ក្រៅពីគោលជំហរ “American First”តើលោកដូណាល់ត្រាំ នឹងដាក់ចេញគោលនយោបាយអ្វីខ្លះ នៅពេលលោកចូលគ្រប់គ្រងសេតវិមាននៅឆ្នាំ២០២៥?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្រោមការដឹកនាំរបស់
ប្រធានាធិបតីពីររូបចុងក្រោយរបស់សហរដ្ឋអាមេរិក រួមមានលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ចូ បៃដិន (Joe Biden) មានចក្ខុវិស័យនិងទិសដៅផ្ទុយគ្នាទាំងស្រុង នៅក្នុងការតាក់តែងគោលនយោបាយការបរទេស។

គោលនយោបាយ “American First” ឬ អាមេរិកជាអាទិភាពទីមួយ ដែលត្រូវបានតាក់តែងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការរក្សាគោលជំហរឯកតោភាគី និងផ្តោតលើការផ្តល់អាទិភាពសំខាន់ទៅដល់ផលប្រយោជន៍ជាតិរបស់អាមេរិកជាជាងផលប្រយោជន៍សកលជារួម។

ផ្អែកតាមទស្សនៈរបស់លោក ដូណាល់ ត្រាំ ដើម្បីការពារផលប្រយោជន៍សកលរបស់អាមេរិកនៅក្នុងពិភពលោកដែលកំពុងស្ថិតនៅក្នុងប្រព័ន្ធពហុប៉ូលនេះ ការណ៍នេះតម្រូវឱ្យសហរដ្ឋអាមេរិកបង្កើនសមត្ថភាពផ្នែកយោធាឱ្យរឹងមាំ ដើម្បីទប់ទល់ជាមួយនឹងតួអង្គទាំងឡាយណាដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសន្តិសុខជាតិរបស់អាមេរិក។

លោក ដូណាល់ ត្រាំ បានអនុម័តគោលនយោបាយការបរទេស “American First” ដើម្បីឆ្លើយតបទៅនឹងបញ្ហាពាណិជ្ជកម្មដែលលោកយល់ឃើញថា មិនមានភាពយុត្តិធម៌ចំពោះអាមេរិក ការគំរាមគំហែងផ្នែកយោធា និងកិច្ចព្រមព្រៀងការទូតមួយចំនួនដែលលោកជឿថា បានធ្វើឱ្យសហរដ្ឋអាមេរិកមានការខាតបង់។

លោកបានប្តេជ្ញាថា ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងប្រជាជន​អាមេរិក ត្រូវតែជាអាទិភាពទីមួយនៅក្នុងផែនការនៃគោលនយោបាយការបរទេសរបស់លោក ដោយលើកហេតុផលថា រដ្ឋបាលរបស់លោកចូ បៃដិន មិនបានយកចិត្ដទុកដាក់នឹងតម្រូវការរបស់ប្រជាជនអាមេរិក ដោយចំណាយប្រាក់ខ្ជះខ្ជាយ ដើម្បីចូលរួមអន្តរាគមន៍ចំពោះរដ្ឋដទៃ។

ដោយផ្អែកលើតួនាទីរបស់សហរដ្ឋអាមេរិកក្នុងនាមជាមេដឹកនាំពិភពលោក លោកយល់ឃើញថា បណ្តាប្រទេសផ្សេងទៀត ជាពិសេសសម្ព័ន្ធមិត្តរបស់អាមេរិក បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីសណ្តាប់ធ្នាប់ពិភពលោកសេរីនេះ ហើយពេលខ្លះ សម្ព័ន្ធមិត្តអាមេរិកបានឆ្លៀតឱកាសកេងប្រវ័ញ្ចយកផលប្រយោជន៍ទៅលើធនធាន និងអំណាចដែលផ្ដល់ឱ្យដោយអាមេរិក។

ជាមួយគ្នានឹងគោលបំណងរបស់លោកត្រាំនៅក្នុងការបម្រើផលប្រយោជន៍របស់អាមេរិកជាអាទិភាពចម្បងតាមរយៈការកសាងសមត្ថភាពយោធា លោកក៏បានធ្វើការប្រឆាំងផងដែរទៅលើបទប្បញ្ញត្តិ សន្ធិសញ្ញាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិណាមួយ ដែលមានបំណងរារាំងអាមេរិកក្នុងការស្វែងរកផលប្រយោជន៍ក្នុងពិភពលោក។

ជាក់ស្តែង លោក ត្រាំ បានប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន និងការដកសមាជិកភាពរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពិភពលោកធំៗ ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងការព្រមានបោះបង់ចោលអង្គការណាតូ។

តើលោកដូណាល់ត្រាំ មានគោលនយោបាយបែបណាចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ?

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ១០០ភាគរយលើបណ្តាប្រទេស BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណរួមដើម្បីជំនួសប្រាក់ដុល្លារអាមេរិក។

ប្លុក BRICS រួមមានមហាអំណាចរុស្ស៊ី និងចិន រួមជាមួយនឹងប្រទេសប្រេស៊ីល ឥណ្ឌា អាហ្វ្រិកខាងត្បូង អុីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម។

សារចុងក្រោយដែលលោក ត្រាំ បានថ្លែងមុននឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានកំណត់គោលដៅ BRICS ដែលជាប្លុកក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

កន្លងមក​ ក្រុមអ្នកនយោបាយជាន់ខ្ពស់នៅប្រទេសប្រេស៊ីល និងរុស្ស៊ីបានស្នើបង្កើតរូបិយប័ណ្ណរួមសម្រាប់ប្លុក BRICS ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅក្នុងពាណិជ្ជកម្មពិភពលោក។ ទោះជាយ៉ាងណាក្តី ការមិនចុះសម្រុងគ្នាផ្ទៃក្នុងកំពុងពន្យឺតដំណើរការនេះ។

លើសពីនេះ លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា បានប្រកាសថា លោកនឹងដំឡើងពន្ធ២៥ភាគរយលើផលិតផលទាំងអស់នាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ចាប់ពីថ្ងៃដំបូងរបស់លោកចូលកាន់តំណែង និងពន្ធបន្ថែម១០ភាគរយលើទំនិញមកពីប្រទេសចិន។

លោក ត្រាំ បញ្ជាក់ថា លោកនឹងដាក់ពន្ធលើប្រទេសម៉ិកស៉ិក និងកាណាដា រហូតទាល់តែពួកគេទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែន ខណៈចំណាត់ការនេះ ហាក់ដូចជាបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៉ិក-កាណាដា។

ពាក់ព័ន្ធនឹងប្រទេសចិន ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានចោទប្រកាន់ទីក្រុងប៉េកាំងថា មិនបានចាត់វិធានការមុឺងម៉ាត់ ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនខុសច្បាប់ ឆ្លងកាត់ព្រំដែនចូលទៅក្នុងសហរដ្ឋអាមេរិកពីទឹកដីម៉ិកស៊ិក។

លោកដូណាល់ ត្រាំ គំរាមដំឡើង​ពន្ធ​លើ​រាល់ទំនិញ​នាំចូលអាមេរិក ដោយគ្មាន​លើកលែង​ប្រទេសណាមួយទេ មិនថា សម្ព័ន្ធមិត្ត ប្រទេស​ជិតខាង ឬ​ប្រទេស​ដៃគូប្រជែងធំដូចជា​ចិន។

បណ្តាប្រទេស​មួយចំនួន ដូចជា ​កូរ៉េខាងត្បូង ជប៉ុន ឬ​សហភាពអឺរ៉ុប​​កំពុង​ព្រួយបារម្ភ​នឹង​គោលនយោបាយ​ដំឡើង​ពន្ធ​នាំចូល របស់​លោកដូណាល់ ត្រាំ​ និងបាន​ខិតខំរិះរក​មធ្យោបាយ​ដើម្បីត្រៀម​ឆ្លើយតបវិញ៕ប្រភព: CNN Reuters & BBC ៕

LEAVE A REPLY

Please enter your comment!
Please enter your name here