ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Thailand ជឿជាក់ថា វិស័យអចលនទ្រព្យរបស់ប្រទេសថៃ នឹងទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយចិនបូក១ (China+One) របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកដូណាល់ ត្រាំ (Donald Trump)។
ក្រុមអ្នកជំនាញអះអាងថា គោលនយោបាយរបស់លោកត្រាំ នឹងជំរុញឱ្យបណ្តាក្រុមហ៊ុនបរទេស ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេ ទៅកាន់តំបន់អាស៊ាន និងប្រទេសថៃ ដើម្បីគេចចេញពីរបាំងពន្ធគយ ហើយការណ៍នឹងជួយជំរុញការលក់ដីធ្លី នៅក្នុងវិស័យឧស្សាហកម្មរបស់ថៃនៅឆ្នាំក្រោយ។
លោក Michael Glancy នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ និងឥណ្ឌូនេស៊ីលើកឡើងថា “គោលនយោបាយពន្ធ រួមជាមួយនឹងការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅផ្នែកជាច្រើន នៃពិភពលោកនឹងជំរុញឱ្យក្រុមហ៊ុនបរទេស ងាករកគោលដៅវិនិយោគ ដែលមានសក្តានុពលខ្ពស់ ដូចជា ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃ”។
អ្នកជំនាញរូបនេះបន្តថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃ កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ហើយប្រសិនបើប្រៀបធៀប នឹងបណ្តាប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ថៃត្រូវបានគេចាត់ទុកថា ជាគោលដៅដ៏ទាក់ទាញមួយសម្រាប់អ្នកវិនិយោគបរទេស”។
លោក Anawin Chiamprasert ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុនJLL បានបន្ថែមថា គោលនយោបាយរបស់លោក ត្រាំ នឹងធ្វើឱ្យប្រទេសថៃ កាន់តែមានភាពទាក់ទាញ ក្នុងចំណោមបណ្តាវិនិយោគិន ដែលកំពុងស្វែងរកទីតាំងសាងសង់ឃ្លាំង និងមជ្ឈមណ្ឌលស្តុកទិន្នន័យ នៅក្នុងតំបន់អាស៊ាន ដើម្បីបម្រើតម្រូវការទីផ្សារ ដែលកំពុងកើនឡើង។
លោក Anawin បានបន្តថា វិស័យអចលនទ្រព្យថៃ ក្នុងឆ្នាំ២០២៤នេះ បានទទួលរងសម្ពាធ ដោយសារកត្តានានាជាច្រើន រួមទាំងកត្តាសេដ្ឋកិច្ចនៅទ្រឹង ការកើនឡើងនៃបំណុលគ្រួសារ និងការរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ។
ទោះបីជាយ៉ាងណាក្តី លោកជឿជាក់ថា “ធនាគារកណ្តាលថៃ នឹងកាត់បន្ថយអត្រាការប្រាក់មួយលើកទៀត នៅដើមឆ្នាំ២០២៥ខាងមុខ។ ការណ៍នឹងកាត់បន្ថយសម្ពាធ លើទីផ្សារអចលនទ្រព្យថៃ ប៉ុន្តែអំណាចនៃការទិញ នឹងមិនស្ទុះងើបឡើងវិញភ្លាមៗនោះទេ”។
លោកកត់សម្គាល់ថា និន្នាការនេះ នឹងផ្លាស់ប្តូរទិដ្ឋភាពនៃតម្រូវការ ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំក្រោយ ជាពិសេសនៅក្នុងវិស័យលំនៅដ្ឋាន ដោយជំរុញឱ្យអតិថិជនផ្លាស់ប្តូរពីការទិញមកកាន់ការជួលវិញ ដោយមិនចាំបាច់ស្នើសុំប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។
លោក Anawin រំពឹងថា ទីផ្សារខុនដូសម្រាប់ជួលនៅតំបន់កណ្តាលរាជធានីបាងកក នឹងសម្រេចបានកំណើន៤០ភាគរយនៅឆ្នាំ២០២៥។
លោកបានបន្តថា “ជនបរទេសកំពុងស្វែងរកទិញផ្ទះទីពីរនៅក្នុងប្រទេសថៃ។ ជាពិសេស ឥឡូវនេះពួកគេមានសិទ្ធិទិញខុនដូចំនួន៤៩% នៃចំនួនយូនីតសរុប ដែលមាននៅក្នុងគម្រោងណាមួយ”៕ប្រភព: The Nation៕