ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅត្រីមាសទី១ ឆ្នាំ២០២៥នេះ ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងប្រទេសចិនបានជួបប្រទះនឹងការវិវឌ្ឍន៍ទៅមុខគួរឱ្យកត់សម្គាល់។ទន្ទឹមគ្នានេះ សេដ្ឋកិច្ចរបស់មហាអំណាចទាំង២មានទាំងចំណុចខ្លាំង និងចំណុចខ្សោយខុសៗគ្នា។
ខាងក្រោមនេះជាចំណុចខ្លាំង និងចំណុចខ្សោយនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ៖
តួយ៉ាង ទីផ្សារការងារនៅសហរដ្ឋអាមេរិកបានសម្រេចកំណើនយ៉ាងឆាប់រហ័ស ដោយនិយោជកបានបង្កើតការងារបន្ថែមចំនួន១៥១.០០០កន្លែងកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពធន់នៅក្នុងទីផ្សារការងារអាមេរិក។
-->

បើទោះបីជាមានការថមថយចុះនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់នាពេលមុននេះ ដោយសារការព្រួយបារម្ភអំពីពន្ធគយ និងភាពមិនច្បាស់លាស់នៃគោលនយោបាយយ៉ាងណាក្តី ក៏ប៉ុន្តែការលក់រាយ និងការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនបានងើបឡើងវិញសន្សឹមៗ។
ជាក់ស្តែង ការលក់រាយនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រា០,២ភាគរយនៅខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងខែមករា ខណៈសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិកបានកើនឡើង០,៣ភាគរយនៅខែកុម្ភៈ។
ដោយឡែក ចំណុចខ្សោយ រួមមានការអនុវត្តន៍គោលនយោបាយដំឡើងពន្ធគយរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កឱ្យមានភាពមិនច្បាស់លាស់ ដោយជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងវិនិយោគិន។ពន្ធគយទាំងនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលយ៉ាងច្រើនសម្រាប់រដ្ឋាភិបាលអាមេរិក។
ប៉ុន្តែ ទោះជាយ៉ាងណា សង្ក្គ្រាមពន្ធគយរបស់លោក ត្រាំ បានបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើស្ថិរភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ជាមួយគ្នានេះ ធនាគារ Goldman Sachs បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២៥ ពីចំនួន២,២ភាគរយមកនៅត្រឹម១,៧ភាគរយ ដោយលើកឡើងពីការផ្លាស់ប្តូរគោលនយោបាយ និងការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។
យោងតាមការស្ទង់មតិរបស់សារព័ត៌មាន CNBC បានបង្ហាញថា កំណើនសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី១ ឆ្នាំនេះ នឹងកើនឡើងត្រឹមតែ០,៣ភាគរយប៉ុណ្ណោះបើធៀបនឹងកំណើន២,៣ភាគរយកាលពីត្រីមាសទី៤ ឆ្នាំមុន។
តើសេដ្ឋកិច្ចរបស់ប្រទេសចិនវិញ មានចំណុចខ្លាំង និងចំណុចខ្សោយអ្វីខ្លះនៅត្រីមាសទី១?។
សកម្មភាពរោងចក្ររបស់ប្រទេសចិនបានកើនឡើង ដោយសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្ម បានកើនឡើងដល់ចំនួន៥១,២ពិន្ទុនៅក្នុងខែមីនា ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ខែ។កំណើននេះត្រូវបានជំរុញដោយទំហំនៃការនាំចេញដ៏រឹងមាំ និងការកើនឡើងនៃតម្រូវការ។
ធនាគារកណ្តាលចិន(PBOC)បានចាក់បញ្ចូលទឹកប្រាក់ចំនួន៨០០ពាន់លានយ័នទៅក្នុងប្រព័ន្ធធនាគារកាលពីខែមីនា ក្នុងគោលបំណងរក្សាសាច់ប្រាក់ងាយស្រួល និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។
ចំណែក ចំណុចខ្សោយស្ថិតនៅត្រង់ថា ប្រទេសចិនកំពុងប្រឈមមុខនឹងហានិភ័យពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ដែលអាចជះផលអវិជ្ជមានដល់កំណើននៃវិស័យផលិតកម្មចិននាពេលអនាគត និងធ្វើឱ្យប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុននាំចេញធ្លាក់ចុះ។
ម៉្យាងទៀត សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែបន្តរងផលប៉ះពាល់ពីបញ្ហាទីផ្សារលំនៅដ្ឋាន កំណើននៃបំណុលរបស់រដ្ឋបាលមូលដ្ឋាន និងទំនុកចិត្តអតិថិជនធ្លាក់ចុះ។ កត្តាទាំងអស់នេះបង្កបញ្ហាប្រឈមដល់ការរក្សាសន្ទុះសេដ្ឋកិច្ចចិន។
ជារួម សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទទួលបានអត្ថប្រយោជន៍ពីទីផ្សារការងារដ៏រឹងមាំ និងភាពធន់នៃការចំណាយរបស់អ្នកប្រើប្រាស់ ទោះបីជាប្រឈមមុខនឹងបញ្ហាពីភាពមិនច្បាស់លាស់នៃគោលនយោបាយ និងភាពតានតឹងពាណិជ្ជកម្ម។
រីឯ សេដ្ឋកិច្ចរបស់ប្រទេសចិនបង្ហាញពីភាពខ្លាំងខាងផលិតកម្ម និងវិធានការគោលនយោបាយសកម្ម។ ប៉ុន្តែ សេដ្ឋកិច្ចចិននៅតែងាយរងគ្រោះ ដោយសារការដាក់សម្ពាធពាណិជ្ជកម្មខាងក្រៅ និងអតុល្យភាពសេដ្ឋកិច្ចផ្ទៃក្នុងស្រុក៕CNBC៕
