ក្រុមហ៊ុន Trump Organization គ្រោងសាងសង់គម្រោងអគារខុនដូចំនួន៧ ដែលមានតម្លៃចាប់ពី២លានដុល្លារក្នុងមួយយូនីត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរមូលដ្ឋានបានសម្រេចអនុម័តឱ្យក្រុមហ៊ុន Trump Organization សាងសង់គម្រោងខុនដូ ក្រោមទុនវិនិយោគចំនួន៣ពាន់លានដុល្លារអាមេរិកនៅរមណីយដ្ឋានវាយកូនហ្គោលរបស់ខ្លួននៅក្នុងទីក្រុង Miami នៃរដ្ឋ Florida។

ទីភ្នាក់ងារសារពត៌មាន Bloomberg បានរាយការណ៍ថា អាជីវកម្មគ្រួសាររបស់ប្រធានាធិបតីអាមេរិកលោកដូ ណាល់ត្រាំ Donald Trump នឹងសាងសង់អគារខុនដូកម្ពស់២០ជាន់ចំនួន៥អគារ នៅរមណីយដ្ឋាន Trump National Doral។

នាពេលបច្ចុប្បន្ន តម្លៃ​រមណីយដ្ឋាន​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ទំហំទឹកប្រាក់ប្រហែល៣៥០លាន​ដុល្លារ​អាមេរិក ហើយរំពឹង​ថា​ នឹង​កើនឡើងបន្ថែមទៀត នៅពេលដែល​អគារ​ខុនដូទាំងនេះត្រូវបានសាងសង់បញ្ចប់រួចរាល់។

លោក Eric Trump អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Trump Organization បានលើកឡើងថា “វាពិតជាមិនគួរឱ្យជឿ ដែលគម្រោងនេះទទួលបានការគាំទ្រជាឯកច្ឆ័ន្ទពីអាជ្ញាធរមូលដ្ឋាន”។

លោក Eric Trump បានបញ្ជាក់បន្ថែមថា “យើងនឹងកសាងអ្វីមួយដែលមនុស្សគ្រប់គ្នានឹងមានមោទនភាពមិនគួរឱ្យជឿ”។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Bloomberg។

ក្រុមហ៊ុន Trump Organization បានស្នើគម្រោងនេះជាលើកដំបូងក្នុងឆ្នាំ២០២២។ គម្រោងនេះនឹងរួមមានចំនួនលំនៅដ្ឋានជិត១.៥០០យូនីត សណ្ឋាគារចំនួន៤៧០បន្ទប់ និងតំបន់ពាណិជ្ជកម្មទំហំ១៣.១៦០ម៉ែត្រការ៉េ។

លោក Felix Lasarte សមាជិកក្រុមអ្នកបញ្ចុះបញ្ចូល ឬហៅថា “Lobby” របស់ក្រុមហ៊ុន Trump Organization បានបង្ហើបឱ្យដឹងថា ខុនដូនីមួយៗនឹងមានតម្លៃចាប់ពី២លានដុល្លារក្នុងមួយយូនីត។នេះបើយោងទៅតាមកាសែត Miami Herald៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here