សារព័ត៌មានអន្តរជាតិៈ កំណើននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាកត្តាជំរុញរយៈពេលវែងសម្រាប់ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ

ភ្នំពេញ: ស្ថាប័នព័ត៌មានអន្តរជាតិមួយបានវាយតម្លៃថា ក្រៅ​ពី​កត្តា​កំណើនសេដ្ឋកិច្ចរឹងមាំ និង​ប្រជាសាស្រ្ត​ គេសង្កេតឃើញមាន​កត្តា​​ផ្សេងទៀត ​សម្រាប់​ជំរុញកំណើនទីផ្សារអចលនទ្រព្យ​ រយៈពេលវែង នៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។

គេហទំព័រ The Wandering Investor​បានលើកឡើងថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសមកពីប្រទេសចិន ចូលមកកាន់កម្ពុជាបានកើនឡើង ដោយផ្តោតលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI) ក្នុងគោលដៅតភ្ជាប់សេដ្ឋកិច្ចចិន ជាមួយដង្ហើមពាណិជ្ជកម្មពិភពលោក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់ការដឹកជញ្ជូន ការចែកចាយថាមពល និងការតភ្ជាប់អ៊ីនធឺណេត ហើយទីក្រុងភ្នំពេញ នឹងក្លាយជាចំណុចស្នូល នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ។

សារព័ត៌មានដដែលបានវាយតម្លៃថា ដោយសារបំណុលសាធារណៈមានកម្រិតទាប បូករួមនឹងភាពរឹងមាំនៃកំណើនសេដ្ឋកិច្ច ប្រទេសកម្ពុជាមានឱកាសផ្តល់ហិរញ្ញប្បទាន ដល់ការងារសាធារណៈបន្ថែមទៀត ដោយមិននាំប្រទេសឱ្យធ្លាក់ ទៅក្នុងស្ថានភាពមិនច្បាស់លាស់ឡើយ។

បច្ចុប្បន្ន កម្ពុជាមានកំពង់ផែទឹកជ្រៅមួយ ដែលអាចផ្ទុកកប៉ាល់ដឹកទំនិញធំៗ នៅខេត្តព្រះសីហនុ។ លើសពីនេះ ក្រុមហ៊ុន​ឯកជន​មួយ​ ក៏​បាន​ចាប់​ផ្តើម​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ទី​២ តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកំពត​ ក្បែរ​ព្រំដែន​ជាមួយប្រទេសវៀតណាម។

កំពង់ផែ​ទាំងពីរ​នេះ នឹង​ត្រូវ​ត​ភ្ជាប់​ដោយ​ផ្លូវ​ល្បឿន​លឿន​ទៅកាន់​រាជធានី​ភ្នំពេញ និង​ទីក្រុង​សំខាន់ៗ​ផ្សេងទៀត​។

បច្ចុប្បន្ន បណ្តាញផ្លូវដែកគ្រប់គ្រង ចំណែកបាន១ភាគរយប៉ុណ្ណោះ នៃចរាចរណ៍ដឹកជញ្ជូនទំនិញសរុបរបស់ប្រទេសកម្ពុជា។

គេហទំព័រ The Wandering Investor បានបន្តថា ដើម្បីពង្រីក និងធ្វើទំនើបកម្មផ្លូវដែក កម្ពុជាបានឆ្លងកាត់ការពិគ្រោះយោបល់ ជាមួ​យក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវដែកចិន។ កម្ពុជាក៏បាននិងកំពុងទិ​ញ​ក្បាលរថភ្លើងយ៉ាងសកម្ម និងព្យាយាមធ្វើឱ្យប្រសើរឡើងនូវខ្សែផ្លូវដែកដែលមានស្រាប់ និងស្វែងរកលទ្ធភាពពង្រីកបន្ថែម។

កម្ពុជា​បាន​បើកការដ្ឋានសាង​សង់ ​ព្រែកជីកហ្វូណនតេជោ​នៅ​ក្បែរ​រាជធានី​ភ្នំពេញ ដើម្បីនាំចេញទំនិញទៅក្រៅប្រទេស ដែលអាចជួយកាត់បន្ថយការពឹងផ្អែក លើផ្លូវទឹករបស់ប្រទេសវៀតណាម។ ស្របពេលជាមួយគ្នានេះ កម្ពុជាក៏កំពុងសាងសង់ផ្លូវល្បឿនលឿនថ្មី តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនវៀតណាម ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មផងដែរ។

ម្យ៉ាងវិញទៀត អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គ្រោងនឹងបើកដំណើរការ នៅខែកក្កដា ឆ្នាំ២០២៥។ នៅក្នុងដំណាក់កាលដំបូង អាកាសយានដ្ឋាននេះ នឹងអាចផ្ទុកអ្នកដំណើរបាន១៣លាននាក់ ក្នុងមួយឆ្នាំ។

កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​ប្រទេសប្រើប្រាស់ប្រាក់​ដុល្លារអាមេរិកជាចម្បង និង​ជា​គោលដៅសម្រាប់ការវិនិយោគ ប្រកបដោយ​សុវត្ថិភាព​នៅ​តំបន់អាស៊ី។

ស្របពេលមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយទូទាំងពិភពលោក បណ្តាអ្នកវិនិយោគជាច្រើន នៅតំបន់អាស៊ីបានទិញអចល​នទ្រព្យនៅក្នុងប្រទេសកម្ពុជា ព្រោះតម្លៃអចលន​ទ្រព្យ​ភាគច្រើននៅ​កម្ពុ​​ជា​ត្រូវ​បាន​គិតជា​ប្រាក់​ដុល្លារ​៕ ប្រភព: The Wandering Investor​៕

LEAVE A REPLY

Please enter your comment!
Please enter your name here