ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta បានសម្រេចលុបចោលនូវមុខងារ “fact-checking” នៅលើកម្មវិធីបណ្តាញសង្គមធំៗទាំង៣ របស់ខ្លួន រួមមានដូចជា Facebook Instagram និង Thread។
ការសម្រេចចិត្តបែបនេះត្រូវបាននាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Meta លោកមហាសេដ្ឋី Mark Zuckerberg ចាត់ទុកថា ជាការបោះជំហានមួយឈានទៅស្តារឡើងវិញនូវសិទ្ធិសេរីភាពបញ្ចេញមតិឱ្យបានទូលំទូលាយនៅលើកម្មវិធីបណ្តាញសង្គមរបស់ខ្លួន។
លោកបានមានប្រសាសន៍ឱ្យដឹងថា“ពួកយើងនឹងត្រឡប់ទៅកាន់អ្វី ដែលយើងធ្លាប់មានកាលពីពេលមុន ហើយផ្តោតលើការកាត់បន្ថយការបង្កកំហុស។ គោលនយោបាយ ឬ Policy ថ្មីរបស់យើងនឹងមានភាពសាមញ្ញជាងមុន ដើម្បីធ្វើឱ្យការបញ្ចេញមតិលើបណ្តាញសង្គម Facebook កាន់តែមានភាពងាយស្រួល”។
-->

យោងតាមការគូសបញ្ជាក់របស់លោក Mark Zuckerberg បានឱ្យដឹងថា ក្រុមហ៊ុន Meta នឹងលុបចោលនូវមុខងារ “fact-checkers” ហើយដាក់ជំនួសមកវិញនូវមុខងារ “Community Notes” ដែលមានសភាពស្រដៀងគ្នាទៅនឹងកម្មវិធីបណ្តាញសង្គម X របស់លោកមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla។
ការលុបចោលការរឹតត្បិតទៅលើមាតិកា ឬ contents ដែលខុសពីគោលនយោបាយរបស់កម្មវិធី Facebook Instagram និង Threads ត្រូវបានគេជឿជាក់ថា ជាការសម្រេចចិត្តរបស់លោក Mark Zuckerberg ដើម្បីកសាងទំនាក់ទំនងល្អឡើងវិញជាមួយ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ មុនពេលលោកស្បថចូលកាន់តំណែងនៅក្នុងសេតវិមានជាផ្លូវការនៅថ្ងៃទី២០ ខែមករាឆាប់ៗខាងមុខ។
លើសពីនេះ គេក៏បានសង្កេតឃើញនាយកប្រតិបត្តិក្រុមហ៊ុន Meta រូបនេះ បានចូលរួមទទួលទានអាហារជាមួយលោកដូ ណាល់ត្រាំ ដើម្បីពិភាក្សាគ្នា ហើយលោក Mark បានបរិច្ចាគថវិកាចំនួន១លានដុល្លារអាមេរិកដល់មូលនិធិរបស់លោកត្រាំ៕ប្រភព: CNBC៕
