ដោយ: គង់ លាងហួរ
អន្តរជាតិ: នាពេលបច្ចុប្បន្ននេះ ភាពតានតឹងផ្នែកនយោបាយកំពុងកើនឡើងនៅទូទាំងពិភពលោក មិនថា ជាជម្លោះ ឬក៏សង្គ្រាមបង្ហូរឈាមគ្នា និងវិបត្តិនយោបាយផ្ទៃក្នុង។ បញ្ហាប្រឈមនេះបានជះឥទ្ធិពលអវិជ្ជមានលើស្ថានភាពសេដ្ឋកិច្ចសកល។
នៅពេលសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ វិស័យផ្សេងៗទៀតក៏រងផលប៉ះពាល់ទៅតាមបរិបទទាំងអស់នោះផងដែរ។
យ៉ាងណាមិញ ហានិភ័យផ្នែកនយោបាយហាក់ពុំមានសារៈសំខាន់ខ្លាំងលើទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីទេ។ នេះបើយោងតាមលោក Nicholas Spiro ដៃគូនៅក្រុមហ៊ុនជំនាញផ្នែកអចលនទ្រព្យ និងប្រឹក្សាម៉ាក្រូសេដ្ឋកិច្ច Lauressa Advisory ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
-->

តួយ៉ាង ភាពចលាចលនយោបាយថ្មីៗនេះនៅប្រទេសកូរ៉េខាងត្បូង ដោយសារការប្រកាសច្បាប់អាជ្ញាសឹក ដែលនាំទៅដល់ការបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីរបស់លោក Yoon Suk-yeol បានប៉ះពាល់ដល់ទស្សនៈយល់ឃើញរបស់ក្រុមអ្នកវិនិយោគអំពីស្ថិរភាពនយោបាយក្នុងប្រទេសប្រជាធិបតេយ្យមួយនេះ។
កំណើននៃតម្លៃផ្ទះ និងការលក់អចលនទ្រព្យនៅទីក្រុងសេអ៊ូល អាចនឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោក Nicholas Spiro បញ្ជាក់ថា ការធ្លាក់ចុះនេះមិនមែនដោយសារតែវិបត្តិនយោបាយនោះទេ។

ប៉ុន្តែ ផ្ទុយទៅវិញ វាបណ្តាលមកពីចំណាត់ការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការទប់ស្កាត់មិនឱ្យតម្លៃលំនៅដ្ឋានក្នុងទីផ្សារហក់ឡើងថ្លៃខ្ពស់ពេក តាមរយៈការចាត់វិធានការរឹតបន្តឹងស្តង់ដារផ្តល់ប្រាក់កម្ចី និងការបង្កើនការផ្គត់ផ្គង់។
ជាមួយគ្នានេះ គេអាចទាញយកឧទាហរណ៍ផ្សេងទៀត ដូចជាភាពតានតឹងនយោបាយនៅទីក្រុងហុងកុង ដោយសារការផ្ទុះបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅឆ្នាំ២០១៩។ ប៉ុន្តែ តម្លៃអចលនទ្រព្យនៅហុងកុងនៅតែបន្តរក្សាភាពធន់ និងបានហក់ឡើងដល់កម្រិតកំពូលក្នុងខែសីហា ឆ្នាំ២០២១។
ម្យា៉ងវិញទៀត ទីផ្សារលំនៅដ្ឋាន និងការិយាល័យរបស់ប្រទេសឥណ្ឌានៅតែបន្តកើនឡើងឥតឈប់ឈរ ទោះបីជាគណបក្សកាន់អំណាច Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi បានបាត់បង់អាសនៈភាគច្រើនក្នុងសភានៅក្នុងការបោះឆ្នោតសកលនៃឆ្នាំ២០២៤នេះយ៉ាងណាក្តី។
ចំណែកឯ នៅក្នុងប្រទេសជប៉ុន ពុំមានសូចនាករណាមួយបង្ហាញថា អស្ថិរភាពនយោបាយ ដែលកើតឡើងបន្ទាប់ពីការបោះឆ្នោតសភាក្នុងខែតុលា បានធ្វើឱ្យទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសនេះធ្លាក់ចុះនោះទេ។

ផ្ទុយទៅវិញ បណ្តាវិនិយោគិនបរទេសបានបន្តដាក់ទុនចូលទៅកាន់ប្រទេសជប៉ុន តាមរយៈការទិញអចលនទ្រព្យក្នុងទំហំទឹកប្រាក់ដ៏ច្រើន។
ទោះជាយ៉ាងណាក្តី គេសង្កេតឃើញមានភស្តុតាង ដែលបង្ហាញថា គោលនយោបាយរបស់រដ្ឋាភិបាលមានឥទ្ធិពលខ្លាំងលើទីផ្សារអចលនទ្រព្យ។ តួយ៉ាង ការរឹតបន្តឹងរបស់រដ្ឋាភិបាលចិនក្នុងការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ បានបង្កឱ្យមានវិបត្តិទីផ្សារលំនៅដ្ឋាន ហើយនេះជាឧទាហរណ៍មួយដ៏សំខាន់បំផុត។
នយោបាយ និងគោលនយោបាយមានភាពខុសផ្សេងពីគ្នា។ នៅប្រទេសសិង្ហបុរី បទប្បញ្ញត្តិទីផ្សារលំនៅដ្ឋានជាប្រធានបទដ៏ក្តៅ។
រដ្ឋាភិបាលសិង្ហបុរីបានព្យាយាមដាក់ចេញវិធានការនានា ដូចជាការដំឡើងពន្ធប្រថាប់ត្រាលើជនបរទេស ដែលទិញផ្ទះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជននៅសិង្ហបុរី ដើម្បីធ្វើយ៉ាងណាមិនឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់កប់ពពក។
ផ្ទុយទៅវិញ ប្រជាជនសិង្ហបុរីបានសម្រុកទិញផ្ទះល្វែងប្រភេទទី២(Second-hand) ដែលសាងសង់ដោយក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) ក្រោមការគ្រប់គ្រងដោយរដ្ឋ។នេះជាបញ្ហារសើបសម្រាប់រដ្ឋាភិបាលសិង្ហបុរី។
តម្លៃផ្ទះល្វែង HDB សម្រាប់លក់ចេញបន្ត (Resale) បានកើនឡើងចំនួន១៨ត្រីមាសជាប់គ្នាដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។
ចំណែកឯ ចំនួនផ្ទះល្វែងសម្រាប់លក់បន្តក្នុងតម្លៃយ៉ាងតិច៧៤៥.០០០ដុល្លារអាមេរិកក្នុងមួយយូនីត ត្រូវបានព្យាករណ៍ថា នឹងមានចំនួនលើសពី១.០០០យូនីតនៅឆ្នាំ២០២៤នេះ កើនឡើងជាង២ដងបើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុន PropNex Realty។
លោក Nicholas Spiro បានបន្ថែមថា វិធានការគោលនយោបាយមានឥទ្ធិពលលើទីផ្សារអចលនទ្រព្យ ខ្លាំងជាងការវិវត្តន៍ផ្នែកនយោបាយ។ប៉ុន្តែគោលនយោបាយជាច្រើនត្រូវបានជំរុញបង្កើតឡើងដោយអ្នកនយោបាយ៕ប្រភព: SCMP៕
