តំបន់អាស៊ានគ្រោងធ្វើការរួមគ្នាលើកម្មវិធីទិដ្ឋាការទោលសម្រាប់ភ្ញៀវទេសចរណ៍ ខណៈម៉ាឡេសុីធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត Utusan Malaysia បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេសុីលោក Mohamad Hasan ថា “ក្នុងនាមជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ប្រទេសម៉ាឡេស៊ីកំពុងដឹកនាំរបៀបវារៈក្នុងការរៀបចំផែនការ និងអនុវត្តន៍កម្មវិធីទិដ្ឋាការទោលសម្រាប់ភ្ញៀវទេសចរណ៍”។

កិច្ចខិតខំប្រឹងប្រែងនេះស្របតាមគំនិតផ្តួចផ្តើមនៃការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន ខណៈបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់គ្រោងនឹងធ្វើការរួមគ្នាដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចទៅវិញទៅមក។

លោក Mohamad ត្រូវបានដកស្រង់សម្តីមកចុះផ្សាយថា “ភ្ញៀវទេសចរណ៍ជាច្រើនបានធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី និងបន្តដំណើរកំសាន្តទៅកាន់ប្រទេសសិង្ហបុរី ឬថៃ។ ទោះជាយ៉ាងនេះក្តី ពួកគេជួបប្រទះនឹងឧបសគ្គជាច្រើន ហើយឧបសគ្គទាំងអស់នោះពាក់ព័ន្ធនឹងបញ្ហារដ្ឋបាល”។

គំនិត​ផ្តួចផ្តើមក្នុងការបង្កើត​កម្មវិធីទិដ្ឋាការ​ទោលរួម​គ្នានេះត្រូវ​បាន​ស្នើ​ឡើង​ដំបូង​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីឆ្នាំ២០២៤។ ដើម​ឡើយ​ គំនិត​ផ្តួចផ្តើមនេះគ្របដណ្តប់លើបណ្តា​ប្រទេស​សមាជិកអាស៊ាន​ចំនួន៦ រួមមានថៃ វៀតណាម ម៉ាឡេស៊ី ឡាវ កម្ពុជា និង​មីយ៉ាន់ម៉ា។

គំនិតផ្តួចផ្តើមនេះយកលំនាំតាមកម្មវិធីទិដ្ឋាការ“Schengen”របស់សហភាពអឺរ៉ុប(EU) ដែលអនុញ្ញាតឱ្យជនបរទេសអាចស្នាក់នៅរយៈពេល៩០ថ្ងៃ និងអាចធ្វើដំណើរឆ្លងដែនទៅមកដោយសេរីរវាងបណ្តាប្រទេសអឺរ៉ុបចំនួន២៩ ដោយប្រើប្រាស់ទិដ្ឋាការតែមួយ។

ប្រទេសម៉ាឡេស៊ី និងថៃបានពឹងផ្អែកខ្លាំងចំពោះវិស័យទេសចរណ៍ដើម្បីស្រូបទាញលំហូររូបិយបណ្ណបរទេស ជាពិសេសប្រាក់ដុល្លារអាមេរិកដើម្បីទ្រទ្រង់សេដ្ឋកិច្ច ព្រមទាំងបង្កើតប្រាក់ចំណូល និងឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន៕ប្រភព: The Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here