ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ទស្សនវិស័យថ្មីចុងក្រោយបង្អស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងចំនួន៥,៨ភាគរយនៅឆ្នាំ២០២៥នេះ ពីកំណើនចំនួន៥,៥ភាគរយកាលពីឆ្នាំ២០២៤។
យ៉ាងណាមិញ មូលនិធិ IMF បានព្រមានពីហានិភ័យចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារកត្តាខាងក្រៅ និងបញ្ហាក្នុងស្រុក ដូចជាការផ្លាស់ប្តូរគោលនយោបាយដោយដៃគូពាណិជ្ជកម្មសំខាន់ៗ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងបញ្ហាប្រឈមនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់។

-->
ការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) មានភាពខុសគ្នាពីការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងចំនួន៦,៣ភាគរយនៅឆ្នាំ២០២៥នេះ។
មូលនិធិ IMF បានលើកឡើងថា “កំណើនផលទុនជាតិសរុប (GDP)របស់កម្ពុជាត្រូវបានជំរុញជាចម្បងដោយការនាំចេញទំនិញទៅកាន់ទីផ្សារក្រៅប្រទេស ស្របពេលមានការកើនឡើងនៃការនាំចេញសម្លៀកបំពាក់ និងការនាំចេញកសិផល”។
មូលនិធិ IMF បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្តការកែទម្រង់ពន្ធ រួមទាំងការផ្តល់ការលើកលែងពន្ធ ការបន្តធ្វើកំណែទម្រង់សេដ្ឋកិច្ចជាលំដាប់ ការបង្កើនកម្លាំងពលកម្មជំនាញ និងការលើកកម្ពស់ការផលិតថាមពលកកើតឡើងវិញ។

មូលនិធិ IMF បានបញ្ជាក់ថា វិស័យទេសចរណ៍ ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយនឹងការនាំចេញសម្លៀកបំពាក់ កសិកម្ម និងសំណង់ បានជួបប្រទះនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលការណ៍នេះបានពន្យឺតវឌ្ឍនភាពនៃការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
របាយការណ៍របស់មូលនិធិ IMF បានបន្ថែមថា “វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាកំពុងជួបប្រទះបញ្ហាប្រឈម ស្របពេលមានការកើនឡើងនៃចំនួនប្រាក់កម្ចីមិនដំណើរការ និងការកើនឡើងនៃបំណុលរបស់វិស័យឯកជន”។
ទោះបីជាបែបនេះក្តី មូលនិធិ IMF បានទទួលស្គាល់ថា បំណុលសាធារណៈរបស់រដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ខណៈ IMF បានព្យាករណ៍ថា ទំហំបំណុលសាធារណៈរបស់កម្ពុជានឹងមានកម្រិតទាបជាងចំនួន៣០ភាគរយនៃផលទុនជាតិសរុបក្នុងទសវត្សរ៍ក្រោយ៕ប្រភព: Xinhua៕
