ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាបានត្រៀមខ្លួនក្លាយជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់អាស៊ាន ខណៈផលទុនជាតិសរុបរបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន៣៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ បើធៀបនឹងចំនួន៣០,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។
ទោះជាយ៉ាងណាក្តី ការសម្រេចបាននូវភាពជោគជ័យផ្នែកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នឹងតម្រូវឱ្យមានយុទ្ធសាស្ត្រច្បាស់លាស់ កិច្ចសហការពហុវិស័យ និងការដឹកនាំប្រកបដោយចក្ខុវិស័យ។
លោកបណ្ឌិត Alexander Evengroen អ្នកយុទ្ធសាស្រ្តអាជីវកម្មអន្តរជាតិ និងជាប្រធានក្រុមហ៊ុន Evengroen Solution Group Co., Ltd. បានលើកឡើងថា វិស័យអចលនទ្រព្យជាវិស័យមួយ ដែលមានឥទ្ធិពលបំផុតនៅក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
-->

លោកបណ្ឌិតបន្តថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការធ្វើនគរូបនីយកម្ម រួមទាំងគំនិតផ្តួចផ្តើមលំនៅដ្ឋានតម្លៃសមរម្យ ដើម្បីកែលម្អជីវភាពរស់នៅរបស់គ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម។កិច្ចខិតខំប្រឹងប្រែងទាំងនេះក៏បង្កើតឱកាសការងារ និងជំរុញឧស្សាហកម្មពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ដែលមិនប៉ះពាល់ដល់បរិស្ថាន មិនត្រឹមតែទាក់ទាញបណ្តាវិនិយោគិនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរស្របតាមនិន្នាការនៃនិរន្តរភាពរបស់ពិភពលោកផងដែរ។
អ្នកជំនាញរូបនេះក៏បានលើកឡើងផងដែរអំពីសក្តានុពលរបស់ទីក្រុងនានា ដូចជាសៀមរាប បាត់ដំបង និងក្រុងព្រះសីហនុ សម្រាប់លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងសួនឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងសហគមន៍លំនៅដ្ឋាន។
ដោយឡែក វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការធ្វើទំនើបកម្មវិស័យកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដូចជា ដ្រូន ឧបករណ៍ IoT និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងគុណភាពដំណាំ។

រីឯ វិស័យកាត់ដេរ និងផលិតកម្មជាមូលដ្ឋានគ្រឹះនៃការនាំចេញរបស់កម្ពុជា និងរួមចំណែកយ៉ាងសំខាន់ដល់កំណើន GDP របស់ប្រទេសមួយនេះ ដោយក្នុងនោះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនានាដើម្បីលើកទឹកចិត្តដល់ការធ្វើពិពិធកម្មទៅរកការផលិតទំនិញដែលមានតម្លៃបន្ថែមខ្ពស់។
ចំណែក វិស័យទេសចរណ៍បានរួមចំណែកចំនួនជាង១២,១% នៃផលទុនជាតិសរុបរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ ហើយវិស័យនេះនៅតែជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។
បច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះនៃការរីកចម្រើននាពេលអនាគតរបស់កម្ពុជា។ តួយ៉ាង រដ្ឋាភិបាលបានអនុវត្តន៍យ៉ាងសកម្មនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ ដើម្បីពន្លឿននវានុវត្តន៍បច្ចេកវិទ្យា។
ជាមួយគ្នានេះ កម្លាំងពលកម្មជំនាញជាកត្តាចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនោះ រដ្ឋាភិបាលបានផ្ដល់អាទិភាពលើការអប់រំជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបំពាក់ប្រជាជនកម្ពុជានូវជំនាញស្របតាមតម្រូវការក្នុងឧស្សាហកម្មនាពេលបច្ចុប្បន្ន។

ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសក្តានុពលនៅឆ្នាំ២០២៥ កម្ពុជាគួរតែដាក់ចេញនូវយុទ្ធសាស្ត្រប្រទាក់ក្រឡាដូចខាងក្រោម៖
ទី១: ភាពជាដៃគូសាធារណៈ និងឯកជន (PPPs)៖ ការចែករំលែកការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរវាងរដ្ឋាភិបាល និងសហគ្រាសឯកជន។
ទី២: ការលើកទឹកចិត្តដល់ការវិនិយោគបរទេស៖ រដ្ឋាភិបាលត្រូវសម្រួលបទប្បញ្ញត្តិឱ្យមានភាពសាមញ្ញ និងការលើកទឹកចិត្តផ្នែកពន្ធដើម្បីទាក់ទាញបណ្តាក្រុមហ៊ុនពហុជាតិសាសន៍។
ទី៣: យុទ្ធនាការផ្សព្វផ្សាយជាសកល៖ ការលើកកម្ពស់ប្រទេសកម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលវិនិយោគ ទេសចរណ៍ និងការបង្កើតថ្មី។
និងទី៤: ស្ថិរភាពគោលនយោបាយ៖ ធានាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដើម្បីបង្កើនទំនុកចិត្តរបស់ក្រុមវិនិយោគិន។
លោកបណ្ឌិត Alexander Evengroen ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ កម្ពុជាកំពុងកំណត់ផ្លូវឆ្ពោះទៅរកឧត្តមភាពផ្នែកសេដ្ឋកិច្ច។
លោកបណ្ឌិតអះអាងបន្ថែមថា “កម្ពុជាមិនត្រឹមតែជាប្រទេសដ៏មានសក្តានុពលប៉ុណ្ណោះទេ តែកម្ពុជាក៏ជាប្រទេសមួយដែលមានភាពរីកចម្រើនផងដែរ។ ពិភពលោកនឹងទទួលស្គាល់ប្រទេសកម្ពុជានៅក្នុងពេលឆាប់ៗនេះថា ជាប្រទេសមានការច្នៃប្រឌិត ភាពធន់ និងឱកាស”៕ប្រភព: LinkedIn៕
