ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Ho Bee Land របស់មហាសេដ្ឋីសិង្ហបុរីលោក Chua Thian Poh គ្រោងបោះទុនទិញយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអូស្ត្រាលី AVJennings ក្នុងតម្លៃ៣៩១លានដុល្លារអូស្រ្តាលី (ប្រហែល២៤២លានដុល្លារអាមេរិក)។
ក្រុមហ៊ុន Ho Bee Land បានដេញថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអូស្ត្រាលី AVJennings ក្នុងតម្លៃចំនួន០,៧០ដុល្លារអូស្ត្រាលីក្នុងមួយហ៊ុន ដែលខ្ពស់ជាងការដេញថ្លៃចំនួន០,៦៧ដុល្លារអូស្ត្រាលីក្នុងមួយហ៊ុន ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាមេរិក Proprium Capital Partners។

-->
ក្រុមហ៊ុន Ho Bee Land បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដាក់សំណើរដេញថ្លៃនាពេលនេះជាឱកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុនរបស់យើងក្នុងការបង្កើនទំហំវិនិយោគ និងផលបត្ររបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនអចលនទ្រព្យអូស្ត្រាលី និងសិង្ហបុរី នឹងជួយសម្រេចបាននូវស្ថានភាពហិរញ្ញវត្ថុកាន់តែរឹងមាំ ព្រមទាំងបង្កើនសក្តានុពលក្នុងការស្វែងរកប្រាក់ចំណូល និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុក។

បច្ចុប្បន្ន ក្រុមហ៊ុនសិង្ហបុរី Ho Bee Land បានកាន់កាប់ចំណែកភាគហ៊ុនចំនួន៥,៤៩ភាគរយនៃក្រុមហ៊ុនអូស្ត្រាលី AVJennings រួចមកហើយ ខណៈដែលពេលនេះ ក្រុមហ៊ុន Ho Bee Land គ្រោងទិញយកភាគហ៊ុនទាំងអស់ពីក្រុមហ៊ុន AVJennings។
យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា ក្រុមហ៊ុន Ho Bee Land មានទំហំផលបត្រអចលនទ្រព្យតម្លៃ៧ពាន់លានដុល្លារសិង្ហបុរី(ប្រហែល៥,១ពាន់លានដុល្លារអាមេរិក) ដូចជាអគារការិយាល័យនៅក្នុងប្រទេសសិង្ហបុរី និងទីក្រុងឡុងដ៍ ព្រមទាំងគម្រោងលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលីផងដែរ៕ប្រភព: Vnexpress៕
