រទេសម៉ាឡេស៊ីបន្តរក្សាបាននូវសន្ទុះរបស់ខ្លួន ដោយកត់ត្រាចំនួនប្រតិបត្តិការទិញ-លក់ជាង១១២.០០០យូនីត ដែលមានតម្លៃ៥៧,៣១ពាន់លានរីងហ្គីត (ប្រហែល១២,៨៦ពាន់លានដុល្លារ) ក្នុងត្រីមាសទី៣ ឆ្នាំនេះ។
យោងតាមទិន្នន័យចុងក្រោយបំផុត របស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិម៉ាឡេស៊ី (Napic) បង្ហាញថា ទំហំ និងតម្លៃ នៃប្រតិបត្តិការបានកើនឡើង៣,១ភាគរយ និង០,៣ភាគរយរៀងគ្នា បើធៀបនឹងប្រតិបត្តិការចំនួន១០៨.៩៣៣យូនីត ដែលមានតម្លៃ៥៧,១៤ពាន់លានរីងហ្គីត នៅក្នុងត្រីមាសទី៣ដូចគ្នាកាលពីឆ្នាំមុន។
លោក Chan Wai Seen នាយកប្រតិបត្តិក្រុមហ៊ុន CCO & Associates ប្រចាំទីក្រុងគូឡាឡាំពួរបានលើកឡើងថា “វានៅតែជាទីផ្សាររបស់អ្នកទិញ។ ហេតុដូច្នេះហើយ នេះជាពេលវេលាល្អក្នុងការទិញផ្ទះ”។
លោក Chan បានថ្លែងប្រាប់កាសែត Business Times ថា “ចំនួនមួយភាគធំ នៃប្រជាជនម៉ាឡេស៊ី ជាចំនួនប្រជាជនវ័យក្មេង ហើយពួកគេមិនទាន់មានផ្ទះផ្ទាល់ខ្លួននៅឡើយ”។
លើសពីនេះ ប្រជាជនវ័យក្មេងជាច្រើន កំពុងផ្លាស់ចេញពីផ្ទះឪពុកម្តាយរបស់ពួកគេ។ ដូច្នេះហើយ ការណ៍នេះបានជួយបង្កើនតម្រូវការផ្ទះ ស្របទៅតាមការថយចុះ នៃទំហំគ្រួសារជាមធ្យម។
លោក Chan បានបន្តទៀតថា ផ្ទះដែលមានតម្លៃចន្លោះពី៣០ម៉ឺន ទៅ៥០ម៉ឺនរីងហ្គីតក្នុងមួយយូនីត ជាតម្លៃសមរម្យសម្រាប់ប្រជាជនម៉ាឡេស៊ីភាគច្រើន ជាពិសេសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងអ្នកទិញវ័យក្មេង។
លោកបានបន្ថែមថា “រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថ្មីលោកដូណាល់ត្រាំ នឹងមិនជះផលប៉ះពាល់ ដោយផ្ទាល់ទៅលើទីផ្សារអចលនទ្រព្យ របស់ប្រទេសម៉ាឡេស៊ីនោះទេ”៕ប្រភព: NST Online៕