ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក John Lee ប្រធានប្រតិបត្តិរបស់តំបន់រដ្ឋបាលពិសេសហុងកុងបានមានប្រសាសន៍បង្ហើបឱ្យដឹងថា ការិយាល័យពាណិជ្ជកម្មហុងកុងថ្មីនឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ប្រទេសតួកគី និងប្រទេសអេហ្សុីប។
ជាមួយគ្នានេះ តំបន់រដ្ឋបាលពិសេសហុងកុងគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មដៃគូរបស់ខ្លួន ស្របពេលមានសង្រ្គាមពាណិជ្ជកម្មពិភពលោក ដែលបង្កឡើងដោយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។
រដ្ឋបាលតំបន់ទីក្រុងហុងកុងក៏បានប្រកាសបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យសម្រាប់ពលរដ្ឋកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលដាក់ពាក្យស្នើសុំទិដ្ឋាការចូលទៅកាន់ទីក្រុងហុងកុងច្រើនលើក (multiple-entry) ក្នុងគោលបំណងនៃការធ្វើដំណើរ និងការធ្វើអាជីវកម្ម។ទិដ្ឋាការនេះមានសពុលភាព៣ឆ្នាំ។
-->

លោក Lee បានបន្តថា “សហរដ្ឋអាមេរិកលែងប្រកាន់ខ្ជាប់នូវគោលការណ៍ពាណិជ្ជកម្មសេរី ដោយរំលោភបំពានច្បាប់ពាណិជ្ជកម្មពិភពលោក។ សកម្មភាពនេះបានបំផ្លាញពាណិជ្ជកម្មសកល និងពហុភាគីនិយម”។
ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ នឹងរងផលប៉ះពាល់ ដោយសារការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលខ្លី។ ប៉ុន្តែ លោក Lee បានគូសបញ្ជាក់ថា ហុងកុងនឹងនៅតែជាកំពង់ផែសេរី ដោយទីក្រុងនេះមិនមានគម្រោងដាក់ពន្ធសងសឹកណាមួយលើសហរដ្ឋអាមេរិកនៅពេលនេះទេ។
អត្រាពន្ធថ្មីចំនួន៣៤ភាគរយ ដែលសហរដ្ឋអាមេរិកដាក់លើប្រទេសចិនក៏អនុវត្តន៍ចំពោះទីក្រុងហុងកុងផងដែរ។អត្រាពន្ធថ្មីនេះត្រូវបានបូកបន្ថែមពីលើពន្ធ ដែលបានចូលជាធរមានចំនួន២០ភាគរយ។ ដូច្នេះហើយ ការនាំចូលទំនិញហុងកុង និងទំនិញចិនទៅកាន់អាមេរិកត្រូវជាប់ពន្ធសរុប៥៤ភាគរយ។
លោក Lee បានអះអាងទៀតថា “យើងនឹងចាប់យកនិន្នាការនៃការធ្វើពិពិធកម្មភូមិសាស្រ្តលើពិភពលោកក្នុងការទាក់ទាញបណ្តាក្រុមហ៊ុនបរទេស និងឱ្យចូលមកបណ្តាក់ទុននៅក្នុងទីក្រុងហុងកុង ពីព្រោះយើងអាចធានាសន្តិសុខ និងស្ថិរភាពដល់អ្នកវិនិយោគ”៕ប្រភព: Reuters៕
