ដោយ: គង់ លាងហួរ
អន្តរជាតិ: ខណៈកម្ពុជាកំពុងជំរុញការប្រែក្លាយប្រទេសរបស់ខ្លួនជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា ក្នុងនាមជាស្ថាប័នមួយ ដែលត្រូវបានដាក់ឱ្យដំណើរការដោយក្រសួងទេសចរណ៍កំពុងទទួលបន្ទុកលើកិច្ចការងារនេះ។
នេះជាភាពជាដៃគូរវាងសាធារណៈ និងឯកជន ដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីអនុញ្ញាតឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ក្នុងការរៀបចំផែនការ ដោយជំរុញនូវអភិក្រមថ្នាក់ក្រោមជាតិ។នេះបើយោងតាមលោក អុិត វិចិត្រ អគ្គនាយករបស់ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា។

-->
លោកបានពន្យល់ថា “វិស័យឯកជនដឹងច្បាស់បំផុតនូវអ្វីដែលកំពុងដំណើរការ អ្វីដែលមិនដំណើរការ និងអ្វីដែលខ្វះខាត”។
ជាស្នូល រដ្ឋាភិបាលមានតួនាទីបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម ត្រួសត្រាយផ្លូវសម្រាប់ទេសចរណ៍លំដាប់អន្តរជាតិ និងអនុញ្ញាតឱ្យមានការបណ្តាក់ទុនឯកជននៅក្នុងសហគមន៍។
លោក អុិត វិចិត្រ បន្ថែមថា “នៅពេលវិស័យឯកជនរីកចម្រើន ហើយសហគមន៍រីកចម្រើន រដ្ឋាភិបាលក៏នឹងទទួលបានផលផងដែរ ហើយក្នុងគោលដៅចុងក្រោយ យើងលើកកម្ពស់ប្រទេសកម្ពុជាពីត្បូងមិនទាន់កែច្នៃ ទៅជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រីកចម្រើនប្រកបដោយនិរន្តរភាព ជាមួយនឹងភាពទាក់ទាញចម្រុះដែលផ្តោតលើវប្បធម៌ ដំណើរផ្សងព្រេង និងធម្មជាតិ”។

យុទ្ធសាស្ត្រទេសចរណ៍របស់កម្ពុជាផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ភាពទាក់ទាញ រួមទាំងឆ្នេរសមុទ្រស្រស់ស្អាត ទីតាំងសម្រាកលំហែកាយប្រកបដោយផាសុខភាព ទេសចរណ៍ធម្មជាតិ ព្រៃទឹកភ្លៀង និងបទពិសោធន៍វប្បធម៌។
ក្នុងន័យនេះ លោក អុិត វិចិត្រ បានគូសបញ្ជាក់ថា “ប៉ុន្តែ អ្វីដែលយើងនៅខ្វះខាតនោះ ជាវិធីសាស្ត្រក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាគោលដៅទេសចរណ៍ចម្រុះ”។
ការលើកកម្ពស់យុទ្ធសាស្ដ្រ “4As” រួមមានដូចជា“Accessibility Amenities Accommodations and Attractions”ឬប្រែថា “ភាពងាយស្រួល ភាពរួសរាយ កន្លែងស្នាក់នៅ និងកន្លែងទាក់ទាញ” បានក្លាយជាអាទិភាពកំពូល ដើម្បីធ្វើឱ្យកម្ពុជាសម្រេចបានសក្ដានុពលទេសចរណ៍របស់ខ្លួន។

តាមរយៈការពង្រឹងមូលដ្ឋានគ្រឹះទាំងនេះ កម្ពុជាមានគោលបំណងកែលម្អ និងបង្កើនភាពទាក់ទាញទេសចរណ៍របស់ខ្លួនឱ្យលើសពីប្រាសាទអង្គរវត្ត និងខេត្តសៀមរាប។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏មានចក្ខុវិស័យក្នុងការជំរុញភាពជាដៃគូផងដែរ ដូចជាការបង្កើនចរាចរណ៍នៃនាវាទេសចរណ៍ជាមួយប្រទេសសិង្ហបុរី និងគំនិតផ្តួចផ្តើម “ព្រះរាជាណាចក្រពីរ ទិសដៅតែមួយ”ជាមួយប្រទេសថៃ៕ប្រភព: Los Angeles Times៕

