ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ជំនួយឥតសំណងទ្វេរភាគី ប្រមាណជាង ៦០០ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣% នៃទំហំហិរញ្ញប្បទានទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍មកដល់កម្ពុជា។

ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ជំនួយឥតសំណងទ្វេរភាគី ប្រមាណជាង ៦០០ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣% នៃទំហំហិរញ្ញប្បទានទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍មកដល់កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា ទំហំហិរញ្ញប្បទាននេះមិនរាប់បញ្ចូលហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់ផ្តល់ដល់កម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកល សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ ស្ថាប័នហិញ្ញរញ្ញវត្ថុអន្តរជាតិ និងស្ថាប័នពហុភាគីដទៃទៀតឡើយ។ ជំនួយនេះគិតចាប់ពីឆ្នាំ ១៩៩២ ដល់ ឆ្នាំ ២០១៨ ពោលមានរយៈពេល ២៦ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ជាមួយគ្នានេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបើកកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលចំនួន៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឯកភាពលើសេចក្តីព្រាងរបៀបវរៈ កំណត់ភារកិច្ចរបស់ក្រសួង-ស្ថាប័នតាមរបៀបវារៈនីមួយៗ និងបញ្ហាផ្សេងៗ ដើម្បីសម្រាប់កិច្ចចចារជាមួយភាគីមិត្តនាពេលខាងមុខផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋអាល្លឺម៉ង់ តែងតែរៀបចំកិច្ចចចារទ្វេភាគីស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជារៀងរាល់២ឆ្នាំម្តង ហើយកិច្ចចចារនាឆ្នាំនេះ គឺជាកិច្ចចចារលើកទី១៣ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ក៏ដូចជាដើម្បីពិភាក្សា និងឯកភាពជាលើកចុងក្រោយលើសំណើគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងការសន្យាផ្តល់ហិរញ្ញប្បទាន របស់រដ្ឋាភិបាលអាល្លឺម៉ង់ដល់កម្ពុជារយៈពេល២ឆ្នាំ២០១៩-២០២០ ដែលត្រូវបានស្នើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះ ផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៣ រួមមាន ១)វិស័យសុខាភិបាល (គាំពារសុខមាលភាពសង្គម និងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ) ២)វិស័យអភិវឌ្ឍន៍ជនបទ និង ៣) វិស័យអភិបាលកិច្ច ដែលសុទ្ធសឹងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕