អង្គការសហប្រជាជាតិព្រមានៈប្រជាជនរាប់ពាន់លាននាក់នៅលើពិភពលោកកំពុងធ្លាក់ខ្លួនរស់នៅក្នុងភាពក្រីក្រ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ(UN) បានឱ្យដឹងថា ប្រជាជនចំនួនជាង១ពាន់លាននាក់នៅលើពិភពលោក កំពុងធ្លាក់ខ្លួនរស់នៅក្នុងភាពក្រីក្រធ្ងន់ធ្ងរ ដោយចំនួនជិតពាក់កណ្តាល នៃប្រជាជនទាំងនោះរស់នៅក្នុងបណ្តាប្រទេសកំពុងជួបប្រទះសង្គ្រាម។

តួយ៉ាង យោងតាមការស្រាវជ្រាវរបស់ស្ថាប័ន UN នៅទូទាំងប្រទេសចំនួន១១២ និងប្រជាជនចំនួន៦,៣ពាន់លាននាក់បានបង្ហាញថា មនុស្សចំនួន១,១ពាន់លាននាក់ បានជួបប្រទះភាពក្រីក្រ ដោយក្នុងនោះមនុស្សចំនួន៤៥៥លាននាក់ រស់នៅក្រោមស្រមោលសង្គ្រាម។

ការស្រាវជ្រាវបានបង្ហាញទៀតថា មនុស្សប្រហែល៥៨៤លាននាក់ ដែលមានអាយុក្រោម១៨ឆ្នាំ កំពុងជួបប្រទះភាពក្រីក្រខ្លាំង ដែលស្មើនឹងចំនួន២៧,៩ភាគរយ នៃកុមារនៅទូទាំងពិភពលោក បើប្រៀបធៀបនឹងចំនួន១៣,៥ភាគរយ នៃមនុស្សពេញវ័យ។

ម្យ៉ាងទៀត ចំនួន៨៣,២ភាគរយ នៃប្រជាជនក្រីក្របំផុតរបស់ពិភពលោក កំពុងរស់នៅក្នុងអនុតំបន់ សាហារ៉ាអាហ្វ្រិក និងតំបន់អាស៊ីខាងត្បូង។

ក្នុងចំណោមនោះ ប្រទេសឥណ្ឌាជាប្រទេស ដែលមានប្រជាជនក្រីក្របំផុតច្រើន ជាងគេចំនួន២៣៤លាននាក់បើប្រៀបធៀបនឹងចំនួនប្រជាជនឥណ្ឌា សរុបប្រមាណ១,៤ពាន់លាននាក់ តាមពីក្រោយដោយប្រទេសប៉ាគីស្ថាន អេត្យូពី នីហ្សេរីយ៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

បណ្តាប្រទេសទាំង៥នេះ រួមគ្នាគ្របដណ្តប់ចំនួនជិតពាក់កណ្តាល នៃប្រជាជនក្រីក្រចំនួន១,១ពាន់លាននាក់ នៅទូទាំងពិភពលោក។

វឌ្ឍនភាពក្នុងការកាត់បន្ថយភាពក្រីក្រ បានជាប់គាំងស្រ​ប​ពេលកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះ រួមទាំងការថយក្រោ​យដោយសារវិបត្តិជំងឺរាតត្បាត។  អត្រានៃភាពក្រីក្រក្នុងបណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប មានកម្រិតខ្ពស់ជាងមុនពេលផ្ទុះជំងឺរាតត្បាត។

ដោយឡែក ធនាគារពិភពលោកបានព្យាករណ៍ថា មនុស្សចំនួន៦២២លាននាក់ ឬស្មើនឹង៧,៣ភាគរយ នៃចំនួនប្រជាជនរបស់ពិភពលោក នឹងរស់នៅក្នុងភាពក្រីក្រខ្លាំងនៅឆ្នាំ២០៣០​។ ការណ៍នេះមានន័យថា មនុស្សប្រហែល៦៩លាននាក់ត្រូវបានគេព្យាករណ៍ថា នឹងរួចផុតពីភាពក្រីក្រខ្លាំង នៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣០ បើធៀបនឹងមនុស្សប្រហែល១៥០លាននាក់ ដែលបានរួចផុតភាពក្រីក្រខ្លាំងរវាងឆ្នាំ២០១៣ និងឆ្នាំ២០១៩។

លើសពីនេះ មនុស្សចំនួន៣,៤ពាន់លាននាក់ ឬស្មើនឹងជិត៤០ភាគរយ នៃចំនួនប្រជាជនសរុប នៅលើពិភពលោកត្រូវបានព្យាករណ៍ថា នឹងរកប្រាក់ចំណូលបានតិចជាង៦,៨៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ។

ធនាគារពិភពលោកបានព្រមានថា “ប្រសិនបើកំណើនសេដ្ឋកិច្ចសកលបន្តធ្លាក់ចុះ នោះពិភពលោកនឹងចំណាយពេលរាប់ទសវត្សរ៍ ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង និងចំណា​យពេលជាង១សតវត្សរ៍ ដើម្បីជួយមនុស្សឱ្យរកប្រាក់ចំណូលបានលើសពី៦,៨៥ដុល្លារក្នុងមួយថ្ងៃ ដើម្បីចាកចេញពីបន្ទាត់នៃភាពក្រីក្រ”។

ធនាគារពិភពលោកបានផ្តល់អនុសាសន៍បន្ថែមថា “ការកែលម្អប្រាក់ចំណូល ក្នុងវិស័យកម្លាំងពលកម្ម តាមរយៈការបង្កើតការងារកាន់តែច្រើន និងកាន់តែប្រសើរ និងការវិនិយោគលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាមូលដ្ឋាននឹងមានសារៈសំខាន់ ដើម្បីជួយដល់ប្រជាជន ដែលរស់នៅក្នុងភាពក្រីក្រឱ្យទទួលបានអត្ថប្រយោជន៍កាន់តែច្រើន និងចូលរួមចំណែ​កដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ភាពធន់”៕ប្រភព: Al Jazeera & World Bank៕

LEAVE A REPLY

Please enter your comment!
Please enter your name here