ដោយៈ ម៉ាណា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជានាំទំនិញចូលពីចិនច្រើន ព្រោះកម្ពុជាមានតម្រូវការ នាំវត្ថុធាតុដើមមួយចំនួនពីចិន ដើម្បីយកមកផលិតនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់បណ្ដា ប្រទេសផ្សេងៗលើលោក។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចតេជោអញ្ជើញជាអធិបតី ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជានាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
-->

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថាត្រូវយល់ដឹងឲ្យបានច្បាស់រវាងកម្ពុជា និងចិន កម្ពុជានាំចេញទៅកាន់ប្រទេសចិនមានចំនួនតិចជាង កម្ពុជានាំចូលពីប្រទេសចិនមកវិញ ដោយសារតែនៅកម្ពុជា ត្រូវការប្រើប្រាស់វត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិន ពិសេសសាច់ក្រណាត់ ដើម្បីបម្រើឲ្យរោងចក្រកាត់ដេរនៅកម្ពុជា ហើយតាមរយៈរោងចក្រកាត់ដេរទាំងនោះ បានកាត់ដេរវត្ថុធាតុដើម ដែលបាននាំចូលពីប្រទេសចិន ដើម្បីនាំចេញទៅប្រទេសក្រៅ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនបានចូលរួមចំណែកដល់កម្ពុជា ដែលបានផ្គត់ផ្គងវត្ថុធាតុដើម សម្រាប់ផលិតកម្មបម្រើឲ្យការនាំចេញ ដូច្នេះអ្នកសេដ្ឋកិច្ចមិនមែនសេដ្ឋកិច្ច ឬអ្នកសេដ្ឋកិច្ចប៉ុន្ដែចូលនិយមនៃ ការបង្អាប់ជនជាតិឯង វាមិនមែនជាមនុស្សទេបើប្រៀបធៀបទៅវាគឺជាសត្វ។
សម្ដេចបានបញ្ជាក់បន្ថែមថា “អ្វីដែលជាគោលដៅធំបំផុតរបស់ខ្ញុំ ខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋ១៧លាននាក់ ក្នុងប្រទេសឲ្យយល់ថា អ្វីទៅជាជញ្ជីងពាណិជ្ជកម្ម មូលហេតុអ្វីបានជាតុល្យាភាពពាណិជ្ជកម្មមានការខុសគ្នា រវាងការនាំចេញរបស់កម្ពុជា និងប្រទេសខ្លះ ក្នុងក្របខណ្ឌអាស៊ាន ដោយការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសនោះច្រើនជាង ពីការនាំចេញពីប្រទេសនោះមកកាន់ប្រទេសយើង ជាក់ស្ដែងការនាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី គឺមានចំនួនច្រើនជាងការនាំ ពីម៉ាឡេស៊ីមកកម្ពុជា”។

សម្ដេចតេជោបានបន្ដថា ដូច្នេះនេះហើយជាក្រិតក្រមកម្ពុជា រវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់ ប្រសិនបើអ្នកឯងមិនយល់អំពីបញ្ហានេះ អ្នកកុំតាំងខ្លួនធ្វើជាបញ្ញាវន្ដសេដ្ឋកិច្ច ឬចង់ក្លាយជាមេដឹកនាំ។ សូមបញ្ជាក់ថា ពីប្រទេសមួយពឹងផ្អែក លើការនាំចូលដើម្បីចញ្ចឹមខ្លួន ក្លាយទៅជាប្រទេសមួយដែលផលិតសម្រាប់ការនាំចេញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីទំហំពាណិជ្ជកម្មរបស់កម្ពុជា សរុបមានប្រមាណ៥៦ពាន់លានដុល្លារ ប៉ុន្ដែទំហំនាំចេញរបស់កម្ពុជា កើនឡើងជាង២៦ពាន់លានដុល្លារ ក្នុងពេលដែលការនាំចូលមាន២៨ពាន់លានដុល្លារ។
សម្ដេចតេជោក៏បានរំលេចផងដែរអំពី ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសថៃ ដោយប្រមាណ១០ពាន់លានដុល្លារ ប៉ុន្ដែយើងនាំចូលពីថៃច្រើនជាង នាំចេញពីកម្ពុជាទៅប្រទេសថៃ ដោយសារតែកម្ពុជាមានតម្រូវការ ការផ្គត់ផ្គង់ពីប្រទេសថៃ ចូលមកបំពេញតម្រូវការនៃការសាងសង់ ឬការប្រើប្រាស់នៅកម្ពុជា ដូចជាប្រេងឥន្ទនៈ ឬសំភារៈផ្សេងៗជាច្រើនទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឥឡូវនេះមានប្រមាណ១០ពាន់លានដុល្លារ ដោយមានអត្រាប្រហាក់ប្រហែលគ្នាច្រើន ដោយសារតែកម្ពុជាក៏មានសមត្ថភាព នាំចេញទៅប្រទេសវៀតណាម ដែលកាលមុននេះយើងនាំចូលពីវៀតណាម ច្រើនជាងការនាំចេញទៅវៀតណាមច្រើនណាស់ តែឥឡូវនេះដោយសារតែការប្រឹងប្រែង យើងមានតុល្យាភាពស្ទើតែស្មើរគ្នា៕
