ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅរដ្ឋធានីម៉ានីល (Metro Manila)របស់ប្រទេសហ្វីលពីនត្រូវបានគេរំពឹងថា នឹងបន្តរក្សាបានស្ថិរភាពនៃអត្រាផលចំណេញត្រឡប់មកវិញពីការវិនិយោគអចលនទ្រព្យ គិតជាភាគរយ។នេះបើយោងតាមក្រុមហ៊ុន Colliers។
យោងតាមរបាយការណ៍ថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានបង្ហាញថា ការវិនិយោគលើទីផ្សារការិយាល័យនៅក្នុងទីក្រុងម៉ានីលអាចផ្តល់អត្រាផលចំណេញចន្លោះពី៥ភាគរយទៅ៦ភាគរយ។
របាយការណ៍បានអះអាងឱ្យដឹងបន្តថា “តម្លៃជួលការិយាល័យនៅទីក្រុងម៉ានីលកំពុងមាននិន្នាការធ្លាក់ចុះ។ការណ៍នេះបាននាំឱ្យអត្រាផលចំណេញត្រឡប់មកវិញពីការវិនិយោគមានស្ថិរភាព”។
-->
ដោយឡែក បណ្តាក្រុមហ៊ុននានា ដែលជំរុញលើកទឹកចិត្តឱ្យបុគ្គលិកត្រឡប់ទៅការិយាល័យវិញ ក៏ដូចជាការដាក់ឱ្យដំណើរការអគារការិយាល័យថ្មីៗ ក៏នឹងចូលរួមចំណែកដល់ស្ថិរភាពក្នុងទីផ្សារការិយាល័យរបស់ទីក្រុងម៉ានីលផងដែរ។

ចំណែក អត្រាផលចំណេញត្រឡប់មកវិញពីការវិនិយោគលើទីផ្សារអចលនទ្រព្យលក់រាយរបស់ទីក្រុងម៉ានីល បានស្ថិតនៅទ្រឹងចន្លោះពី៧ភាគរយទៅ៨ភាគរយ ដោយសារការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់នៅចុងឆ្នាំ២០២៤។
លោក Paul Vincent Ramirez នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកវាយតម្លៃនៅក្រុមហ៊ុន Colliers Philippines បានអះអាងថា“ការធ្វើសម្បទានលើតម្លៃជួលទីតាំងលក់រាយក្នុងអំឡុងពេលមានជំងឺរាតត្បាតបានកន្លងហួសអស់ទៅហើយ។បច្ចុប្បន្ន អត្រានៃការជួលទីតាំងលក់ដូរនៅតាមបណ្តាផ្សារទំនើបនានាកំពុងកម្រើកឡើងវិញ។នេះជាសញ្ញាវិជ្ជមានសម្រាប់ផ្នែកលក់រាយ”។
ទន្ទឹមនឹងនេះ អត្រាផលចំណេញត្រឡប់មកវិញពីការវិនិយោគលើទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ទីក្រុងម៉ានីល បានស្ថិតនៅទ្រឹងចន្លោះពី៨ភាគរយទៅ៩ភាគរយ គិតត្រឹមត្រីមាសទី៤ ឆ្នាំមុនបើធៀបនឹងឆ្នាំ២០២៣។
លោក Ramirez បានបន្ថែមថា “ទីផ្សារអចលនទ្រព្យឧស្សាហកម្មជាផ្នែកមួយដ៏មានស្ថិរភាព ដែលនឹងបន្តពឹងផ្អែកលើការពង្រីកឧស្សាហកម្មផលិតកម្ម និងការនាំចេញ បូករួមទាំងការកើនឡើងនៃតម្រូវការដឹកជញ្ជូនក្នុងទីក្រុង និងការកើនឡើងនៃមជ្ឈមណ្ឌលទិន្នន័យ”៕ប្រភព: Business World៕
