ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនចិនមកពីខេត្តសានស៊ីបានមានបំណងក្នុងការវិនិយោគបង្កើតរោងចក្រផលិតសម្ភារសិក្សា និងកីឡានៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ជាពិសេសវិស័យអប់រំជាតិ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។

-->
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា នៅក្នុងជំនួបជាមួយ លោក Wang Liping ប្រធានក្រុមហ៊ុន GuangBo Group Co., Ltd កាលពីទី៩ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ បានសម្តែងការគាំទ្រចំពោះក្រុមហ៊ុនចិនមួយនេះដែលមានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារសិក្សា និងកីឡានៅក្នុងប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជាជាទីតាំងភូមិសាស្ត្រមានសក្តានុពលសេដ្ឋកិច្ច គោលនយោបាយគាំពារវិនិយោគ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស។
លោក ប៉ាន សូរស័ក្តិ បន្តថា «កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩កំពុងធ្វើប្រតិបត្តិការ សម្រាប់ផ្តល់ឱ្យវិនិយោគិនបើករោងចក្រ ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញ ៩ឆ្នាំ អាចគ្រប់គ្រងភាគហ៊ុន ១០០% ហើយអាចនាំចេញផលិតផលទៅកាន់ទីផ្សារក្នុងតំបន់ (អាស៊ាន) សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅក្រោមកម្មវិធីអនុគ្រោះពន្ធថែមទៀត»។
លោករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ ការសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវគមនាគមន៍ ព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស) ការបណ្តុះបណ្តាលធនធានមនុស្ស ការចងក្រង និងធ្វើវិសោធនកម្មច្បាប់ថ្មីៗ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
លោក Wang Liping ប្រធានក្រុមហ៊ុន GuangBo Group Co., Ltd និងសហការី បានថ្លែងអំណរគុណលោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានគាំទ្រគម្រោងវិនិយោគខាងលើ និងបានចែករំលែកនូវព័ត៌មានសំខាន់ៗ ទាក់ទងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោក Wang Liping ក៏បានសន្យាពិនិត្យលទ្ធភាពពង្រីកការវិនិយោគមកកម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់១ និងផ្លូវ១ សំដៅរួមចំណែកបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕