ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាមហាសេដ្ឋីចិនមួយចំនួនបាននិងកំពុងបន្តប្រកាសដាក់លក់ឡាយឡុងផ្ទះរបស់ពួកគេនៅក្នុងទីក្រុងហុងកុង ដែលជាទីផ្សារអចលនទ្រព្យប្រណីតថ្លៃបំផុតមួយរបស់ពិភពលោកនៅឆ្នាំនេះ។
តួយ៉ាង លោក Chen Zhuolin ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Agile Group បានប្រកាសដាក់លក់ឡាយឡុងផ្ទះផ្ទាល់ខ្លួនរបស់លោកទាំង៩យូនីតនៅទីក្រុងហុងកុង បន្ទាប់ពីលោកបានទិញកាលពី៦ឆ្នាំមុន។
យោងតាមភ្នាក់ងារអចលនទ្រព្យ Centaline Property បានឱ្យដឹងថា ផ្ទះឯកជនចំនួន៩យូនីតរបស់មហាសេដ្ឋីចិនវ័យ៦២ឆ្នាំរូបនេះ មានទីតាំងក្នុងគម្រោង Hamburg Villa ស្ថិតនៅលើផ្លូវ Eastbourne ដែលមានតម្លៃ២១៣លានដុល្លារហុងកុង (ប្រហែល២៧,៣លានដុល្លារអាមេរិក)។
ផ្ទះល្វែងទាំងអស់នេះត្រូវបានដាក់លក់ក្នុងការបញ្ចុះតម្លៃចន្លោះពី៥៣ភាគរយទៅ៦៣ភាគរយ។នេះបើយោងតាមការបញ្ជាក់ឱ្យដឹងដោយសារពត៌មាន South China Morning Post។
ដោយឡែក លោក An Zhifu ប្រធានក្រុមហ៊ុន Fulin Group ដែលមានមូលដ្ឋាននៅទីក្រុង Sichuan បានប្រកាសដាក់លក់ផ្ទះល្វែងប្រណីតមួយនៅក្នុងទីក្រុងហុងកុងក្នុងតម្លៃ៦៥លានដុល្លារហុងកុង។ ចំនួននេះមានការដាំក្បាលចុះ៣៥ភាគរយបើធៀបនឹងតម្លៃដែលលោកធ្លាប់បានប្រកាសដាក់លក់ចំនួន១០១លានដុល្លារហុងកុងក្នុងឆ្នាំ២០១៦។
ស្រដៀងគ្នានេះ លោក Ho Shung Pun អគ្គនាយកក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Kowloon Investment Company ក៏បានប្រកាសដាក់លក់ផ្ទះប្រណីតចំនួន៧យូនីតរបស់លោក ក្នុងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ប៉ុន្តែ ការប្រកាសដាក់លក់ឡាយឡុងលំនៅដ្ឋានបែបអឺរ៉ុប ដែលធ្លាប់ជាកម្មសិទ្ធិរបស់លោក Hui Ka Yan អតីតប្រធានក្រុមហ៊ុនអចលនទ្រព្យយក្ស China Evergrande ទទួលបានការចាប់អារម្មណ៍ខ្លាំង។ ម្ចាស់បំណុលបានរឹបអូសយកទ្រព្យសម្បត្តិទាំងនេះដែលមានតម្លៃសរុបជាង១៩០លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនដួលរលំ។
ផ្ទះចំនួនមួយក្នុងចំណោមផ្ទះទាំងនោះត្រូវបានលក់ចេញនៅឆ្នាំនេះក្នុងតម្លៃ៥៨លានដុល្លារអាមេរិក បើធៀបនឹងតម្លៃទិញដំបូងចំនួន១៣០លានដុល្លារក្នុងឆ្នាំ២០០៩។ នេះបើយោងតាមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Knight Frank៕ប្រភព: SCMP & Vnexpress៕