ដោយ: គង់ លាងហួរ
បាងកក: បណ្តាអតិថិជន ដែលមានបំណងទិញផ្ទះនៅប្រទេសថៃក្នុងឆ្នាំ២០២៥នេះអាចនឹងទិញបានផ្ទះក្នុងតម្លៃថោកជាងមុន ខណៈក្រុមអ្នកជំនាញរំពឹងថា អ្នកអភិវឌ្ឍន៍នឹងកាត់បន្ថយការបើកសម្ពោធគម្រោងថ្មី និងផ្តល់អាទិភាពដល់ការលក់ផ្ទះនៅសេសសល់ពីឆ្នាំចាស់។
លោក Prasert Taedullayasatit ប្រធានសមាគមខុនដូថៃ បានអះអាងថា “ឆ្នាំ២០២៥នេះនឹងក្លាយទៅជាពេលវេលាដ៏អំណោយផលសម្រាប់អ្នក ដែលត្រៀមទិញផ្ទះ និងផ្ទេរកម្មសិទ្ធិផ្ទះ”។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “អ្នកអភិវឌ្ឍន៍នានាគ្រោងប្រមូលកៀរគរសាច់ប្រាក់ តាមរយៈប្រាក់ចំណូលពីការលក់ឡាយឡុងផ្ទះដែលនៅសេសសល់លក់មិនដាច់កាលពីឆ្នាំមុន ស្របពេលលក្ខខណ្ឌទីផ្សារមិនសូវអំណោយផល”។
-->

លោកបានបន្ថែមថា អ្នកអភិវឌ្ឍន៍លំនៅដ្ឋានក៏ប្រឈមមុខនឹងការលំបាកក្នុងការទូទាត់សងបំណុលនៅឆ្នាំនេះ ដោយសារក្រុមហ៊ុនទាំងនោះជួបប្រទះឧបសគ្គក្នុងការបោះផ្សាយលក់បណ្ណបំណុលថ្មី។
លោក Prasert បានបន្តទៀតថា “ការលក់លំនៅដ្ឋាន មុនពេលសាងសង់រួចរាល់(Pre-sale) សរុបនៅទីក្រុងបាងកកបានដាំក្បាលចុះ៣១% មកនៅត្រឹមទំហំទឹកប្រាក់ប្រហែល២២២ពាន់លានបាតក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំមុន”។
លោកបញ្ជាក់បន្ថែមថា “ការណ៍នេះនឹងជះផលប៉ះពាល់ដល់ការផ្ទេរកម្មសិទ្ធិ និងប្រាក់ចំណូលរបស់អ្នកអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៥ ជាពិសេសផ្នែកខុនដូ”។

លោក Sorapong Jakteerungkul អ្នកវិភាគនៅក្រុមហ៊ុន Kasikorn Securities Plc បានលើកឡើងថា “ទីផ្សារលំនៅដ្ឋានថៃនៅឆ្នាំ២០២៥ អាចប្រឈមមុខនឹងបញ្ហាប្រឈមធំៗ ជាពិសេសនៅឆមាសទីមួយនៃឆ្នាំនេះ ដោយសារអ្នកអភិវឌ្ឍន៍បន្តអនុវត្តន៍យុទ្ធសាស្រ្តលក់ឡាយឡុងផ្ទះនៅសេសសល់”។
លោកបានបន្ថែមថា “ស្ថានភាពអវិជ្ជមាននៃការលក់ផ្ទះនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ បានធ្វើឱ្យការលក់ផ្ទះពេញមួយឆ្នាំ២០២៤ ទាំងមូលធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំ២០២៣”៕ប្រភព: Bangkok Post៕
