ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាក៏កំពុងពិភាក្សាជាមួយប្រទេសឡាវ និងថៃ ដើម្បីបើកច្រកព្រំដែនថ្មីៗមួយចំនួនទៀត ដើម្បីជំរុញការពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីជាមួយគ្នា។
សម្តេចតេជោ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត ដែលសាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះថា ការចចារឱ្យមានការបើកច្រកព្រុំដែននេះ ឆ្លុះបញ្ចាំងពីប្រទេសកម្ពុជាមានសន្តិភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ សម្តេចបានបន្តថា “យុទ្ធសាស្ត្រទាំងពីរនេះ គឺការប្រែក្លាយតំបន់អតីតសង្គ្រាមទៅជាតំបន់សន្តិភាព តំបន់អភិវឌ្ឍន៍ និងជាទីផ្សារ មួយវិញទៀត គឺការអនុវត្តយុទ្ធសាស្ត្រប្រែក្លាយតំបន់ ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
-->
សម្តេតេជោហ៊ុន សែនបានបន្ថែមថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាវៀតណាម ប្រហាក់ប្រហែលជិត៥០០០លានដុល្លារសហរដ្ឋអាមេរិក។ ទំហំពាណិជកម្មកម្ពុជា-ថៃ ប្រហាក់ប្រហែលជាង៦០០០លានដុល្លារអាមេរិក និងទំហំពាណិជ្ជកម្មកម្ពុជា ឡាវមានទំហំទឹកប្រាក់ប្រហែល២៨លានដុល្លារសហរដ្ឋអាមេរិក។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងដែរថា នៅពេលដែលនិយាយពីការបើកច្រកព្រំដែន លុះត្រាណាតែតំបន់នោះមានសក្តានុពលនៃការនាំចេញ និងនាំចូលនឹងធ្វើឱ្យមានលំហូរ នៃការនាំចេញនៃប្រទេសជិតខាងកាន់តែច្រើន។
លោកបណ្ឌិតបន្តថា នៅពេលបើកច្រកព្រំដែន ការនាំចេញផលិតផលដូចជាដំឡូង កៅស៊ូ ឬកសិផលរបស់កម្ពុជានឹងកាត់បន្ថយថ្លៃដើមឱ្យនៅទាប និងមានភាពងាយស្រួលសម្រាប់កសិករ តែនៅពេលដឹកទៅកាន់ឆ្លងកាត់ច្រកព្រំដែន នៅឆ្ងាយនោះនឹងត្រូវចំណាយកាន់តែច្រើន ចំពោះការដឹកជញ្ជូនហើយថ្លៃដើមក៏មានទំហំធំ ហើយមានការចំណេញបន្តិចបន្តួច។
លោកបន្តថា “ការបើកច្រកនេះពិតជាមានសារៈសំខាន់ សម្រាប់សម្រួលសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសជិតខាងប្រទេសកម្ពុជា តែរដ្ឋាភិបាលក៏ត្រូវតែគិតពីបញ្ហាប្រឈមមួយចំនួន ដូចជា បញ្ហាការកាត់បន្ថយលំហូរទំនិញពីច្រកព្រុំដែនផ្សេងទៀត និងលំហូទំនិញខុសច្បាប់ផងដែរ ដែលទាមទារឱ្យរដ្ឋាភិបាលមានការគ្រប់គ្រងច្រកព្រំដែនថ្មីឱ្យបានត្រឹមត្រូវ និងតឹងរឹងក្នុងការទប់ស្កាត់ការទំនិញឆ្លងកាត់ខុសច្បាប់”៕