តើកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកើនដល់ប៉ុន្មានទីតាំងហើយ?

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងបន្តដើរតួនាទីសំខាន់ក្នុងការទាក់ទាញការវិនិយោគ លើវិស័យឧស្សាហកម្មមកកាន់កម្ពុជា។

    យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញក្នុងពិធីមួយ នៅខេត្តស្វាយរៀង កាលពីចុងសប្តាហ៍មុនថា តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញ ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន៥២តំបន់ ដែលកំពុងដំណើរការមានចំនួន២៨តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង១១,៧ពាន់លានដុល្លារអាមេរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង១៩,៥ម៉ឺនកន្លែង។

ដោយឡែក នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ៣ពាន់លាន ដុល្លារអាមេរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករ និយោជិតប្រមា​ណ៩៨,០០០កន្លែង។

សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត បានស្រូបយកគម្រោងវិនិយោគចំនួន១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគ ផលិតសំបកកង់យានយន្តចំនួន២ ដែលបោះទីតាំងវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះមានគម្រោងវិនិយោគមួយ ដែលយើងកំពុងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here