អ្នកជំនាញ​ទេសចរណ៍​ថា​ ​មានការ​វិនិយោគ​លើ​វិ​ផលិតផល​ទេសចរណ៍​ច្រើន​​តែ​ខ្វះ​ការ​ផ្សព្វផ្សាយ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

ភ្នំពេញ​៖​ ​អ្នកជំនាញ​ទេសចរណ៍​បាន​លើកឡើង​ថា​ ​នៅក្នុង​ប្រទេស​កម្ពុជា​មិនជា​ខ្វះ​ផលិតផល​ទេសចរណ៍​នោះ​ទេ​ ​តែ​អ្វី​ដែល​សំខាន់​គឹ​ការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទំ​លាយ​ ​និង​កែ​ឆ្នៃ​វា​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​ឲ្យ​មានការ​ទាក់ទាញ​។​

​ប្រធាន​សមាគម​ទេសចរណ៍​ ​អាស៊ី​ប៉ាស៊ីហ្វិក​-​កម្ពុជា​ ​(​PATA​)​ ​លោក​ធួន​ ​ស៊ី​ណាន​ ​បាន​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ការ​វិនិយោគ​លើ​ផលិតផល​ទេសចរណ៍​កែ​ឆ្នៃ​ ​ដូចជា​ ​ភ្នំពេញ​សា​ហ្វា​រី​វើល​ដ៏​ ​និង​ផល​ផលិត​ទេសចរណ៍​ដទៃទៀត​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ដែល​ប្រទេស​កម្ពុជា​មិន​អាច​ខ្វះ​បាន​ឡើយ​ ​ហើយ​លោក​ស្វាគមន៍​រាល់​គម្រោង​វិនិយោគ​ទាំងអស់​ ​តែ​អ្វី​ដែល​សំខាន់​នោះ​ ​មិនមែន​គ្រាន់តែ​បង្កើត​កន្លែង​កម្សាន្ត​ហើយ​ ​នៅ​ស្ងៀម​នោះ​ទេ​ត្រូវតែ​មានការ​ចូលរួម​ផ្សព្វផ្សាយ​ ​និង​ចូលរួម​សកម្មភាព​ទាំងឡាយ​ណា​របស់​សង្គម​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​រីកចម្រើន​ ​និង​ទាក់ទាញ​ទេសចរណ៍​។​

​លោក​បន្ត​ថា​ ​“​ការបង្កើត​ទាំងនេះ​ ​ដើម្បី​បង្កើត​ការ​ទាក់ទាញ​ទេសចរណ៍​ហើយ​ ​តែ​មាន​ក្រុមហ៊ុន​ជាច្រើន​ ​មិនទាន់​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​កញ្ចប់​ទេសចរណ៍​នៅឡើយ​ទេ​”​។​ ​លោក​បន្ត​ថា​ ​“​យើង​មិនគ្រាន់​តែ​វិនិយោគ​ហើយ​ ​មិន​មានការ​ផ្សព្វផ្សាយ​នោះ​ទេ​ ​លុះត្រាតែ​ណា​យើង​ចូលរួម​ផ្សព្វផ្សាយ​ ​និង​បង្ហាញខ្លួន​ ​ព្រមទាំង​ចូលរួម​កិច្ចការ​ងារ​សង្គម​ឲ្យបាន​ច្រើន​ ​ឬ​ចូលរួម​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ដែល​កម្ពុជា​មាន​”​។​

​លោក​បន្ថែម​ថា​ ​បើ​ពួកគាត់​ ​(​អ្នក​វិនិយោគ​)​ ​មិន​ចូលរួម​ជាមួយ​ព្រឹត្តិ​ការណ៍​ទាំងអស់​ហ្នឹង​ផង​ ​តើ​អោយ​គេ​ទៅ​រក​ពួកគាត់​ម្តេច​កើត​ ​នេះ​គឺជា​ឧបសគ្គ​មួយ​ដែល​មិន​មាន​ភ្ញៀវ​ទេសចរណ៍​ទៅលេង​ច្រើន​ ​ពីព្រោះ​ភាគច្រើន​ពួកគេ​តែងតែ​គិតថា​ ​ទេសចរណ៍​ស្គាល់​កន្លែង​គាត់​ ​ហើយដោយ​សារ​គាត់​មាន​លុយ​ ​ដោយ​មិន​ចាំបាច់​ផ្សព្វផ្សាយ​អ្វី​ឡើយ​”​។​

​លោក​ថា​ ​“​ទោះបី​មាន​ផលិតផល​ទេសចរណ៍​ល្អ​យ៉ាងណាក៏ដោយ​ ​បើ​មិន​មាន​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​ទេសចរណ៍​ ​គ្មាន​ទេសចរណ៍​ណា​ស្គាល់​ ​និង​មកលេង​កម្សាន្ត​នោះ​ទេ​”​។​

​ជាមួយគ្នា​នេះ​លោក​ ​ហូ​ ​វណ្ឌី​ ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​មានការ​វិនិយោគ​លើ​មជ្ឈមណ្ឌល​កំសាន្ត​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ​ច្រើន​ ​តែ​ភាព​ទាក់ទាញ​ហាក់​នៅ​មានកម្រិត​នៅឡើយ​ ​ហេតុនេះ​បើសិនជា​ពួកគេ​រៀបចំ​បាន​ល្អ​ ​និង​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ជា​រឿង​ល្អ​ប្រសើរ​ ​ហើយ​ក្នុង​វិស័យ​ឯកជន​នឹង​ចូលរួម​ផ្សព្វផ្សាយ​ ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ​ដែល​បាន​ចំណាយ​ទុន​អស់​រាប់​លាន​ដុល្លារ​អាមេរិក​។​

​លោក​បន្ត​ថា​ ​“​យ៉ាងណាក៏ដោយ​អ្នក​វិនិយោគ​រមណីយដ្ឋាន​ ​ឬ​មណ្ឌល​ទេសចរណ៍​កែច្នៃ​គួរ​ធ្វើ​ក្នុង​ប្រភេទ​ខុស​ៗ​គ្នា​ ​ដើម្បីកុំឲ្យ​មានការ​ប្រកួតប្រជែង​គ្នា​ ​ហើយ​ចុងក្រោយ​នឹង​ស្លាប់​ជាមួយគ្នា​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here