ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ស្លាកស្នាមអនុស្សាវរីយ៍ សមិទ្ឋិផលការងារ និងការចងចាំមួយដែលមិនអាចបំភ្លេចបាន ត្រូវបានដាក់តាំងបង្ហាញ នៅក្នុងសាលនៃមជ្ឈមណ្ឌលព៌តមានគន្ឋបុប្ឆា ជាសាលមួយដែលឧទ្ទិសសម្រាប់ការពលីកម្ម របស់លោកវេជ្ជបណ្ឌិតBeat Richner ដែលបានលះបង់ពេលវេលាជាងពីរទសវត្សរ៍ ដើម្បីសង្គ្រោះកុមារកម្ពុជា។

-->
“គាត់លែងអាចត្រលប់មកកម្ពុជាវិញហើយ” ដោយសារជំងឺធ្ងន់ធ្ងររបស់លោ ក ប៉ុន្តែកេរ្ត៍ឈ្មោះ និងការលះបង់ដោយគ្មានការនឿយហត់ របស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិក និងជាប្រធានមូលនិធិគន្ឋបុប្ឆាត្រូវបានដាក់បង្ហាញក្នុងមជ្ឈមណ្ឌលនេះ ដែលបើកឲ្យសាធារណៈជនចូលទស្សនាចាប់ពីម៉ោង៨ព្រឹកដល់១១ថ្ងៃត្រង់ និងពីម៉ោង២ដល់៤,៣០នាទីរសៀល ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងបើកចាប់ពីម៉ោង៨ព្រឹកដល់១១ព្រឹកសម្រាប់ថ្ងៃសៅរ៍។

ជាអ្នកធ្វើការងារជាមួយលោកវេជ្ជបណ្ឌិត Beat Richner តាំងពីដើមមកលោកវេជ្ជបណ្ឌិតដេនីស ឡូរ៉ង់បានមានប្រសាសន៍ឲ្យដឹងថា មជ្ឈមណ្ឌលព៌តមានគន្ឋបុប្ឆាបានបើកដំណើរការកាលពីថ្ងៃទី៥ ធ្នូកន្លងមកនេះ ក្រោមព្រះរាជធបតីភាពសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រមទាំងមានការអញ្ជើញចូលរួមពីសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនស្ត្រីទី១កម្ពុជា និងជាប្រធានកាកបាតក្រហមកម្ពុជា។

មជ្ឈមណ្ឌលព៌តមាននេះ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យគន្ឋបុប្ឆា ខាងជើងវត្តភ្នំ និងស្ថិតនៅចន្លោះមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន និងអាគារមន្ទីរពេទ្យគន្ឋបុប្ឆា។

លោក ដេនីស ឡូរ៉ង់ បានបន្តថា “សមិទ្ឋិផលរយៈពេល ២៥ឆ្នាំ បានដាក់តាំងបង្ហាញក្នុងមជ្ឈម ណ្ឌលនេះ ដើម្បីរំលឹកនឹកគុណដល់លោកវេជ្ជបណ្ឌិត Beat Richner ដែលបានលះបង់កំលាំងកាយចិត្តសម្រាប់មន្ទីរពេទ្យនេះ។លោកបន្តថា “បច្ចុប្បន្នទោះបីអវត្តមានរបស់គាត់ក៏ដោយ ប៉ុន្តែភាពជាអ្នកដឹកនាំ ការគោរពក្រមសីលធ៌មវិជ្ជាជីវៈរបស់គ្រូពេទ្យនៅទីនេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ព្រមទាំងប្រជាជនស្វីសនៅតែប្តេជ្ញាគាំទ្រដល់ដំណើរការមន្ទីរពេទ្យនេះ។
ចាប់តាំងពីបើកឲ្យសាធារណៈជនចូលទស្សនាឥតគិតថ្លៃ មានសម្បុរសជនបានបរិច្ចាកទឹកប្រាក់ជាង ៤០០០ដុល្លារហើយ សម្រាប់មន្ទីរពេទ្យនេះ។

លោកដេនីស ឡូរ៉ង់បានបន្តថា ការបើកមជ្ឈមណ្ឌលនេះ ក៏ជាផ្នែកមួយផ្តល់ជូនសាធារណៈជូន សម្រាប់ការយល់ដឹងពីមន្ទីរពេទ្យនេះ និងបានដឹកពីសកម្មភាពរបស់លោកសាស្ត្រាចារ្យ Beat Richner ដើម្បីឲ្យពួកគេចូលរួមចំណែកជួយគាំទ្រជាមូលនិធិបន្ត ដល់មន្ទីរពេទ្យដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដ៏ធំនេះ។
លោកសាស្ត្រាចារ្យគី សន្ទទីប្រធានមន្ទីរពេទ្យគន្ឋបុប្ឆារាជធានីភ្នំពេញបានថ្លែងថា មានប្រជាពលរដ្ឋមួយចំនួន ចង់ចូលមើលសកម្មភាពក្នុងមន្ទីរពេទ្យនេះ ប៉ុន្តែជាគោលការណ៍មន្ទីរពេទ្យមិនអនុញ្ញាត្តនោះទេ ដោយសារជាកន្លែងព្យាបាលជំងឺ និងមន្ទីរពេទ្យប្រកាន់យកគោលការណ៍គោរពសិទ្ឋឯកជនរបស់អ្នកជំងឺ។

លោកបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការឧបត្ថម្ភ៦លានដុល្លារក្នុងមួយឆ្នាំ កាកបាតក្រហមកម្ពុជាផ្តល់១លានដុល្លារ និងមូលនិធិបានពីការលក់សំបុ ត្រចូលទស្សនាអង្គប្រមាណជាង៣លានដុល្លារ ព្រមទាំងថវិកាពីរដ្ឋាភិបាលស្វីល៤លានដុល្លារទៀត ហើយមូលនិធិគន្ឋបុប្ឆានៅតែបន្តសកម្មភាព មិនមានសញ្ញាថយចុះនោះទេ៕