ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ប្រទេសជប៉ុនកំពុងតែឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យជាច្រើនផ្សេងៗគ្នា តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយបើគិតទៅលើទំហំទឺកប្រាក់សរុប នៃជំនួយអភិឌ្ឍន៍ផ្លូវការជប៉ុនមានចំនួន ៣,៤០០លានដុល្លារអាមេរិកចាប់តាំងពីឆ្នាំ១៩៩១ ដល់ ២០១៥។
យោងតាមការចេញផ្សាយនូវទស្សនាវដ្តីថ្មីស្តីពី ប្រទេសជប៉ុន និងទំនាក់ទំនងជាមួយកម្ពុជា ជាភាសាខ្មែររបស់ស្ថានទូតជប៉ុន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៩កន្លងមកបានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសជប៉ុន កំពុងអនុវត្តគម្រោងសហប្រតិបត្តិការផ្សេងៗ ដើម្បីគាំទ្រដល់គោលដៅរបស់កម្ពុជា គឺក្លាយទៅជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយយកចិត្តទុកដាក់ទៅលើ ទី១ ការលើកស្ទួយឧស្សាហកម្មដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទី២ ការលើកកំពស់គុណភាពនៃជីវភាពរស់នៅប្រជាជនកម្ពុជាដូចជាវិស័យសុខាភិបាល និងប្រព័ន្ធទឹកស្អាត និងទី៣ ការសម្រេចឲ្យមានសង្គមប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងអភិបាលកិច្ចល្អ។
ជាក់ស្តែង ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬប្រជាពលរដ្ឋខ្មែរទូទៅហៅថា ស្ពានជ្រោយចង្វារ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរលើកដំបូងនៅក្នុងឆ្នាំ១៩៦៧ ដោយជំនួយរដ្ឋាភិបាលជប៉ុន។ស្ពាននេះត្រូវបានខូចខាតទាំងស្រុង ដោយសង្រ្គាមស៊ីវិលនិងជួសជុលឡើងវិញក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្រោយសង្គ្រាមស៊ីវិលឆ្នាំ១៩៩៤។
-->
នាពេលបច្ចុប្បន្ន ស្ពាននេះទើបតែតែបញ្ចប់ការជួសជុលលើកទី១ ដែលចំណាយពេលប្រមាណ២ឆ្នាំ ក្រោមជំនួយរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងឲ្យស្ពាននេះនៅគង់វង្សសម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់រយៈពេល៥០ទៅមុខ។
ជប៉ុនក៏បានជួយកសាងសមិទ្ឋផលធំៗជាច្រើនទៀត ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន (ហៅពេទ្យជប៉ុន) នៅរាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ស្ពានគីហ្សូណា និងនៅពេលក្រោយមកជួយកសាងស្ពានត្សឹបាសា (ស្ពានអ្នកលឿន) តភ្ជាប់រវាងខេត្តកណ្តាល និងខេត្តព្រៃវែងជាដើម។
សន្តិភាព និងស្ថេរភាពរបស់ប្រទេសកម្ពុជា ពិតជាមានអត្ថន័យសំខាន់សម្រាប់តំបន់ទាំងមូល ដូច្នេះ ហើយប្រទេសជប៉ុន នឹងបន្តចូលរួមយ៉ាងសកម្មជាបន្តទៀត សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
តំបន់អភិរក្សអង្គរ
ប្រទេសកម្ពុជាមានតំបន់អង្គ រដែលជាមោទនភាពរបស់ពិភពលោកទាំងមូល។ ប្រទេសជប៉ុនបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់នេះ។
នៅក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីតំបន់អង្គរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភពលោក របស់អង្គការ UNESCO។ ប្រទេសជប៉ុន បានរៀបចំបើកកិច្ចប្រជុំដ៏ធំមួយគឺ សន្និសីទអង្គររដ្ឋាភិបាលស្តីពីកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គករលើទី១ នៅទីក្រុងតូក្យូ។ កិច្ចប្រជុំមួយនេះ បានសម្រេចបង្កើតនូវគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគំាពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គ រ(ICC) ដែលត្រូវបានប្រារព្វធ្វើឡើង២ដងក្នុងមួយឆ្នាំ (ខែមិថុនា និងខែធ្នូ) ដើម្បីសម្របសម្រួលកម្មវិធីអភិរក្ស និងអភិវ ឌ្ឍជាមួយ និងអភិវឌ្ឍជាមួយនិងបណ្តាប្រទេស និងអង្គការនានាដែលជាដៃគូពាក់ព័ន្ធ ហើយប្រទេសជប៉ុន និងប្រទេសបារាំងបានដើរតួនាទីដ៏សំខាន់ ជាសហប្រធានរយៈពេល ២៥ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៣។
ទន្ទឹមនឹងនេះ ប្រទេសជប៉ុនក៏បានអនុវត្តសកម្មភាព ជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នផងដែរ។ នៅក្នុង១៩៩៤រដ្ឋាភិបាលជប៉ុនបានបង្កើតក្រុមការងារសម្រាប់អភិរក្សអង្គរហៅថា កាត់ថា JASA ។ ក្រុមនេះ កំពុងសហការជាមួយអាជ្ញាធរអប្សរាក្រោមឈ្មោះ JASA ហើយធ្វើនៅប្រាសាទបាយ័ន។
ក្រៅពីនេះប្រទេសជប៉ុន បានផ្តល់ជំនួយសម្ភារៈចាំបាច់ ក្នុងដំណើរការស្តារឡើងវិញនូវស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្តដល់អាជ្ញាធរអប្សរា ហើយសកម្មភាពស្តារឡើងវិញនេះ បានចាប់ផ្តើមដំណើរការក្រោមកិច្ចសហប្រតិបត្តិការ បច្ចេកទេសរបស់សាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុននៅឆ្នាំ២០១៨ ។ មានស្ថាប័នផ្សេងៗទៀនៃប្រទេសជប៉ុនក៏កំពុងរួមចំណែក តាមរយៈកិច្ចអភិរក្សប្រាសាទ ឬការស្រាវជ្រាវផងដែរ៕