រដ្ឋាភិបាលម៉ាឡេសុីផ្តល់ជំនួយគាំទ្រដល់បណ្តាក្រុមហ៊ុនក្នុងស្រុក ដើម្បីចូលរួមវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសជាមួយសិង្ហបុរី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bernama បានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេសុីកំពុងរៀបចំផែនការសកម្មភាពស្តីពីតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) ដោយគ្រោងនឹងបញ្ចប់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០២៥។

តាមរយៈផែនការសកម្មភាពនេះ រដ្ឋាភិបាលម៉ាឡេសុីគ្រោងនឹងបោះទុនវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសរវាងរដ្ឋ Johor និងទីក្រុងសិង្ហបុរី បន្ទាប់ពីភាគីទាំង២បានចុះកិច្ចព្រមព្រៀងបង្កើតតំបន់នេះជាផ្លូវការនៅខែមករា។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្នុងចំណោមកត្តាជោគជ័យសំខាន់ៗ ដែលត្រូវបានឯកភាពដោយភាគីម៉ាឡេស៊ី និងសិង្ហបុរីសម្រាប់ការអនុវត្តន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេស JS-SEZ ជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការជំរុញការវិនិយោគរួមគ្នា រួមទាំងការសម្របសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនឆ្លងដែន។

រដ្ឋាភិបាលម៉ាឡេសុីបានប្តេជ្ញាធានាថា “បណ្តាអ្នកវិនិយោគក្នុងស្រុកនឹងមិនត្រូវបានទុកចោលនោះទេ។ ពួកគេអាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស JS-SEZ តាមរយៈវិធីសាស្រ្តចំនួន៣យ៉ាង”។

វិធីសាស្រ្តទាំង៣យ៉ាងនោះរួមមានការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍន៍សមត្ថភាព ព្រមទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញ។

បណ្តាក្រុមហ៊ុនក្នុងស្រុករបស់ម៉ាឡេសុីក៏មានឱកាសក្នុងការទទួលបានជំនួយ និងមូលនិធិពីក្រសួងផ្សេងៗសម្រាប់ការពង្រីកសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន រួមទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស JS-SEZ ផងដែរ។

ជំនួយទាំងនោះ រួមមានដូចជាកម្មវិធី Mid-Tier Company Programme ដែលផ្តល់ការគាំទ្រដល់បណ្តាក្រុមហ៊ុនខ្នាតមធ្យមក្នុងស្រុក ដើម្បីបង្កើនការនាំចេញ និងពង្រឹងអាជីវកម្មរបស់ពួកគេ។ កម្មវិធីនេះទទួលបានកញ្ចប់ថវិកាចំនួន១ពាន់លានរីងហ្គីតមកពីមូលនិធិរបស់រដ្ឋាភិបាលម៉ាឡេសុី។

ក្រសួងសេដ្ឋកិច្ចម៉ាឡេសុីបន្ថែមថា ជំនួយ និងមូលនិធិទាំងអស់នេះត្រូវបានផ្តល់ឱ្យតែបណ្តាក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះ ហើយមិនត្រូវបានផ្តល់ជូនដល់អ្នកវិនិយោគអន្តរជាតិ និងបណ្តាក្រុមហ៊ុនពហុជាតិនោះទេ៕ប្រភព: Bernama៕

LEAVE A REPLY

Please enter your comment!
Please enter your name here