ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលនឹងពង្រីកការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន៣សម្រាប់រយៈពេល៥ឆ្នាំខាងមុខដោយ ទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវរៀបចំផែនការវិនិយោគដោយផ្អែកលើផែនការ មេច្បាស់លាស់ ជាពិសេសវិស័យដឹកជញ្ជូនដើម្បីធ្វើការវិនិយោគជាលក្ខណៈប្រព័ន្ធ ដែលនឹង ផ្តល់ផលចំណេញរយៈពេលវែងដល់សេដ្ឋកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា រដ្ឋាភិបាលនឹងផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ទី១. ការតភ្ជាប់ផ្នែកឌីជីថលដែលជាមូលដ្ឋានសំខាន់ សម្រាប់ការរៀបចំសេដ្ឋកិច្ចឌីជីថល។
-->
ទី២. ការតភ្ជាប់ខ្សែបណ្តាញអគ្គិសនីឱ្យបានគ្រប់ភូមិនៅឆ្នាំ២០២០ និងទី៣. ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន។ ទន្ទឹមនេះ ការរៀបចំគម្រោងនីមួយៗ ក៏ត្រូវមានការរៀបចំឯកសារទស្សនាទានគម្រោងច្បាស់លាស់ និងការធ្វើអាទិភាវូបនីយកម្មគម្រោង ដោយមានការគិតគូរម៉ត់ចត់ទៅលើគ្រប់ទិដ្ឋភាពទាំងទិដ្ឋភាពហិរញ្ញវត្ថុសង្គមនិងបរិស្ថាននិងបច្ចេកទេសរួមទាំងផែនការប្រមូលចំណាយគម្រោងមកវិញ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឱ្យ ADB ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់ការរៀបចំ Fin-Tech ជាមួយនឹងធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំនូវថ្នាលទូទាត់ជាតិក្នុងគោលបំណងកត់ត្រា និងតាមដាននូវការទូទាត់លើការធ្វើពាណិជ្ជកម្មតាមអេ ឡិចត្រូនិក ហើយកិច្ចការនេះនឹងក្លាយជាមូលដ្ឋានសម្រាប់បម្រើឱ្យរៀបចំគោលនយោបាយ សារពើពន្ធលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក នាពេលអនាគត។
លោករដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការទទួលហិរញ្ញប្បទានកម្រិតធំជាងមុន ដោយបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់លទ្ធភាពពង្រីកទំហំហិរញ្ញប្បទានបន្ថែមទៀតដោយធ្វើចងក្រងគម្រោងជាចង្កោមហើយការវិនិយោគនេះទៀតសោតត្រូវផ្សាភ្ជាប់ជាមួយកសាងសមត្ថភាពស្ថាប័ន។លោកបន្ថែថា ឯកសារយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់ អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ នឹងដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តរួមមួយ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវ គោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល ខ្ពស់នៅឆ្នាំ២០៥០៕