ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ អ្នកជំនាញទេសចរណ៍បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាមិនជាខ្វះផលិតផលទេសចរណ៍នោះទេ តែអ្វីដែលសំខាន់គឹការផ្សព្វផ្សាយឲ្យបានទូលំទំលាយ និងកែឆ្នៃវាឲ្យទៅជាតំបន់ទេសចរណ៍ឲ្យមានការទាក់ទាញ។

ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក-កម្ពុជា (PATA) លោកធួន ស៊ីណាន បានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា ការវិនិយោគលើផលិតផលទេសចរណ៍កែឆ្នៃ ដូចជា ភ្នំពេញសាហ្វារីវើលដ៏ និងផលផលិតទេសចរណ៍ដទៃទៀតពិតជាមានសារៈសំខាន់ណាស់ ដែលប្រទេសកម្ពុជាមិនអាចខ្វះបានឡើយ ហើយលោកស្វាគមន៍រាល់គម្រោងវិនិយោគទាំងអស់ តែអ្វីដែលសំខាន់នោះ មិនមែនគ្រាន់តែបង្កើតកន្លែងកម្សាន្តហើយ នៅស្ងៀមនោះទេត្រូវតែមានការចូលរួមផ្សព្វផ្សាយ និងចូលរួមសកម្មភាពទាំងឡាយណារបស់សង្គម ដើម្បីជាប្រយោជន៍ដល់ការរីកចម្រើន និងទាក់ទាញទេសចរណ៍។
-->
លោកបន្តថា “ការបង្កើតទាំងនេះ ដើម្បីបង្កើតការទាក់ទាញទេសចរណ៍ហើយ តែមានក្រុមហ៊ុនជាច្រើន មិនទាន់បានដាក់បញ្ចូលទៅក្នុងកញ្ចប់ទេសចរណ៍នៅឡើយទេ”។ លោកបន្តថា “យើងមិនគ្រាន់តែវិនិយោគហើយ មិនមានការផ្សព្វផ្សាយនោះទេ លុះត្រាតែណាយើងចូលរួមផ្សព្វផ្សាយ និងបង្ហាញខ្លួន ព្រមទាំងចូលរួមកិច្ចការងារសង្គមឲ្យបានច្រើន ឬចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលកម្ពុជាមាន”។
លោកបន្ថែមថា បើពួកគាត់ (អ្នកវិនិយោគ) មិនចូលរួមជាមួយព្រឹត្តិការណ៍ទាំងអស់ហ្នឹងផង តើអោយគេទៅរកពួកគាត់ម្តេចកើត នេះគឺជាឧបសគ្គមួយដែលមិនមានភ្ញៀវទេសចរណ៍ទៅលេងច្រើន ពីព្រោះភាគច្រើនពួកគេតែងតែគិតថា ទេសចរណ៍ស្គាល់កន្លែងគាត់ ហើយដោយសារគាត់មានលុយ ដោយមិនចាំបាច់ផ្សព្វផ្សាយអ្វីឡើយ”។

លោកថា “ទោះបីមានផលិតផលទេសចរណ៍ល្អយ៉ាងណាក៏ដោយ បើមិនមានបង្ហាញខ្លួននៅលើទីផ្សារទេសចរណ៍ គ្មានទេសចរណ៍ណាស្គាល់ និងមកលេងកម្សាន្តនោះទេ”។
ជាមួយគ្នានេះលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការវិនិយោគលើមជ្ឈមណ្ឌលកំសាន្ត និងរមណីយដ្ឋានទេសចរណ៍កែច្នៃច្រើន តែភាពទាក់ទាញហាក់នៅមានកម្រិតនៅឡើយ ហេតុនេះបើសិនជាពួកគេរៀបចំបានល្អ និងឲ្យកាន់តែមានភាពទាក់ទាញជារឿងល្អប្រសើរ ហើយក្នុងវិស័យឯកជននឹងចូលរួមផ្សព្វផ្សាយ ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគ ដែលបានចំណាយទុនអស់រាប់លានដុល្លារអាមេរិក។

លោកបន្តថា “យ៉ាងណាក៏ដោយអ្នកវិនិយោគរមណីយដ្ឋាន ឬមណ្ឌលទេសចរណ៍កែច្នៃគួរធ្វើក្នុងប្រភេទខុសៗគ្នា ដើម្បីកុំឲ្យមានការប្រកួតប្រជែងគ្នា ហើយចុងក្រោយនឹងស្លាប់ជាមួយគ្នា”៕