រំលឹក​ឡើងវិញ​៖​ ​តើ​វេទិកា​រវាង​រាជរដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ ​ផ្តល់​ប្រយោជន៍អ្វី​ខ្លះ​​ដល់​សេដ្ឋកិច្ច​កម្ពុជា​?​

0

​ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ ​និង​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​កម្រិត​មធ្យម​នៅ​ឆ្នាំ២០៣០​ ​និង​ជា​ប្រទេស​មាន​ចំណូល​កម្រិតខ្ពស់​នៅ​ត្រឹម​ឆ្នាំ២០៥០​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេ​ញនូល​គោលនយោបាយ​រួម​មួយ​ដោយមាន​ការចូលរួម​ចំណែក​យ៉ាងសកម្ម​ ​និង​ជិតស្និទ្ធ​ពីសំណាក់​វិស័យ​ឯកជន​ក្រោយ​កម្មវិធី​ ​«​វេទិកា​រវាង​រាជរដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​»​។​

តាមរយៈ​កម្មវិធី​នេះ​ ​តើ​កម្ពុជា​នឹង​ទទួល​បានអ្វី​ខ្លះ​ ​ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​សេដ្ឋកិច្ច​?​

​អគ្គនាយក​ក្រុមហ៊ុន​ ​World​ ​Bridge​ ​Group​ ​លោក​ឧកញ៉ា​ ​សៀ​ ​រឹ​ទ្ធី​ ​បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​ជួបជុំគ្នា​ ​ពិភាក្សា​គ្នា​ ​តែងតែ​រក​ដំណោះស្រាយ​បាន​ ​ហើយ​ការ​ជួបជុំគ្នា​កាន់តែ​ញឹកញាប់​ ​កាន់តែ​បង្កើន​ទំនាក់ទំនង​គ្នា​កាន់​តែ​​ជិតស្និទ្ធ​រវាង​រាជរដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​មានការ​យល់ចិត្ត​គ្នា​ថា​ ​គួរតែ​ដើរតាម​ផ្លូវ​ណា​ ​ដើម្បី​ឱ្យ​មានការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច​ ​និង​ធ្វើ​ឱ្យ​ប្រជាជន​មាន​ជីវភាព​ល្អ​ប្រសើរ​។​ ​

​លោក​បន្ត​ថា​ ​“​តាមរយៈ​វេ​ទិ​ការ​មួយ​នេះ​ ​រាជរដ្ឋាភិបាល​ ​នឹង​ផ្តល់​ជា​មធ្យោបាយ​ក្នុង​ជួយ​សម្របសម្រួល​ណាមួយ​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​វិស័យ​ឯកជន​ ​ដែល​ជា​ប្រយោជន៍​រួម​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​មាន​កំណើន​ ​និង​ភាពល្អ​ប្រសើរ​”​។​ ​

​ជាមួយគ្នា​នេះ​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ​វេទិកា​នី​មួយ​ៗ​តែងតែ​យក​ធាតុ​ចូល​ពី​វិស័យ​ឯកជន​ ​ដូច្នេះ​ដើម្បី​កំណត់​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ដែល​ត្រូវ​ដាក់ចេញ​ដើម្បី​សេដ្ឋកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ ​ជា​រឿង​ដែល​ល្អ​បំផុត​។​ ​

ជាក់ស្ដែង​ក្នុងរយៈពេល២០ឆ្នាំ​ ​ដោយ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩៩​ ​រហូតមកដល់​ពេលនេះ​ ​រដ្ឋាភិបាល​បាន​ខិតខំ​ ​និង​ព្យាយាម​ដោះស្រាយ​ជាច្រើន​ជូន​ដល់​វិស័យ​ឯកជន​ ​ហើយក៏​បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ល្អ​ៗ​ ​ដែល​ជា​ការ​ផ្តល់​ឱកាស​ដល់​វិស័យ​ឯកជន​ទាំង​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នេះ​គឺជា​សារសំខាន់​ ​និង​ជា​ប្រយោជន៍​យ៉ាង​សំខាន់​នៃ​វេទិកា​មួយ​នេះ​។​

​លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ ​កន្លងមក​ប្រសិទ្ធភាព​នៃ​ការងារ​ ​គឺ​សហប្រធាន​ដែល​មាន​វិស័យ​ឯកជន​ម្នាក់​ ​និង​រដ្ឋមន្ត្រី​ពី​ផ្នែក​រដ្ឋាភិបាល​ម្នាក់​ ​ដែល​ក្នុង​នោះ​មាន១០ក្រុម​ ​គឺ​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​ជាមួយ​ថ្នាក់​រដ្ឋមន្ត្រី​។​ ​ការ​លំបាក​របស់​វិស័យ​ឯកជន​ ​មុន​ពេល​ឈាន​ចូល​ដល់​សម្ដេច​ ​គឺ​ត្រូវ​ដោះស្រាយ​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​សិន​ ​ប្រសិនបើ​ដោះស្រាយ​បាន​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​គឺ​យើង​បញ្ចប់​ត្រឹមហ្នឹង​តែម្ដង​ ​ប៉ុន្តែ​អ្វី​ដែល​ជា​ផល​លំបាក​ ​និង​ដោះស្រាយ​មិនបាន​ទើប​បញ្ជូន​ដល់​សម្ដេច​។​ ​

​លោក​បន្ត​ថា​ ​“​វេទិកា​នេះ​ហើយដែល​ជួយ​សោះ​ស្រាយ​នូវ​ផល​លំបាក​នានា​ ​របស់​វិស័យ​ឯកជន​បាន​ច្រើន​បំផុត​ ​រវាង​ក្រសួង​ពាក់ព័ន្ធ​រហូតដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ជា​អ្នក​វះកាត់​”​។​ ​

​ថ្មី​ៗ​កន្លងទៅ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​និង​កំពុង​ចាត់វិធានការ​កែប្រែទម្រង់​ដ៏​មុត​ស្រួច​ ​និង​ស៊ីជម្រៅ​ ​សម្ដៅ​កែ​លម្អ​នៃ​ការ​លើកស្ទួយ​ភាព​ប្រកួតប្រជែង​ ​ជាពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ ​ការកាត់បន្ថយ​ថ្លៃ​នៃ​ការ​ធ្វើ​ធុរកិច្ច​ ​ដូចជា​ការ​លុបបំបាត់​នូវ​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ​ ​ការ​កែសម្រួល​នូវ​មុខងារ​ ​និង​តួនាទី​របស់​កាំកុងត្រូល​ចេញពី​ការ​ត្រួតពិនិត្យ​ទំនិញ​ចេញចូល​ ​ការរំសាយ​អង្គភាព​កាំសាប​ ​ការ​កាត់​បន្ថយ​ថ្លៃ​ស្កែ​នកុង​ទី​ណ័រ​ ​និង​ថ្លៃ​សេវា​មួយចំនួន​ទៀត​ ​ការ​កែ​លម្អ​សេវា​ជាប់​ព័ន្ធ​ ​ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​រួម​ជាមួយនឹង​វិធានការ​សំ​ខាន់​ៗ​មួយចំនួន​ទៀត​ ​ដែល​ប្រយោជន៍​ធ្វើ​យ៉ាងណា​ឱ្យ​ថ្លៃដើម​ ​នៃ​ការផលិត​របស់​កម្ពុជា​មានការ​ចុះថោក​ ​ដែល​ជា​ការ​ផ្តល់​ឱកាស​ដល់​បណ្តា​ធុរជន​នៅ​កម្ពុជា​ ​ទទួល​បាន​នូវ​ផល​ចំណេញ​ ​ហើយ​មានលទ្ធភាព​ក្នុង​ការ​បង់ពន្ធ​សម្រាប់​ចូល​ទៅកាន់​ទីផ្សារ​របស់​ពួកគេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here