រដ្ឋាភិបាលសិង្ហបុរីគ្រោងប្តូរដីជាមួយម៉ាឡេសុីដើម្បីសាងសង់គម្រោងលំនៅដ្ឋានតម្លៃរាប់ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Vnexpress បានរាយការណ៍ឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសសិង្ហបុរីគ្រោងយកដីមួយកន្លែងស្ថិតនៅក្នុងតំបន់លំនៅដ្ឋានថ្លៃបំផុតរបស់ខ្លួនទៅប្ដូរជាមួយនឹងដីទំនេរដ៏ធំមួយ ដែលជាកម្មសិទ្ធិរបស់បុត្រច្បងនៃស្តេចម៉ាឡេស៊ីបច្ចុប្បន្ន។

ព្រះអង្គម្ចាស់ Tunku Ismail ដែលជារាជទាយាទនៃរដ្ឋ Johor បានកាន់កាប់ដីទំហំ២១,១ហិកតាតាមបណ្តោយផ្លូវ Holland ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅជិតសួនរុក្ខសាស្ត្រ Botanic Gardens របស់ប្រទេសសិង្ហបុរី ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ទ្រព្យសម្បត្តិរបស់គ្រួសាររាជវង្សម៉ាឡេសុីត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន៥,៧ពាន់លានដុល្លារកាលពីឆ្នាំមុន។

អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងនៃប្រទេសសិង្ហបុរី(URA)បានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រដ្ឋាភិបាលសិង្ហបុរីបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីប្តូរក្បាលដី ដែលនៅជាប់គ្នាជាមួយម៉ាឡេសុី។

យោងតាមអាជ្ញាធរបានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះអង្គម្ចាស់ Tunku Ismail នឹងផ្ទេរដីចំនួន១៣ហិកតាស្ថិតនៅជិតសួន Botanic Gardens ទៅកាន់រដ្ឋាភិបាលសិង្ហបុរី ហើយសិង្ហបុរីនឹងផ្តល់ឱ្យមកវិញនូវដីទំហំ៨,៥ហិកតានៅក្បែរនោះ។

តំបន់នេះស្ថិតនៅជិតស្ថានទូតជាច្រើន និងជាសង្កាត់ផ្សារទំនើប Orchard Road ដ៏លេចធ្លោរបស់សិង្ហបុរី ដែលមានអចលនទ្រព្យថ្លៃបំផុត ជាពិសេសលំនៅដ្ឋានប្រណីតធំៗ ដែលត្រូវបានលក់ចេញក្នុងតម្លៃរាប់សិបលានដុល្លារ។

ការពិភាក្សាអំពីការប្រែក្លាយដីនេះទៅជាគម្រោងលំនៅដ្ឋានប្រណីតតម្លៃរាប់ពាន់លានដុល្លារបានបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក Alan Cheong អ្នកជំនាញនៅក្រុមហ៊ុន Savills Singapore បានលើកឡើងថា ដោយសារមានការរឹតបន្តឹងឱ្យសាងសង់អគារត្រឹមតែកម្ពស់៤ជាន់នៅក្នុងតំបន់នោះ ការអភិវឌ្ឍន៍លំនៅដ្ឋាននៅទីនោះអាចមានអគារអាផាតមុិនទាបៗ ឬលំនៅដ្ឋានប្រភេទ Good Class Bungalows៕

LEAVE A REPLY

Please enter your comment!
Please enter your name here