បណ្តាអ្នកវិនិយោគចិនកំពុងទិញអចលនទ្រព្យដោយស្ងាត់ៗនៅក្នុងបណ្តាប្រទេសចំនួន៥

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត DM News បានទម្លាយឱ្យដឹងថា បណ្តាវិនិយោគិនចិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបាននិងកំពុងទិញអចលនទ្រព្យដោយស្ងាត់ៗនៅក្នុងបណ្តាប្រទេសចំនួន៥ ដើម្បីធ្វើពិពិធកម្មទ្រព្យសម្បត្តិ និងការពារហានិភ័យនាពេលអនាគត។

ទី១: ប្រទេសអេមីរ៉ាត់អារ៉ាប់រួម

បណ្តាវិនិយោគិនចិនបានក្លាយជាតួអង្គសំខាន់នៅក្នុងវិស័យអចលនទ្រព្យរបស់ទីក្រុងឌូបៃ។ យោងតាមវេបសាយ Dao Insights បានឱ្យដឹងថា បច្ចុប្បន្ននេះ ជនជាតិចិនជាប្រភពវិនិយោគិនបរទេសធំជាងគេទី៤ នៅក្នុងទីក្រុងឌូបៃ ដោយគ្របដណ្តប់ចំណែក៨ភាគរយនៃការទិញអចលនទ្រព្យសរុបដោយជនបរទេសក្នុងឆ្នាំមុន។

ទីក្រុងឌូបៃបានដាក់ចេញគោលនយោបាយផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលវែង ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈចម្រុះកាន់តែខ្លាំងឡើង និងប្រកាន់ជំហរអព្យាក្រឹត ស្របពេលមានភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក។

ទី២: ប្រទេសអង់គ្លេស

ប្រទេសអង់គ្លេសនៅតែមានចំណុចពិសេស ដែលបណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនមិនអាចមាន ដូចជា ភាពប្រាកដប្រជាផ្នែកច្បាប់ ប្រព័ន្ធអប់រំដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងកិត្យានុភាពសកល។

ការទិញអចលនទ្រព្យនៅអង់គ្លេសនៅតែជាជម្រើសសម្រាប់គ្រួសារអ្នកមានជនជាតិចិន ដែលមានគោលបំណងបញ្ជូនកូនរបស់ពួកគេឱ្យទៅរៀននៅសាកលវិទ្យាល័យលំដាប់កំពូល ឬទិញដើម្បីការពារទ្រព្យសម្បត្តិ ក្នុងអំឡុងពេលមានអស្ថិរភាពក្នុងតំបន់។

ទី៣: ប្រទេសតួកគី

ប្រទេសតួកគីបានដាក់ចេញគោលនយោបាយផ្តល់សញ្ជាតិដល់ជនបរទេសដែលបានបោះទុនវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ ទឹកដីរបស់ប្រទេសនេះលាតសន្ធឹងលើទ្វីបចំនួន៣ រួមមាន អឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យប្រទេសតួកគីក្លាយជាគន្លឹះភូមិសាស្ត្រនយោបាយ។

ប្រទេសតួកគីជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ចិនក្នុងការវិនិយោគនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ ការទិញអចលនទ្រព្យនៅប្រទេសនេះប្រៀបដូចជាការភ្នាល់លើអនាគត ជាជាងផែនការសន្សំ។

ទី៤: ប្រទេសម៉ាឡេសុី

គម្រោងអចលនទ្រព្យធំៗនៅម៉ាឡេសុី ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិនដូចជា គម្រោងទីក្រុង Forest City បានជាប់គាំង។ ប៉ុន្តែ​ អតិថិជនជនជាតិចិន​ជាលក្ខណៈបុគ្គលម្នាក់ៗ​នៅតែបន្តឈានជើងចូលមកកាន់ម៉ាឡេសុី ជាពិសេសតាមរយៈគម្រោងទិដ្ឋាការ Malaysia My Second Home (MM2H) ដែលផ្តល់សិទ្ធិស្នាក់នៅរយៈពេលវែងដល់ជនបរទេស។

ទី៥: ប្រទេសឥណ្ឌូនេសុី

បណ្តាវិនិយោគ​ចិន​កំពុង​បង្ហាញ​វត្តមានលើការវិនិយោគនៅរដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី​​។ឥណ្ឌូនេស៊ីមានសន្ទុះកំណើនប្រជាសាស្ត្រ ធនធានធម្មជាតិ ដូចជា រ៉ែនីកែល និងការបើកចំហចំពោះភាពជាដៃគូផ្នែកហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសចិន៕ប្រភព: DM News៕

LEAVE A REPLY

Please enter your comment!
Please enter your name here