ក្រុមមន្ត្រីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ពិភាក្សាពីដំណើរឆ្ពោះទៅឆ្នាំ២០៥០របស់កម្ពុជា

0

ដោយៈ និស្ស័យ

    ភ្នំពរញៈ ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បានជួបពិភាក្សាគ្នា លើដំណើរកម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យ ឆ្នាំ២០៥០របស់កម្ពុជា ដែលរដ្ឋាភិបាលគ្រោងប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

សិក្ខាសាលាកម្រិតជាតិកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពី លោកទេសរដ្ឋមន្ត្រីលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាននិងសមាជិកនៃក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការជាមួយនឹងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូ របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តំណាង​ក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និង​វិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិ​ផងដែរ។

សិក្ខាសាលានេះ​ មានគោលបំណង ពិភាក្សានិងផ្លាស់ប្តូរយោប​ល់ ព្រមទាំងឆ្លុះបញ្ចាំងឱ្យបានស៊ីជម្រៅ និងជាយុទ្ធសាស្ត្រ ក្នុងការរិះរកមធ្យោបាយ ដែលអាចឱ្យកម្ពុជាបង្កើនភាពប្រកួតប្រជែង ភាពធន់ និង បរិយាប័ន្ន នៅក្នុងបរិបទសកលដែលមានភាពស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបាន។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា “ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់​ និងយកចិត្ដទុកដាក់”។

អ្វីដែលត្រូវយកចិត្តទុកដាក់ ផ្តោតកំណត់លើចំណុចសំខាន់២ ដូចជា ទី១ កម្ពុជាត្រូវកំណត់បំណងប្រាថ្នា (Aspiration) សម្រាប់រយៈពេល២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណង និងគោលដៅ     រយៈពេលវែង ដែលជាការតម្រង់ទិសការខិតខិតប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា ទីទី២ ការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាន នូវគោលបំណងនិងគោលដៅទាំងនេះ ដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុង ការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។

ជាមួយគ្នានេះ លោកស្រី Tania Meyer បានលើកឡើងនូវចំណុចសំខាន់ៗ មួយចំនួនសម្រាប់ការរៀបចំ ចក្ខុវិស័យកម្ពុជាក្នុងនោះកម្ពុជាត្រូវមានបំណងប្រាថ្នា ជាប្រទេសមានចំណូលខ្ពស់ ផលិតភាពខ្ពស់ បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងគុណភាពជីវិតខ្ពស់ កម្ពុជាត្រូវកសាងភាពធន់ ដោយប្រើប្រាស់ចំណេះដឹងសាកល ហើយកម្ពុជាត្រូវពិចារណា លើការប្រើប្រាស់ម៉ូដែល ដែលផ្ដោតលើផលិតភាព សំដៅសម្រេចបានជាប្រទេសចំណូលខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រីវង្សី វិស្សុតបានបន្ថែមថា កម្ពុជាស្ថិតក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិស សម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបានកសាងផ្អែក លើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផល នៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

លោកបន្តទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា ការបែកខ្ញែក និងភាពស្មុគស្មាញនៃបរិបទសេដ្ឋកិច្ចសកល និងតំបន់ ទាមទារឱ្យកម្ពុជាត្រូវគិតគូរ រៀបចំនិងអនុវត្តយុទ្ធសាស្រ្ត និងគោលនយោបាយ ប្រកបដោយភាពជាក់ស្តែងនិយម និងប្រុងប្រយ័ត្នខ្ពស់​ សំដៅសម្រេចនូវកំណើនសេដ្ឋកិច្ច ចំពោះមុខរយៈពេលមធ្យម និងវែងទៅមុខ។

លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចថា ក្នុងរយៈពេល​ជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំនើន​ជាមធ្យម៧%ក្នុងមួយឆ្នាំ ប៉ុន្តែក៏បានកត់សម្គាល់នូវបញ្ហាម៉ូឌែលកំណើនកម្ពុជា ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំង ពីបរិយាកាសខាងក្រៅ។

លោកបន្តថា ការណ៍នេះទាមទារឱ្យកម្ពុជា គិតគូរកែសម្រួលម៉ូឌែលកំណើន និងការផ្លាស់ប្តូរផ្ទៃក្នុង ឱ្យមានលក្ខណៈយុទ្ធសាស្ត្រ ផ្អែកលើចំណេះដឹងសកល ដឹកមុខដោយនវានុវត្តន៍ និងអាចឆ្លើយតបទៅនឹងការប្រែប្រួលនូវចលនាការសកល។

ចំណែកលោក Aaditya Mattoo សេដ្ឋវិទូធនាគារពិភពលោកបានលើកឡើងនូវខ្លឹមសារសំខាន់ៗ ដែលជារបបគំឃើញគន្លឹះៗ នៃរបាយការណ៍របស់ធនាគារពិភពលោក ដោយផ្តោតលើផលិតភាព ការអភិវឌ្ឍសេវាកម្ម និងការប្រមើមើលការងារអនាគត ដែលក្នុងនោះរួមមាន ១. ការបន្ដពង្រឹងការអភិវឌ្ឍ និងបង្កើនផលិតភាពក្នុងវិស័យសេវាកម្ម ដូចជាសេវាកម្មបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលជាដើម ដែលនឹងបង្កើនផលិតភាពខ្ពស់ ដល់វិស័យឧស្សាហកម្ម និងកម្មន្ដសាល។

២. ការគិតគូរពីការងារអនាគត (Future Jobs) ដោយផ្តោតលើស្ថានភាពទីផ្សារពលកម្ម ដូចជា ប្រភេទការងារដែលត្រូវការ ការបង្កើត និងការប្រមើមើលលើការងារថ្មី និងការបំពាក់ជំនាញថ្មីសម្រាប់ប្រជាជន។

៣. ការគិតគូរអំពីបញ្ហាបន្ទាន់ និងភាពប្រឡាក់ក្រឡាគ្នា រវាងបច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍភាពធន់ទៅនឹងអាកាសធាតុ និង៤.
ការវិវត្តនៃរបៀបរបបធ្វើការ ដោយការកើនឡើងនូវម៉ាស៊ីនស្វ័យប្រវត្តិ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here