កម្ពុជាជាប់ចំណាត់ថ្នាក់ជាគោលដៅវិនិយោគអាទិភាពមួយរបស់បណ្តាស្ថាប័នហិរញ្ញវត្ថុមកពីអាមេរិក និងអឺរ៉ុប

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិមួយបង្ហាញថា កម្ពុជាត្រូវបានចាត់ថ្នាក់ជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅអាទិភាពកំពូលទាំង២០ សម្រាប់ការវិនិយោគ ឬការអភិវឌ្ឍន៍អាជីវកម្មដោយបណ្តាស្ថាប័នហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។

ការស្ទង់មតិថ្មីនេះត្រូវបានរៀបចំឡើងដោយធនាគារយក្ស Standard Chartered ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយធ្វើការស្ទង់មតិលើបណ្តាស្ថាប័នហិរញ្ញវត្ថុ ដែលមានទីស្នាក់ការកណ្តាលនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកចំនួន៤០០ស្ថាប័ន។

ជាលទ្ធផល កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមគោលដៅវិនិយោគអាទិភាពចំនួន២០នៅឆ្នាំ២០២៥នេះ ដោយយកឈ្នះដៃគូក្នុងតំបន់ ដូចជាប្រទេសថៃ ដែលបានជាប់ចំណាត់ថ្នាក់ទី១៥ និងប្រទេសវៀតណាម ដែលជាប់ចំណាត់ថ្នាក់ទី២០ចុងក្រោយគេ។

ប្រទេស​ចិន​បាន​កាន់កាប់តំណែង​លេខ​១ ក្នុង​នាម​ជា​គោលដៅ​អាទិភាព​ខ្ពស់​ជាងគេបំផុត​សម្រាប់​ការ​វិនិយោគ​ថ្មី​ដោយ​បណ្តាស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមប្រទេសលោកខាងលិច តាម​ពីក្រោយ​ដោយ​ប្រទេស​ឥណ្ឌា និងប្រេសុីល ដែលជាប់ចំណាត់ថ្នាក់ទី២ និងទី៣រៀងគ្នា។

ដោយឡែក បណ្តាប្រទេសសមាជិកអាស៊ានដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានចំណាត់ថ្នាក់ទី៤ ទី៥ ទី៦ និងទី៧រៀងគ្នា។

លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញឱ្យឃើញថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាសុីកំពុងទាក់ទាញក្រុមអ្នកវិនិយោគមកពីបណ្តាប្រទេសអភិវឌ្ឍន៍កាន់តែច្រើន ដូចជាធនាគារ និងស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមប្រទេសខាងលិចជាដើម។

លោកស្រី Molly Duffy មន្ត្រីជាន់ខ្ពស់នៃធនាគារ Standard Chartered បានលើកឡើងថា “បណ្តាប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន ដូចជាឥណ្ឌា ហ្វីលីពីន វៀតណាម និងបង់ក្លាដែស នឹងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតលើពិភពលោក ហើយផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការចាក់បញ្ចូលដើមទុន”៕ប្រភព: Asian Business Review៕

LEAVE A REPLY

Please enter your comment!
Please enter your name here