ដោយ: គង់ លាងហួរ
ប៉េកាំង: រដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិនៃប្រទេសចិន (NFRA) បានប្រកាសឱ្យដឹងថា ចំនួនប្រាក់កម្ចី ដែលត្រូវបានអនុម័តសម្រាប់គម្រោងអចលនទ្រព្យ“បញ្ជីស” របស់ប្រទេសចិនបានកើនឡើងដល់ទំហំទឹកប្រាក់លើសពី៥ទ្រីលានយ័ន(ប្រហែល៦៩៥,៥ពាន់លានដុល្លារអាមេរិក)។
ស្ថាប័ន NFRA បានគូសបញ្ជាក់ទៀតថា ហានិភ័យនៃបណ្តាស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និងមធ្យមរបស់ប្រទេសចិនត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយយន្តការ “បញ្ជីស” មានប្រសិទ្ធភាព។
កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីពន្លឿនការធ្វើកំណែទម្រង់ និងការកាត់បន្ថយហានិភ័យនៃបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុខ្នាតតូច និងមធ្យម និងដើម្បីជួយដល់ស្ថាប័នដែលមានហានិភ័យខ្ពស់។
-->

រដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិនៃប្រទេសចិន (NFRA) ក៏បានអះអាងផងដែរពីការប្តេជ្ញាចិត្តក្នុងការពង្រីកយន្តការ“បញ្ជីស” និងបង្កើនប្រសិទ្ធភាពរបស់យន្តការនេះ និងបង្កើតគំរូអភិវឌ្ឍន៍ថ្មីនៃវិស័យអចលនទ្រព្យក្នុងស្រុក។
យន្តការ “បញ្ជីស” ត្រូវបានចាប់ផ្តើមអនុវត្តន៍នៅក្នុងខែមករា ឆ្នាំ២០២៤ ខណៈអាជ្ញាធរមូលដ្ឋានកំពុងលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុនានាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គម្រោងអចលនទ្រព្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
យន្តការ “បញ្ជីស”នេះត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងដើម្បីធានាឱ្យបាននូវការសាងសង់បញ្ចប់គម្រោងលំនៅដ្ឋានដែលមិនទាន់រួចរាល់ ដើម្បីអាចប្រគល់ជូនអ្នកទិញ។

យន្តការនេះក៏បានក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការស្តារឱ្យវិស័យអចលនទ្រព្យមានស្ថិរភាពឡើងវិញផងដែរ និងជំរុញទំនុកចិត្ត បន្ទាប់ពីរងគ្រោះដោយសារបញ្ហាបំណុលរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។
រដ្ឋាភិបាលចិនបានលើកឡើងថា ការធានាការប្រគល់ផ្ទះជាកិច្ចការសំខាន់មួយក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យប្រកបដោយស្ថិរភាព និងសុខភាពល្អ ហើយនេះជាសកម្មភាពជាក់ស្តែងមួយ ដែលប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃការអភិវឌ្ឍន៍ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើប្រជាជន និងឆ្លើយតបនឹងកង្វល់របស់សាធារណជន។
លើសពីនេះ យន្តការ “បញ្ជីស”ក៏ជាវិធានការយ៉ាងរឹងមាំមួយក្នុងការការពារ និងដោះស្រាយហានិភ័យអចលនទ្រព្យ ព្រមទាំងដើម្បីលើកកម្ពស់ស្ថិរភាព និងជំរុញការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ៕ប្រភព: Xinhua ៕
