ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍នៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ (តំបន់K4) ខុសៗគ្នា អាស្រ័យលើស្ថានភាពភូមិសាស្រ្ត និងបរិស្ថានធម្មជាតិ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រាជរដ្ឋាភិបាលបាននិងកំពុងចាប់ផ្តើម និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍នៅខេត្តជាប់តំបន់ឆ្នេរទាំងបួន ក្នុងទម្រង់ខុសៗគ្នា ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងនោះខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលរៀបចំជាតំបន់សេដ្ឋកិច្ចពហុបំណង។
-->
ខេត្តកោះកុងនឹងរៀបចំជាតំបន់អេកូទេសចរណ៍ ខេត្តកំពតជាតំបន់ទេសចរណ៍បេតិកភ័ណ្ឌ និងកសិទេសចរណ៍ និងខេត្តកែបនឹងរៀបចំជាតំបន់ទេសចរណ៍លំហែកាយកម្រិតខ្ពស់។
លោកបន្តថា “រដ្ឋាភិបាលនឹងមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាស និងកាស៊ីណូនៅខេត្តកែបនោះទេ ដោយរដ្ឋាភិបាលនឹងរៀបចំតំបន់នេះ ជាតំបន់ទេសចរណ៍បែបពិសិដ្ឋ”។លោកបន្តថា “ខេត្តនិមួយៗ សុទ្ឋតែមានសក្តានុពលរៀងៗខ្លួន ហេតុនេះទើបរ ដ្ឋាភិបាលមានផែនការជាក់លាក់ ដើម្បីអភិវឌ្ឍន៍និងទាញយកសក្តានុពលពីវិស័យទេសចរណ៍”។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏លើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជន ដើម្បីវិនិយោគផ្ទះលំហែរកាយទី២ (Second Home) សំរាប់ភ្ញៀវទេសចរណ៍វ័យចំណាស់ឬភ្ញៀវទេសចរណ៍ចូលនិវត្តន៍ផងដែរ ប៉ុន្តែតម្រូវឲ្យអ្នកវិនិយោគឯកជនមានដីចាប់ពី១០០ហិកតាឡើងទៅ ដើម្បីរៀបចំគំរោងរបស់ពួកគេ ហើយត្រូវដាក់ឆ្លងក្រសួងពិនិត្យនឹងសម្រេច។ នេះបើតាមលោកថោង ខុនបញ្ជាក់ឲ្យដឹង។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា គំនិតនៃការរៀបចំបែបនេះពិតជាល្អប្រសើរ ដោយសារវិស័យឯកជនក៏ចង់បានបែបនេះ ព្រោះងាយស្រួលឲ្យវិស័យឯកជនងាយស្រួលរៀបចំខ្សែទស្សនកិច្ច ដោយមានផលិតផលច្រើន និងងាយស្រួលបង្ហាញភ្ញៀវទេសចរណ៍ពីព៌ណខុសៗគ្នា នៃផលិតផលទេសចរណ៍តំបន់ឆ្នេររបស់យើង។
លោកបន្តថា “វិស័យទេសចរណ៍នៅតំបន់ឆ្នេរ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមនិន្នាការទេសចរណ៍ពិភពលោក និងការរៀបចំព្រឹត្តិការណ៍នានារបស់រដ្ឋាភិបាល”៕