ដំណឹងល្អៈ តំបន់សេដ្ឋកិច្ចពិសេសចំនួន១០ត្រូវបានអនុម័តនៅកម្ពុជាជាមួយទុនវិនិយោគ៨៥០លានដុល្លារ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​កម្ពុជា​​ក្នុង​ឆ្នាំ​២០២៤ បានទាក់​ទាញ​​វិនិយោគិន​មក​​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​ចំនួន១០​ ដែល​មាន​ទុនចុះបញ្ជី​​សរុប​ប្រមាណ៨៥០លាន​ដុល្លារ ខណៈ​ការនាំចេញទំនិញរបស់​តំបន់សេដ្ឋកិច្ចពិសេស​ទាំង​អស់​នៅ​កម្ពុជា​ មាន​ទឹក​ប្រាក់​​ជាង៥ពាន់លាន​ដុល្លារ។

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី ក្នុង​ពិធី​​សម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ កាលពី​ពេល​ថ្មីៗ​នេះបាន​និយាយ​​​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​លើ​ការ​អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស បានចូលរួមចំណែក​យ៉ាង​ច្រើន ​ក្នុង​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ​ឱ្យ​បោះ​ជំហាន​ទៅមុខ​យ៉ាង​លឿន​ តាម​រយៈ​ការ​លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង​នៅក្នុងតំបន់ និង​ពិភពលោក​ ការ​បង្កើនផលិតភាព ការពង្រីកទីផ្សារនាំចេញ ព្រមទាំងបានចូលរួមប្រែក្លាយឧស្សា​ហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលមានបច្ចេកវិទ្យានិងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។

លោកបាន​បញ្ជាក់​​​ថា ក្នុង​ឆ្នាំ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត ​លើ​​គម្រោងវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០គម្រោង ក្រោម​​ទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបាន៤ពាន់កន្លែង។

ឧស្សាហកម្ម នៅតែជាវិស័យឈានមុខគេ​ ដែលបានស្រូបទាញការវិនិយោគច្រើន។ ​ក្នុងឆ្នាំ២០២៤ ទុន​វិនិយោគ​ក្នុង​វិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ៦៩ភាគរយ ​នៃទុនវិនិយោគសរុប​ដែល​បាន​អនុម័តដោយCDC​។

លោក​បាន​ថ្លែង​ថា “រំហូរវិនិយោគចូលមកកម្ពុជា នឹងបន្តកើនឡើងថែមទៀត ដោយផ្អែកលើនិន្នាការ នៃការផ្លាស់ប្តូរមូលដ្ឋានផលិត​កម្មរ បស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានា របស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា”។

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ស្ថិត​លើផ្ទៃដីទំហំ២០៦ ហិកតា នៅក្នុង​ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសមួយ​នេះ មាន​ទុនវិនិយោគ​ប្រមាណ៥០លានដុល្លារ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេង បាន​មានប្រសាសន៍ថា ទោះ​​បី​កំណើន​សេដ្ឋកិច្ចពិភពលោក​ នៅមិន​ទាន់​មាន​សម្ទុះ​ខ្លាំង​ ដូចមុន​ពេលពិភពលោក​ជួប​នឹងវិបត្តិ ​បណ្តាល​មក​ពី​ជំងឺកូវីដ​១៩ ក៏​កម្ពុជា​នៅតែ​អាច​ទទួល​បានការ ​មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។

ភាព​ទាក់ទាញ​ដែល​កម្ពុ​ជាមាន​នោះ​ គឺ​ដោយសារតែ​កម្ពុជា​រក្សាបាន​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច​រឹងមាំ ច្បាប់​វិនិយោគអំណោ​យផល​ ទីតាំង​ភូមិសាស្ត្រល្អប្រសើរ សម្បូរ​កម្លាំង​ពលកម្ម និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ល្អប្រសើរ​។

លោក​បន្ត​ថា ក្រៅពីនេះ​ផលិត​ផល​កម្ពុជា ​ក៏​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​នាំចូល ​​ទៅ​ប្រទេស​ធំៗ​មួយចំនួន​ដូចជា អាមេរិក តំបន់​អឺរ៉ុប ចិន កូរ៉េ និង​ជប៉ុន ជាដើម​។

លើសពីនោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​ដែល​កម្ពុជា​បានចុះ​ហត្ថលេខា​​​ជាមួយ​ប្រទេស​ដៃគូ​សំខាន់ៗ​ដូចជា ចិន កូរ៉េ និង​កិច្ចព្រមព្រៀង RCEP ក៏​កំពុង​រួមចំណែក​ក្នុងការ​ទាក់ទាញ ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​

អ្នកឧកញ៉ាបញ្ជាក់ថា “​ការវិនិយោគ​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​នៅ​កម្ពុជា ​នឹង​កើនឡើង​ថែមទៀត ​នៅពេល​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ពិ​ភព​លោក​ប្រសើរ”​។លោកបន្ថែមថា “ការវិនិយោគ​ផ្ទាល់ ​គឺ​ពិតជា​សំខាន់​ណាស់​ សម្រាប់​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច ព្រោះ​ក្រៅពី​ជួយ​បង្កើត​ការងារ វា​ក៏​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​ផលិតផល​សម្រេច​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់តែខ្លាំង​”។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​និយាយ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺ​ជា​បណ្តុះ​នៃ​រោងចក្រ​/សហគ្រាស​ផលិត​ទំនិញ​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។​

ការ​​បង្កើត​ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន គឺ​វា​អាច​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់។

លោក​លើក​ឡើង​ថា សម្រាប់​អ្នក​វិនិយោគ​ ដែល​ចង់​បើក​រោងចក្រ/​សហគ្រាស ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ពួក​គេ​នឹង​ទទួល​បាន​ភាព​អនុគ្រោះ និង​ងាយ​ស្រួល​មួយ​ចំនួន​ដូច​ជា មាន​ហេដ្ឋារចនា​សម្ព័ន្ធដឹក​ជញ្ជូនគ្រប់​គ្រាន់ មាន​ប្រភព​ថាមពល មាន​ការ​រៀបច​ប្រព័ន្ធ​បង្ហូរ​ទឹក/​បរិស្ថាន​ នីតិវិធី​ក្នុង​ការ​រៀបចំ​ឯកសារ​នាំចូល-​នាំចេញ​ទំនិញ និង​សម្បូរ​កម្លាំង​ពលកម្ម។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here