ដោយៈ សូរិយា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញសុទិដ្ឋិនិយមថា សេវាកម្មវាយតម្លៃអចលនទ្រព្យនៅកម្ពុជា នឹងកាន់តែមានសង្គតិភាព ព្រមទាំងផ្តល់ទំនុកចិត្តកាន់តែខ្លាំង ដល់អ្នកវិនិយោគដែលចង់មកបណ្តាក់ទុននៅកម្ពុជា។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA) កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយល់ព្រមឱ្យCVEA អាចចូលមើលព័ត៌មាន និងទាញយកទិន្នន័យមួយចំនួនស្តីពីប្លង់ក្បាលដី ដែលបានចុះបញ្ជីក្នុងប្រព័ន្ធរួចហើយ មកធ្វើជាមូលដ្ឋាននៃការវាយតម្លៃអចលនទ្រព្យ ឬពិនិត្យមើលសកម្មភាពនៃការទិញ លក់មួយចំនួនដែលបានកត់ត្រានៅក្នុងប្រព័ន្ធរបស់ខ្លួន។
-->
សមាគមCVEA បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ការវាយតម្លៃអចលនទ្រព្យ ដែលមានភាពច្បាស់លាស់ នឹងជួយឱ្យមានសង្គតិភាព ដើម្បីជាឧត្តមប្រយោជន៍របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប បានមានប្រសាសន៍ថា ការមានមូលដ្ឋានព័ត៌មាន និងទិន្នន័យនឹងជួយឱ្យការធ្វើការវិភាគ និងការវាយតម្លៃអចលនវត្ថុ កាន់តែមានភាពល្អប្រសើរ និងផ្តល់ទំនុកចិត្តកាន់តែខ្លាំងទៅដល់អតិថិជិន ព្រមទាំងអាចជួយទាក់ទាញវិនិយោគិនបរទេស ឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
លោកបន្តថា “អ្នកវិនិយោគតែងត្រូវការទីតាំង(អចលនទ្រព្យ)សម្រាប់ធ្វើការិយាល័យ ឬទីតាំងសម្រាប់សាងសង់រោងចក្រ”។
លោកបានថ្លែងថា នៅពេលភ្នាក់ងារ/ក្រុមហ៊ុនវាយតម្លៃមានព័ត៌មានពិតប្រាកដ ពីអចលនទ្រព្យកាន់តែច្រើន វានឹងធ្វើឱ្យការវាយតម្លៃកាន់តែមានភាពសុក្រិត ឆាប់រហ័ស និងបង្កើនទំនុកចិត្តកាន់តែច្រើនទៅដល់អតិថិជន និងអ្នកវិនិយោគ។ ការវាយតម្លៃបានលឿន និងត្រឹមត្រូវក៏ជួយដល់ផ្នែកហិរញ្ញវត្ថុផងដែរ។
លោកបានលើកឧទាហរណ៍ថា នៅពេលបុគ្គលម្នាក់ត្រូវការស្នើសុំឥណទានពីធនាគារ គឺធនាគារតែងទាមទាររបាយការណ៍ វាយតម្លៃទៅលើទ្រព្យបញ្ចាំ ដូចជា ប្លង់អចលនទ្រព្យជាដើម ដូច្នេះបើរបាយការណ៍មានភាពច្បាស់លាស់ គាត់ក៏ឆាប់ទទួលបានឥណទានដែរ។ ការទទួលបានឥណទានលឿន ក៏អាចជួយឱ្យអាជីវកម្មនានា ឆាប់មានលំនឹងល្អផងដែរ៕
