ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ក្នុងរយៈពេល៣ខែ ឆ្នាំ ២០១៩ នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានប្រមូលបានប្រមាណ ៨៣៤.៧៧ លានដុល្លារអាមេរិក កើនឡើង១២,៣៥ភាគរយធៀងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលប្រមូលបាន៧៣១.៦លានដុល្លារអាមេរិក។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ឋមុនីរ័ត្ន បាន ថ្លែងនៅក្នុងប្រជុំបូកសរុបលទ្ធផលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត កាលពីថ្ងៃទី៤ ខែមេសាម្សិលមិញនេះបានមានប្រសាសន៍ថា បានគាំទ្រអគ្គនាយកពន្ធដារ បន្តបេសកកម្មរបស់ខ្លួនក្នុងការប្រមូលពន្ធ ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការពង្រីកអភិបាលកិច្ចល្អ និងផ្តល់អនុសាសន៍លើវិធានការ និងទិសដៅត្រូវអនុវត្តបន្ត រួមមាន ធ្វើការពិនិត្យសិក្សាលើតម្រូវការ និងរៀបចំដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានានូវប្រសិទ្ធិភាព និងគាំទ្រដល់ការអនុវត្តនៃបទប្បញ្ញត្តិ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក ក្នុងគោលដៅកេលម្អបរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែង និងពិពិកម្មសេដ្ឋកិច្ច។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ពីកិច្ចខិតខំអនុវត្តន៍ នូវការធ្វើការកំណែទម្រង់គោលនយបាយ និងកំណែទម្រង់រដ្ឋាបាលសារពើពន្ធ ព្រមទាំងការធ្វើទំនើបកម្ម រដ្ឋបាលសារពើពន្ធដារ ដោយអនុវត្តន៍ តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ របស់រដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានអភិបាលកិច្ចល្អ ជាស្នូលយុទ្ធសាស្ត្រ និងដោយអនុវត្តស្របតាម កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងយុទ្ធសាស្ត្រកៀរគរចំណូតាមរយៈពេលធម្យម២០១៤-២០១៨ បានសម្រេចនូវសមិទ្ធិផលជាច្រើន ប្រកបដោយប្រសិទ្ធិភាព និងស័ក្តសិទ្ធភាព ជូនរាជរដ្ឋាភិបាល និងប្រទេសជាតិ៕






